ជំងឺរាគចំពោះកុមារ គឺមានគ្រោះថ្នាក់ជាងមនុស្សធំ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅទន់ខ្សោយ។ ចំពោះមូលហេតុនៃជំងឺនេះ ត្រូវបានបង្កឡើងដោយសារតែការឆ្លងបាក់តេរី ឬវីរុស តាមរយៈការផ្តល់ចំណីអាហារ ឬកង្វះអនាម័យ។
ចំពោះរាគសញ្ញានៃជំងឺរាគ មានដូចជា៖ រាគសុទ្ធតែទឹក ឬរាគមានលាយកាកតិចៗច្រើនដងក្នុងមួយថ្ងៃ មានអាការក្អួត ចង្អោរ ញ៉ាំអ្វីមិនបាន ឈឺពោះពិបាកទ្រាំ ក្តៅខ្លួនខ្លាំង…។ រោគសញ្ញាទាំងនេះអាចមានរយៈពេលរហូតដល់២សប្តាហ៍ ដូច្នេះបើឃើញកូនមានបញ្ហារាគរួស គួរប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។
តែទោះជាយ៉ាងណាជំងឺរាគចំពោះកុមារ អាចការពារបានប្រសិនបើអាណាព្យាបាលអនុវត្តវិធីការពារដូចខាងក្រោម៖
១.បង្រៀនកូនកុំឲ្យយករបស់ផ្សេងៗដាក់ចូលក្នុងមាត់ ព្រោះវាអាចឆ្លងជំងឺនេះដោយមិនដឹងខ្លួន។
២.ធ្វើអនាម័យនៅជុំវិញកុមារឲ្យបានស្អាតជានិច្ច ដូចជាដបទឹកដោះគោត្រូវលាងសម្អាតជាប្រចាំ ហើយស្រុះជាមួយទឹក ឬធ្វើការចំហ៊ុយ។
៣.គួរលាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មិនថាពេលចេញពីបង្គន់ ឬកាន់វត្ថុផ្សេងឡើយ។
៤.ផ្តល់វ៉ាក់សាំងជំងឺរាគដល់កុមារ ដើម្បីការពារជំងឺ។
ការកើតជំងឺរាគចំពោះកុមារមិនមែនជារឿងលេងសើចនោះទេ បើឈានដល់ដំណាក់កាលភាពធ្ងន់ធ្ងរ កុមារអាចបាត់បង់ជាតិទឹក និងជាតិរ៉ែច្រើន ដែលអាចបង្កផលវិបាកដូចជា ប្រកាច់ ប៉ះពាល់ខួរក្បាល ឬស្លាប់បាន៕