​ហេតុ 5 យ៉ាង​ដែល​ទារក​ស្រែកយំ​ដើម្បី​ជាការ​ប្រាប់​ទៅ​អ្នក​ម្តាយ​ថា…?

0
1

ការ​ស្រែកយំ​របស់​ទារ​ក គឺជា​ការ​ប្រាប់​ដំណឹង ដើម្បីឱ្យ​លោកឪពុក​អ្នក​ម្តាយ​បានដឹង​ពី​តម្រូវការ​របស់គេ ព្រោះ​គេ​នៅ​មិនទាន់​អាច​និយាយ ឬ​ប្រាប់​តាម​វិធី​ណា​ផ្សេងទៀត​បាន។ ទារក​ខ្លះ​ស្រែកយំ​មិនយូរប៉ុន្មាន​ទេ តែ​ទារក​ខ្លះ​វិញ​មាន​ទម្លាប់​យំ​ប្រាប់​ដំណឹង​នេះ​បានយូរ​រហូត​រាប់​ខែ។

លោកឪពុក​អ្នក​ម្តាយ​ថ្មោងថ្មី​ជាច្រើន​នាក់​ប្រហែលជា​នៅ​មិនទាន់​ស៊ាំ​ធ្លាប់​នឹង​ការ​ទប់ទល់​ពេល​កូនតូច​ស្រែកយំ​ញឹកញាប់​នេះ​ទេ ព្រោះ​ការដែល​ទារក​ស្រែកយំ​នេះ​បណ្តាលមកពី​ច្រើន​មូលហេតុ ដូច្នេះ​អ្នក​ម្តាយ​គួរ​សង្កេត​មើលថា តើ​ពេល​កូន​ស្រែកយំម្តងៗនេះ​បណ្តាលមកពី​មូលហេតុ​អ្វី?។

1 . កូន​ឃ្លាន​ហើយ​ម៉ាក់…៖កូនតូច​នឹង​ស្រែកយំ​ជារយៈៗ សម្លេង​យំ​ឮសូរ​រាង​ខ្ពស់​ស្រួច ទារក​ខ្លះ​បៅដោះ​ម្តាយ​ហើយ​បាន​មិនយូរប៉ុន្មាន​ក៏​ស្រែក​យំទារ​បៅ​ទៀត ដោយសារតែ​ក្នុងអំឡុងពេលដំបូងៗក្រពះ​របស់​ទារ​កនៅ​មិនទាន់​អាច​ទទួល​ទឹកដោះ​បាន​ច្រើននិង​ទឹកដោះ​ម្តាយ​ងាយស្រួល​រំលាយ​ផង ទើប​ធ្វើឱ្យ​កូនតូច​ឃ្លាន​ញឹកញាប់​ហ្នឹងឯង ក្នុងអំឡុង​ខែ​ដំបូង​នេះ​អ្នក​ម្តាយ​អាច​ត្រូវឱ្យ​កូនបៅ​ទឹកដោះ​ក្នុង​មួយថ្ងៃ​ពី 6 – 10 ដង​ឯណោះ។

2 . ម៉ាក់​អ៊ើ​យ កន្ទប​កូន​សើម…៖ ទារក​នឹង​នោម​ញឹកញាប់ ដោយសារតែ​ក្រពះ​នៅ​តូច ពេល​បៅ​ទឹកដោះ​ច្រើន​ក៏​ធ្វើឱ្យ​នោម​ញឹកញាប់ ជាពិសេស​ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ​នឹង​ងាយ​រំលាយ​ជាង​ទារក​ដែល​បៅ​ទឹកដោះគោ​លាយ ធ្វើឱ្យ​ក្នុងអំឡុង​ខែ​ដំបូង​ទារក​នឹង​ជុះ​ច្រើនដង​ក្នុង​មួយថ្ងៃ ដូច្នេះ​បើ​កូនតូច​យំ​រករឿង​អ្នក​ម្តាយ​ត្រូវ​ឧស្សាហ៍​មើល​កន្ទប​កូន​ផង ថា​តើ​មាន​សើម​ខ្លាំងពេក​ឬក៏​អត់។

3 . កូន​មាន​អារម្មណ៍​ថា​ឈឺ​ណាស់ ម៉ាក់​អ៊ើ​យ…៖ កូនតូច​នឹង​ស្រែកយំ​សម្លេង​ឮ​រាង​ស្រួច​ខ្ពស់ និង​ខ្លាំង បើ​កើតចេញពី​អាការឈឺចាប់​ទារក​នឹងមាន​អារម្មណ៍​ថា​មិន​សប្បាយខ្លួន ដូច្នេះ​អ្នក​ម្តាយ​គួរតែ​រកមើល​មូល​ហេតុថា តើ​កូន​កើត​អី និង​ឈឺចាប់​ត្រង់ណា? បើ​កូន​យំ​ឥត​ឈប់​គួរ​ប្រញាប់​នាំទៅ​មន្ទី​ពេទ្យ​កុមារ​ភ្លាម​នៅថ្ងៃនោះ​តែម្តង។

4 . ធាតុអាកាស​ក្តៅ(ឬ​ត្រជាក់)ម្ល៉េះ​ម៉ាក់…៖ ធាតុអាកាស​ក្តៅ ឬ​ត្រជាក់​ជ្រុល​ពេក​ក៏​ធ្វើឱ្យ​ទារក​មិន​សប្បាយខ្លួន និង​ធ្វើឱ្យស្រែកយំ​រករឿង​បានដែរ ដូច្នេះ​នៅពេល​ថ្ងៃ​ដែល​ធាតុអាកាស​ក្តៅ​គួរ​ស្លៀកពាក់​ឱ្យ​កូនតូច​បែបធូររលុងៗ ដាក់ឱ្យ​គេង​នៅ​កន្លែង​ដែលស្រឡះៗ បើ​ពេលយប់​វិញ​គួរឱ្យ​គេង​នៅក្នុង​បន្ទប់​ដែលមាន​ម៉ាស៊ីនត្រជាក់ ឬ​នៅក្នុង​កន្លែង​ដែលមាន​ធាតុអាកាស​ត្រជាក់​ស្រួល និង​គួរ​ស្លៀកពាក់​អាវដៃវែង និង​ខោជើងវែង​ឱ្យ​កូន​ដើម្បីឱ្យ​រាងកាយ​កូន​បាន​កក់ក្តៅ​ជាប់​ជានិច្ច។

5 . កូន​ចង់ឱ្យ​ម៉ា​ក់ព…៖ ទារក​តែង​ត្រូវការ​ការយកចិត្តទុកដាក់​ពី​ឪពុកម្តាយ​គ្រប់ពេលវេលា បើ​កូន​ស្រែកយំ​រករឿង សូមអ្នកម្តាយ​សាកល្បង​លើក​កូន​បី ឬ​ព​ឡើងមក​ឱប​យ៉ាងណែនៗ ហើយ​ច្រៀង​បំពេរ​ដើម្បី​លួងលោម​ផង​នោះ កូនតូច​ជាទី​ស្រឡាញ់​នឹង​បាត់​យំ ហើយ​ស្ងប់​ទៅវិញ​មិន​ខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here