ជាទូទៅនៅពេលដែលកូនរបស់អ្នកទទួលទានទឹក ឬក៏សារធាតុរាវច្រើន ពួកគេនឹងនោមមកវិញក៏ច្រើនដែរ។ ប៉ុន្តែប្រសិនបើអ្នកសង្កេតឃើញកូនមិនសូវនោមសោះ ឬនោមតិច វាមិនមានជាសញ្ញាល្អសម្រាប់សុខភាពរបស់ពួកគេឡើយ។ តាមការស្រាវជ្រាវបានបង្ហាញថា ការនោមតិចរបស់កូនតូច អាចបណ្តោលមកពីបញ្ហាសំខាន់ៗ២ចំណុច៖
១.ខ្វះជាតិទឹក
យោងតាមអង្គការសុខភាពពិភពលោក បានបង្ហាញថា ការខ្វះជាតិទឹក គឺជាស្ថានភាពមួយដែលបណ្តោលមកពីការបាត់បង់ជាតិទឹកក្នុងខ្លួនច្រើនពេក។ ការក្អួត និងរាគ ជាបុព្វហេតុទូទៅនៃការខ្សោះជាតិទឹកចំពោះក្មេង។
ការខ្វះជាតិទឹកចំពោះទារក ក៏អាចបណ្តោលមកពីការថយចុះនៃការទទួលទានអាហារ ឬសារធាតុរាវប្រចាំថ្ងៃ។ យោងតាមមជ្ឈមណ្ឌល់បច្ចេកវិទ្យាហៅថាកាត់ថា NCBI ឲ្យដឹងថា ការខ្សោះជាតិទឹក គឺជាបុព្វហេតុចម្បងនៃអត្រាស្លាប់ និងមរណភាពចំពោះទារក ព្រមទាំងកុមារតូចៗនៅទូទាំងពិភពលោក។
យោងតាមអ្នកជំនាញសុខភាពកុមារសហរដ្ឋអាមេរិក ទារកដែលបៅដោះម្តាយខ្វះជាតិទឹកកម្រិតស្រាល គួរតែបន្តបំបៅដោះឲ្យបានច្រើន រីឯទារកដែលខ្វះជាតិទឹកកម្រិតមធ្យមឡើងទៅគួរតែសុំជំនួយពីគ្រូពេទ្យ។ ចំពោះវត្ថុធាតុរាវដែលមានបរិមាណជាតិស្ករខ្ពស់ គួរតែជៀសវាងព្រោះវាអាចធ្វើឲ្យរាគកាន់តែខ្លាំង។
២.ជំងឺខ្សោយតម្រងនោម
ការខ្សោយតម្រងនោម អាចបង្កឲ្យតម្រងនោមអសមត្ថភាពក្នុងការបញ្ចេញកាកសំណល់អាសូត និងរក្សាសារធាតុរាវ ឬអេឡិចត្រូលីតក្នុងរាងកាយ។ ការខ្សោយតម្រងនោមកើតឡើងប្រហែលជា ៨ភាគរយនៃទារកទើបនឹងកើត។ ជាធម្មតាការខ្សោយតម្រងនោមចំពោះទារក ត្រូវបានគេទទួលស្គាល់ដោយផ្អែកទៅលើការថយចុះបរិមាណទឹកនោម ដែលផលិតក្នុងរយៈពេល ២៤ម៉ោង។
បុព្វហេតុចម្បងដែលធ្វើឲ្យទារកខ្សោយតម្រងនោម គឺការវាយលុកនៃមេរោគចូលក្នុងឈាម ដែលបង្កអន្តរាយដល់ចរន្តឈាម និងជាលិកាដទៃទៀត។ លទ្ធផលឆ្លើយតបរបស់រាងកាយ អាចជះឥទ្ធិពលអាក្រក់ដល់ការងារសរីរាង្គផ្សេងៗ ដូចជាតម្រងនោមជាដើម។
អាស្រ័យហេតុនេះ ប៉ាម៉ាក់ទាំងឡាយគួរតែយកចិត្តទុកដាក់ចំពោះទារកឲ្យមែនទែន ប្រសិនបើពួកគេមិនសូវនោម ឬនោមតិច ខុសធម្មតា សូមនាំទៅមន្ទីរពេទ្យភ្លាម៕