កូនអាយុមួយឆ្នាំចុះ គួរជៀសវាងអាហារ៨ប្រភេទ

0

វាជារឿងចាំបាច់ណាស់ ក្នុងការជ្រើសរើសអាហារដែលសមស្របសម្រាប់កូនក្នុងដំណាក់កាលមួយឆ្នាំដំបូងនៃជីវិត។ ក្នុងអំឡុងពេលនេះប្រព័ន្ធរំលាយអាហាររបស់ទារកនៅមានភាពទន់ខ្សោយ ប្រសិនបើអ្នកផ្តល់អាហារមិនសមស្រប អាចជះឥទ្ធិពលអវិជ្ជមានដល់រាងកាយ ដូចជាបញ្ហាអឡែកស៊ីជាដើម។

ជាពិសេសប្រសិនបើអ្នកទើបនឹងក្លាយជាឪពុកម្តាយគេថ្មោងថ្មី ចាំបាច់ត្រូវតែដឹងពីអាហារដែលទារកមិនគួរញ៉ាំក្នុងអំឡុងពេលមួយឆ្នាំដំបូងទេ។ នេះជាបញ្ជីអាហារដែលទារកមានអាយុត្រឹមមួយឆ្នាំដំបូងត្រូវជៀសវាង៖

១.ទឹកឃ្មុំ

ទឹកឃ្មុំ​ មានផ្ទុកបាក់តេរីម្យ៉ាងដែលគេឲ្យឈ្មោះថា Clostridium botulinum ប្រសិនបើទារកទទួលទានអាចបណ្តោលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សាយ ទល់លាមក បាត់បង់ចំណង់អាហារ និងឆ្លងបាក់តេរីផ្សេងៗ។ បញ្ហានេះច្រើនកើតឡើងចំពោះទារកអាយុមួយឆ្នាំចុះ។

២.ទឹកដោះគោ

យោងតាមការសិក្សាមួយបានបង្ហាញថា ការផ្តល់ទឹកដោះគោដល់ទារកមានឥទ្ធិពលអាក្រក់ដល់សុខភាពពួកគេ។ ទឹកដោះគោមានមាតិកាជាតិដែកទាប ដែលធ្វើឲ្យទារកពិបាកទទួលបិរមាណជាតិដែកគ្រប់គ្រាន់សម្រាប់លូតលាស់។ លើសពីនេះទៅទៀត ជាតិកាល់ស្យូម និង casein នៅក្នុងទឹកដោះគោអាចកាត់បន្ថយការស្រូបយកជាតិដែកផងដែរ។

៣.ទឹកផ្លែឈើ

អ្នកជំនាញសហរដ្ឋអាមរិក បានណែនាំឲ្យឪពុកម្តាយទាំងឡាយ ជៀសវាងផ្តល់ទឹកផ្លែឈើ ១០០ភាគរយដល់ទារកដែលមានអាយុតិចជាង៦ខែ។ មូលហេតុដោយសារតែទឹកផ្លែឈើមិនបានផ្តល់អាហារូបត្ថម្ភដល់ទារកក្នុងមួយឆ្នាំដំបូង ហើយអាចធ្វើឲ្យពួកគេមិនចង់បៅទឹកដោះម្តាយ។

៤.សូកូឡា

សូកូឡា មិនគួរត្រូវបានណែនាំដល់ទារកដែលមានអាយុ ១ឆ្នាំដំបូងទេ ព្រោះវាមានផ្ទុកសារធាតុទឹកដោះគោ ដែលអាចបង្កឲ្យប្រតិកម្មអាឡែស៊ីស្បែករបស់កូន។ អាហារណាដែលមានទឹកដោះគោ មិនគួរផ្តល់ឲ្យទារកក្រោមអាយុ ១ឆ្នាំឡើយ។

៥.សណ្តែកដី

អ្នកជំនាញបានណែនាំថា ទារកមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាប្រតិកម្មអាឡែកស៊ី ដែលជាហេតុធ្វើឲ្យសណ្តែកដី និងប៊ឺរសណ្តែកដី គួរជៀសវាង។ ទារកមានប្រតិកម្មអាឡែកស៊ី ជំងឺស្បែកធ្ងន់ធ្ងរគួរតែប្រញាប់នាំទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលថា តើសណ្តែកដីមានសុវត្ថិភាពសម្រាប់ពួកគេឬទេ។

៦.អាហារសមុទ្រ

អាហារសមុទ្រជាពិសេសសណ្តោនខ្ចៅ ខ្យង លៀស គ្រំ… និងត្រីដទៃទៀត មានជាតិបារតខ្ពស់មិនគួរផ្តល់ឲ្យទារកឡើយ។ ប្រសិនបើអ្នកចង់ឲ្យកូនញ៉ាំត្រីសមុទ្រ គួរតែជំនួសយកត្រីដូចជា ត្រីសាម៉ុង ត្រីសាឌីន ត្រីធូណា…ជាដើម។

៧.ស៊ុត

គ្រូពេទ្យបានណែនាំឲ្យឪពុកម្តាយទាំងឡាយ ជៀសវាងការផ្តល់ស៊ុតឲ្យកូនរហូតទាល់តែពួកគេមានអាយុលើសមួយឆ្នាំ។ យោងតាមការស្រាវជ្រាវរបស់មហាវិទ្យាល័យអាមេរិក បានបង្ហាញថា ជំងឺអាឡែកស៊ី ជំងឺហឺត និងបញ្ហាប្រព័ន្ធភាពស៊ាំ គឺកើតមានចំពោះកុមារក្រោមអាយុមួយឆ្នាំមាន ២ភាគរយ ដោយសារតែការញ៉ាំស៊ុត។

៨.សាច់

ផលិតផលសាច់មិនគួរត្រូវបានផ្តល់ឲ្យទារកក្រោមអាយុមួយឆ្នាំទេ ព្រោះវាមានផ្ទុកជាតិសូដ្យូមខ្ពស់ និងជាតិខ្លាញ់ច្រើន ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់កូនពិបាករំលាយ៕