Skip to content

ប្រយ័ត្ន! កូនគេងតិចមានផលអាក្រក់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត

ការគេង ពិតជាមានសារៈសំខាន់ណាស់ចំពោះកុមារ ព្រោះរាងកាយរបស់ពួកគេកំពុងតែស្ថិតក្នុងដំណាក់កាលលូតលាស់ ហើយរាងកាយត្រូវការផលិតសារធាតុម្យ៉ាងដែលហៅថា អ័រម៉ូនលូតលាស់ដើម្បីជំរុញដល់ការលូតលាស់ និងការអភិវឌ្ឍ។

ចុះបើកូនរបស់អ្នកគេងមិនបានគ្រប់គ្រាន់ តើមានអ្វីកើតឡើង? ជាការពិតណាស់រាងកាយរបស់ក្មេងលូតលាស់មិនបានពេញលេញនោះទេ ចំណែកឯខួរក្បាលលូតលាស់យឺត ហើយកាន់តែអាក្រក់ជាងនេះទៅទៀតគឺមានបញ្ហាសុខភាពផ្លូវចិត្តដូចជា ស្ត្រេសច្រើន ពូកែរអ៊ូរទាំ និងឈ្លើយ។

រោគសញ្ញានៃការគេងមិនបានគ្រប់គ្រាន់មានដូចជា៖ ងងុយគេង អស់កម្លាំង ចូលចិត្តគេងនៅក្នុងថ្នាក់រៀន ឆាប់ខឹង ស្ត្រេស តានតឹង ភ័យខ្លាចជាដើម។

ផលប៉ះពាល់នៃការគេងតិចតួច៖

១.ជាញឹកញាប់តែងតែមានអារម្មណ៍មិនល្អ ទប់អារម្មណ៍ខ្លួនឯងមិនបាន ឆាប់ខឹងចំពោះអ្វីដែលខ្លួនធ្វើមិនបាន។

២.ខ្វះការផ្តោតអារម្មណ៍ មិនយកចិត្តទុកដាក់ចំពោះកិច្ចការ ឬការសិក្សា។

៣.កើតជំងឺធ្លាក់ទឹកចិត្ត មិនចូលចិត្តមានមិត្តភក្តិ។

៤.មានទម្លាប់គេងយឺត ហើយមិនចូលចិត្តភ្ញាក់ពីព្រលឹម។

វិធីជំរុញឲ្យកូនឆាប់គេង និងគេងបានគ្រប់គ្រាន់៖

១.និយាយលេងជាមួយកូនមុនពេលចូលគេង ដើម្បីឲ្យពួកគេមានអារម្មណ៍ថា មានសុវត្ថិភាព និងភាពកក់ក្តៅហូតដល់គេងលក់។

២.ទម្លាប់ឲ្យពួកគេចូលគេងឲ្យបានទៀងពេល។

៣.ព្យាយាមដាស់កូនឲ្យភ្ញាក់ពីព្រលឹម នឹងបង្កើតទម្លាប់លុបលាងមុខ ដុសធ្មេញ ងូតទឹក និងញ៉ាំអាហារពេលព្រឹក។

៤.កំណត់ឲ្យពួកគេមើលទូរទ្សន៍ ឬមើលទូរស័ព្ទមិនលើសពី ២០នាទី មុនពេលចូលគេង។

ដើម្បីបង្កើតគុណភាពជីវិតល្អសម្រាប់កូន ធ្វើឲ្យពួកគេធំឡើងក្លាយជាក្មេងឆ្លាត និងមានចរិកល្អ អាណាព្យាបាលទាំងឡាយគួរតែរកវិធីឲ្យកូនគេងឲ្យបានគ្រប់គ្រាន់៕