រាងកាយរបស់មនុស្សម្នាក់ៗតែងតែមានក្លិនផ្សេងៗពីគ្នាពីធម្មជាតិ ហើយទារកទើបនឹងកើតក៏មានប្រព័ន្ធរំញោចចេញពីច្រមុះដែលអាចស្រង់ក្លិនបានផងដែរ។ ដោយសារតែទារកអាចស្គាល់ក្លិនពីសុដន់ ដែលគេបានបៅប្រលែងលេងរាប់ភ្លេច ហេតុនេះនៅពេលដែលអ្នកម្តាយលើកបីថ្នមៗភ្លាម ពួកគេនឹងមានអារម្មណ៍កក់ក្តៅឆាប់គេងលក់ វាផ្ទុយពីដទៃគ្រាន់តែប៉ះ ពួកគេនឹងស្រែកយំភ្លាម។
តើមូលហេតុអ្វីដែលធ្វើឲ្យកូនចូលចិត្តក្លិនម្តាយ ហើយឆាប់គេងលក់?
១.ការស្រង់ក្លិនអ្នកម្តាយធ្វើឲ្យកូនមានអារម្មណ៍ធូរស្បើយ ព្រោះភ្នែកពួកគេមិនទាន់មើលឃើញអ្វីនៅឡើយ បន្ទាប់ពីចាប់កំណើត។ ដូច្នេះពួកគេនឹងមានអារម្មណ៍ចង់គេង នៅពេលធុំក្លិនអ្នកម្តាយ ឬក្លិនទឹកដោះនៅលើដើមទ្រូង។
២.ចាប់តាំងពីទារកស្ថិតក្នុងស្បូនរបស់អ្នកម្តាយរយៈពេល ៩ខែ កូនបានស្គាល់ក្លិន និងភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងអ្នកម្តាយរួចទៅហើយ។ ហេតុនេះពួកគេនឹងមានអារម្មណ៍ស្ងប់ស្ងាត់ នៅពេលដែលពួកគេបាននៅក្បែរខ្លួនអ្នកម្តាយ។
ដូច្នេះតើអ្នកម្តាយគ្រប់រូបត្រូវតែនៅក្បែរកូនជានិច្ចមែនទេ? ដើម្បីកុំឲ្យកូនតាមអ្នកជាប់ សូម្បីតែមួយជំហ៊ានក៏ដើរចេញមិនបានផងនោះ អ្នកត្រូវព្យាយាមរករបស់ដែលមានក្លិនក្រអូបប្លែកៗដាក់នៅក្បែរទារក យូរៗទៅពួកគេនឹងធ្លាប់ ទោះបីជាអត់មានម្តាយនៅក្បែររយៈពេលខ្លីក៏ពួកគេនៅតែគេងលក់ស្រួលដែរ៕