ក្តីស្រឡាញ់របស់ឪពុកម្តាយភាគច្រើនប្រហែលជាមិនត្រូវបានបង្ហាញនោះទេ ហើយពេលខ្លះការប្រាស្រ័យទាក់ទងគ្នាក៏ប្រហែលជាមិនមានអ្វីច្រើនដែរសម្រាប់អារម្មណ៍កុមារ។ ការធ្វើឲ្យកូនឈឺចិត្ត ឬការគិតថាឪពុកម្តាយមិនស្រឡាញ់ខ្លួន ពួកគេអាចទទួលរងពីជំងឺធ្លាក់ទឹកចិត្តដោយមិនដឹងខ្លួន ជាហេតុធ្វើឲ្យមិនមានភាពរីករាយជាមួយពិភពផ្ទាល់ខ្លួន និងមិនចង់មានទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតឡើយ។
តើគួរធ្វើយ៉ាងណានៅពេលកូនកើតជំងឺធ្លាក់ទឹកចិត្ត? ខាងក្រោមនេះជាតិចនិចមួយចំនួនដែលអ្នកអាចជួយគ្រប់គ្រងផ្លូវចិត្តរបស់កូនបាន៖
១.ធ្វើឲ្យកូនមានអារម្មណ៍ថាសំខាន់
ការណែនាំ ការមើលថែ និងការយកចិត្តទុកដាក់ អាចជាការបង្ហាញពីសារៈសំខាន់របស់ឪពុកម្តាយចំពោះកូនៗ។ ជារឿយៗឪពុកម្តាយប្រហែលជាច្រើលំថា ការចិញ្ចឹមបីបាច់កូន និងការផ្តល់ប្រាក់ច្រើនៗ គឺល្អសម្រាប់កូនហើយ តែតាមពិតអ្វីដែលកូនត្រូវការបំផុតនោះ គឺ “ពេលវេលាពីឪពុកម្តាយ” ដែលត្រូវចំណាយពេលនៅជាមួយពួកគេ និងការឱបថ្នាក់ថ្នម ធ្វើឲ្យពួកគេមានអារម្មណ៍ថា ពិតជាសំខាន់ខ្លាំងណាស់ មិនអាចឃ្លាតគ្នាបានឡើយ។ ទីបំផុតបញ្ហាធ្លាក់ទឹកចិត្តអាចដោះស្រាយបាន រហូតដល់កុមារចាប់ផ្តើមរីករាយម្តងទៀត។
២.អត់ធ្មត់នឹងកូនអ្នកជានិច្ច
ពេលខ្លះកុមារដែលកើតជំងឺធ្លាក់ទឹកចិត្ត អាចបង្កើតបញ្ហាដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាខ្លាំង។ ប៉ុន្តែអ្នកត្រូវគិតថា ពួកគេគ្មានកំហុស ហើយមិនមានចេតនាបង្កឲ្យឪពុកម្តាយមានបញ្ហាអ្វីនោះទេ គ្រាន់តែចង់បានក្តីស្រឡាញ់ពីឪពុកម្តាយរបស់ខ្លួនតែប៉ុណ្ណោះ។ សូមព្យាយាមញញឹមដាក់កូននៅពេលពួកគេធ្វើខុស ហើយត្រូវអត់ធ្មត់នឹងកុមារឲ្យបានច្រើន ជាជាងការបង្ហាញអារម្មណ៍ដើម្បីបង្ហាត់ពួកគេ។ នេះជាគំរូល្អមួយ នៅពេលមានបញ្ហាលើកក្រោយ ពួកគេនឹងរៀនធ្វើចិត្តឲ្យស្ងប់ស្ងាត់ដូចជាអ្នកធ្វើថ្ងៃនេះដែរ។
៣.ព្យាយាមស្តាប់បេះដូងរបស់កូន
ការបើកចំហររវាងឪពុកម្តាយនឹងកូន គឺមិនងាយស្រួលនោះទេ ប៉ុន្តែអ្នកត្រូវព្យាយាមសួរ និងរងចាំចម្លើយពីកូន។ វាអាចចាប់ផ្តើមពីសំនួសសាមញ្ញៗដូចជា តើការទៅសាលាមានបញ្ហាអ្វី? តើកូនចង់ញ៉ាំអ្វី? បន្ទាប់មកសូមខិតចូលជិតកូនបន្តិចម្តងៗ។ ភាពជិតស្និតក្បែរគ្នានេះហើយដែរធ្វើឲ្យពួកគេហ៊ាននិយាយបើកចំហពីបញ្ហាដែលបណ្តោលឲ្យធ្លាក់ទឹកចិត្ត។ ពេលនេះអ្នកនឹងកូនអាចដោះស្រាយបញ្ហាជាមួយគ្នាបណ្តើរៗបាន។
៤.អរគុណកូនឲ្យបានញឹកញាប់
ពេលកូនៗឃើញឪពុកម្តាយហត់នឿយ ឬមានបញ្ហា ពួកគេច្បាស់ជាបារម្ភ នឹងចង់ឈឺឆ្អោលចំពោះអ្នកជាពុំខាន ប៉ុន្តែការនិយាយពាក្យសំដីរបស់កុមារម្នាក់ៗអាចមិនដូចគ្នាទេ។ ដូច្នេះចូរធ្វើខ្លួនរបស់អ្នកឲ្យរវល់ជាងមុន នៅពេលដែលពួកគេឃើញបែបនេះច្បាស់ជាមកមើល ហើយក្នុងចិត្តពួកគេច្បាស់ជាចង់ជួយអ្នកជាពុំខាន។ អ្នកគ្រាន់តែងាកមករកគាត់ និយាយពាក្យថាអរគុណ ឱប ថើបគាត់ ហើយធ្វើបែបនេះឲ្យបានញឹកញាប់ ដើម្បីលើកទឹកចិត្តកូនឲ្យបន្តធ្វើរឿងល្អជាមួយគ្នា។
កុមារទាំងអស់តែងតែស្រឡាញ់ឪពុកម្តាយ ប៉ុន្តែនៅពេលដែលអំពើហឹង្សាកើតឡើង ការស្តីបន្ទោសកើតឡើង អាកប្បកិរិយាខឹងច្រលោតកើតឡើង នឹងធ្វើឲ្យកុមារមានអារម្មណ៍ភ័យខ្លាច ហើយអាចកើតជាជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះនៅពេលឃើញកូនមានបញ្ហាធ្លាក់ទឹកចិត្ត សូមប្រើវិធីសាស្ត្រទាំង៤ខាងលើនេះ ដើម្បីគ្រប់គ្រងចិត្តរបស់កូន៕