ការបង្រៀនកូនឲ្យចេះស្រឡាញ់ភាពស្រស់ស្អាត និងឧស្សាហ៍ជួយធ្វើកិច្ចការផ្ទះ វាជាសុបិន្តរបស់ឪពុកម្តាយជាច្រើន។ ព្រោះវាត្រូវបានគេគិតថា អាចជួយសម្រាលបន្ទុក និងអាចសម្របខ្លួនបានយ៉ាងល្អពេលពួកគេនៅជាមួយមនុស្សផ្សេងទៀត រួមទាំងពេលនៅសាលាផងដែរ។
ថ្ងៃនេះ យើងនឹងណែនាំពីបច្ចេកទេសបង្រៀនកូនឲ្យឧស្សាហ៍ និងចេះស្រឡាញ់ការងារផ្ទះ។
១.ឲ្យកូនៗរបស់អ្នកមើលឃើញពីសារៈសំខាន់នៃការងារផ្ទះតាំងពីក្មេង
ដូចជាបង្រៀនពួកគេឲ្យរៀបប្រមូលចានពេលញ៉ាំរួចយកទៅទុកកន្លែងលាង ហើយចាក់សំណល់អាហារចូលក្នុងធុងសម្រាម។ នៅពេលពួកគេធំបន្តិច បង្រៀនពួកគេពីររបៀបលាងចាន ឬលេងល្បែងអ្នកណាអាចលាងបានច្រើនជាងគេ អ្នកនោះជាអ្នកឈ្នះ។ ធ្វើឲ្យកូនរបស់អ្នកមានអារម្មណ៍រីករាយជាមួយនឹងការងារដែលមនុស្សគ្រប់គ្នាមិនចង់ធ្វើ ប៉ុន្តែវាជាកាតព្វកិច្ចដែលមនុស្សនៅក្នុងផ្ទះគួរចេះជួយគ្នា។
២.បណ្តុះបណ្តោលទម្លាប់ធ្វើអនាម័យ
ការសម្អាតផ្ទះវាពិតជាមើលទៅស្អាតគួរឲ្យចង់រស់នៅ ហើយផ្តល់ផាសុខភាពផ្លូវចិត្តដល់យើងថែមទៀត។ ហេតុនេះអ្នកត្រូវបង្រៀនកូនឲ្យចេះស្រឡាញ់ការរៀបចំផ្ទះ ឧទារហណ៍ឲ្យកូនជួយអ្នកជ្រើសរើសផ្កាដាក់តាំងនៅក្នុងផ្ទះ ហើយប្រាប់ឲ្យពួកគេដាក់របស់របរនៅកន្លែងដែលពួកគេងាយនឹងមើលឃើញ ព្រមទាំងបង្រៀនឲ្យមានទំនួសខុសត្រូវចំពោះការទុកដាក់របស់ទាំងនោះ។
៣.ជ្រើសការងារទៅតាមអាយុកូន
ប្រសិនបើកូនអ្នកនៅតូច ត្រូវជ្រើសរើសយកការងារណាដែលមិនពិបាក និងមិនធ្ងន់ពេក។ សូមឲ្យពួកគេជួយប្រមូលប្រដាប់ក្មេងលេង និងបោសសម្អាតកម្រាលឥដ្ឋផង។ វិធីនេះនឹងជួយក្មេងមានភាពក្លាហានក្នុងការបំពេញការងារនៅក្នុងផ្ទះ ហើយកុំភ្លេចសរសើរនៅពេលកូនធ្វើបានល្អ ព្រោះវានឹងធ្វើឲ្យពួកគេមានភាពរីករាយ និងចង់ធ្វើវាទៀតនៅពេលក្រោយ។
៤.នាំពួកគេទៅធ្វើសកម្មភាពដែលពួកគេចូលចិត្ត បន្ទាប់ពីជួយការងាយផ្ទះ
អ្នកអាចនាំកូនទៅដើរលេងតាមសួនច្បារនានា ឬទៅញ៉ាំការ៉េមពេលល្ងាចជាមួយអ្នក វានឹងធ្វើឲ្យពួកគេមានអារម្មណ៍ថា ធ្វើការងារផ្ទះ ជួយឲ្យពួកគេទទួលបានរង្វាន់ដើរកំសាន្ត ឬញ៉ាំការ៉េមនេះឯង៕