ភាពឆ្លាតវៃ និងការចង់ចាំល្អ មិនមែនបានមកពីកំណើតតែមួយមុខគត់នោះទេ ពេលខ្លះវាក៏គួបផ្សំជាមួយនឹងបទពិសោធន៍ក្នុងការអប់រំកូនផងដែរ។ ដូច្នេះជំនួយការដ៏សំខាន់ដែលមិនអាចមើលរំលងបាន គឺឪពុកម្តាយត្រូវមានតួនាទីលើកកម្ពស់ក្នុងការបង្កើនអនុភាពឆ្លាតវៃ និងចង់ចាំរបស់កុមារ តាមរយៈគន្លឹះ៣ចំណុចបន្ថែមទៀត។
១.កុំដាក់សម្ពាធលើកូន
តើអ្នកដឹងទេ សម្ពាធគឺជាសត្រូវនៃការចងចាំរបស់កុមារ? អ្នកមិនត្រូវដាក់សម្ពាធឲ្យកូនត្រូវតែឆ្លាត ឬពូកែគ្រប់ពេលគ្រប់រឿងនោះទេ ព្រោះវាធ្វើឲ្យកុមារចាប់ផ្តើមមិនសប្បាយចិត្ត ហើយបង្កផលអាក្រក់ដល់ខួរក្បាល និងការចង់ចាំរបស់កុមារ។ ទីបំផុតខួរក្បាលនឹងបញ្ជូនព័ត៌មានទៅប្រព័ន្ធដែលកំពុងចាប់ផ្តើមគិតថា មានបញ្ហា។ យកល្អអ្នកត្រូវប្រើវិធីត្រជាក់ គឺការបញ្ចុះបញ្ចូល លោងលោម ឬលើកទឹកចិត្ត ទើបពួកគេមានអារម្មណ៍ល្អក្នុងការគិត។
២.ជួយឲ្យកូនចងចាំជីវិតប្រចាំថ្ងៃ
ព្យាយាមបង្កើតល្បែងសាមញ្ញៗ ដូចជាចង់ចាំពាក្យអង់គ្លេសនៅលើផ្លាសញ្ញាតាមដងផ្លូវនានា ថាវាមានន័យយ៉ាងម៉េច? ឬឲ្យកូនរបស់អ្នកចង់ចាំលេខទូរស័ព្ទរបស់អ្នក ឬក៏ប្រភេទរថយន្តរបស់អ្នកជាដើម។ ដើម្បីឲ្យកូនសប្បាយរីករាយជាមួយអ្វីដែលកើតឡើងរាល់ថ្ងៃ អ្នកត្រូវបង្កើតសកម្មភាពរួមគ្នារវាងឪពុកម្តាយ និងកូន។
៣.ព្យាយាមរកសៀវភៅដែលកូនចូលចិត្ត
ប្រសិនបើអ្នកចង់ឲ្យកូនមានភាពឆ្លាតវៃដោយគ្មានការដាក់សម្ពាធ ត្រូវរកសៀវភៅរឿងនិទានណាដែលកូនរបស់អ្នកចូលចិត្តតាំងពីតូច ហើយចាប់ផ្តើមឲ្យពួកគេមើលរូបភាពបណ្តើរ អ្នកត្រូវអានរឿងនិទាននោះឲ្យពួគេស្តាប់បណ្តើរ។ ធ្វើបែបនេះពួកគេនឹងមានអារម្មណ៍ស្រមើលស្រមៃទៅតាមសាច់រឿង និងកាន់តែចូលចិត្តសៀវភៅខ្លាំងឡើង។ លើកក្រោយពួកគេនឹងខិតខំអានបន្ថែមដោយខ្លួនឯងរហូតទាល់តែចេះស្ទាត់ ដោយសារតែចង់ដឹងពីសាច់រឿង។
ក្រៅពីនេះ អ្នកកុំភ្លេចផ្តល់អាហារដែលសម្បូរទៅដោយវីតាមីន ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ព្រោះអាហារមិនត្រឹមតែជួយឲ្យកុមារមានសុខភាពល្អនោះទេ វាក៏អាចជួយជំរុញឲ្យខួរក្បាលមានភាពឆ្លាតវៃផងដែរ៕