ថ្ងៃចាប់កំណើតរបស់កូន គឺជាថ្ងៃដែលឪពុកម្តាយទាំងឡាយសប្បាយចិត្តខ្លាំងបំផុត ព្រោះពួកគេទទួលបានរបស់ដ៏មានតម្លៃស្មើនឹងជីវិត។ ប៉ុន្តែបន្ទាប់ពីការអន្ទះសារចង់ឃើញមុខកូនអស់រយៈពេល៩ខែ អ្នកមានធ្លាប់គិតទេថា តើមានរឿងអ្វីខ្លះកើតឡើងចំពោះជីវិតដំបូងរបស់ទារក? ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនអំពីជីវិតដំបូងរបស់ទារក ដែលមនុស្សភាគច្រើនមិនទាន់ដឹង។
១.ពេលកើតមកភ្លាម កូនរបស់អ្នកអាចមានសក់ពេញ ឬដុះសក់រុយ។ រាងកាយរបស់ពួកគេនឹងមានកំអែលសៗដូចជាក្រែម សម្រាប់ការពារស្បែកពេលនៅក្នុងផ្ទៃ តែវានឹងត្រូវបានលាងសម្អាតក្នុងពេលងូតទឹកដំបូង។
២.ទារកអាចបើកភ្នែកភ្លាមៗក្រោយពេលចាប់កំណើត ហើយភ្នែកពួកគេអាចមានពណ៌ត្នោត ឬប្រផេះខ្ចី។
៣.មុខកូនរបស់អ្នកអាចហើមបន្តិច ស្បែកមានភាពជ្រួញ ហើយអ្នកអាចសម្គាល់ឃើញមានដុំពកតូចៗនៅក្នុងមាត់ ឬលើអណ្តោតរបស់ទារក។
៤.ស្បែកកូនរបស់អ្នកអាមានពណ៌ផ្សេងៗគ្នា ជាពិសេសស្បែកឡើងពណ៌ក្រហម ហើយមានស្នាកស្លាមដែលគេហៅថាស្នាមដៅនៅតំបន់ខ្លះ។ ចំពោះច្រចកដៃច្រចកជើងវិញ អ្នកនឹងឃើញដុះវែង។
៥.ទារកអាចមើលឃើញព្រិលៗក្នុងចំងាយពីរហ្វីត ហើយពួកគេអាចបោះដៃជាសញ្ញាឆ្លើយតបប្រសិនបើនរណាម្នាក់បើកភ្លើង ឬបញ្ចេញសំលេងលឺ។
៦.ទារកអាចជញ្ជក់ដៃ ឬស្រែកយំ ដែលជាសញ្ញាប្រាប់ថាពួកគេឃ្លាន ដូច្នេះអ្នកគួរតែឲ្យពួកគេបៅដើម្បីចម្អែតក្រពះ៕