លោកឪពុកជាច្រើននាក់តែងយល់ខុសមកជានិច្ចថា ខ្លួនឯងស្ទើរតែគ្មានតួនាទីអ្វីឡើយក្នុងការរួមចំណែកឱ្យកូនតូចសម្លាញ់បានបៅទឹកដោះម្តាយយ៉ាងពេញលេញបរិបូរណ៍នោះ ព្រោះតួនាទីទាំងអស់ អ្នកម្តាយ ឬភរិយាជាអ្នកទទួលធ្វើតែម្នាក់ឯងទាំងអស់ហើយ តែយើងសូមប្រាប់នៅពេលនេះថា…គឺជាការគិតដែលខុសស្រឡះ។ ឪពុកក៏ជាមនុស្សសំខាន់ប្រហាក់ប្រហែលនឹងម្តាយដែរ ក្នុងការជួយឱ្យការចិញ្ចឹមកូនដោយទឹកដោះម្តាយទទួលបានជោគជ័យ និងកន្លងផុតទៅយ៉ាងល្អ ព្រោះឪពុកគឺជាជំនួយការលេខមួយរបស់ម្តាយក្នុងរឿងដូចតទៅនេះ ៖
1 – ជួយមើលថែទាំកូនច្បង ខណៈដែលភរិយាបំបៅទឹកដោះកូនប្អូន។
2 – ជួយបីកូនតូច លួងលោមឱ្យបាត់យំ លេងជាមួយកូន ខណៈដែលភរិយាកំពុងគេងសម្រាកយកកម្លាំង។
3 – ជួយលាងសម្អាត និងចំហុយដបទឹកដោះគោសម្លាប់មេរោគ ជួយភរិយាធ្វើការងារផ្ទះ ដើម្បីកុំឱ្យភរិយាមិនចាំបាច់នឿយហត់ខ្លាំងពេក។
4 – ជួយលើកកូនតូចសម្លាញ់បីឡើងដើម្បីឱ្យបានភើបន្ទាប់ពីបៅទឹកដោះម្តាយរួច ជួយលាងសម្អាតគូទ ផ្អូតទឹកកូនជំនួសអ្នកម្តាយនៅពេលខ្លះដែលភរិយាមិនទំនេរ។
5 – ជួយរកអាហារដែលមានប្រយោជន៍មកឱ្យភរិយាញ៉ាំដើម្បីបង្កើនគុណភាពទឹកដោះ។
6 – នាំភរិយាទៅដើរលេងកំសាន្ត សម្រាកលំហែកាយ ព្រោះនៅពេលដែលភរិយាមានសេចក្តីសុខ ទឹកដោះនឹងផលិតចេញមកច្រើន។
7 – ជួយអធិប្បាយ ផ្តល់ដំណឹងយ៉ាងសុភាពទន់ភ្លន់ តែទទួលបានផលល្អ ទៅមនុស្សដែលនៅជុំវិញខ្លួន ជាពិសេសចាស់ទុំខាងស្វាមីខ្លួនឯង ឱ្យបានយល់ដឹងយ៉ាងត្រឹមត្រូវអំពីការជួយភរិយាក្នុងការមើលថែទាំកូនតូចនេះ។
8 – និយាយលើកទឹកចិត្ត និងសរសើរភរិយាឱ្យបានញឹកញាប់ សម្រាប់ការលះបង់ដែលភរិយាខំពុះពារព្យាយាមក្នុងការបំបៅទឹកដោះកូន មិនថាតែការសុខចិត្តអត់ងងុយ ភ្ញាក់ឡើងមកឱ្យកូនបៅទឹកដោះញឹកញាប់រៀងរាល់យប់ ទ្រាំឈឺចាប់នៅពេលក្បាលដោះបែក ឬរលាកជាដើម និងការតមអាហារជាច្រើនយ៉ាងក្នុងករណីដែលកូនតូចមានប្រតិកម្មចាញ់ជាមួយក្រុប្រូតេអុីនប្រថុយប្រថានមួយចំនួន។
9 – ជួយថើបថ្ពាល់ភរិយាថ្នមៗឱ្យបានញឹកញាប់ ដើម្បីឱ្យអ្នកម្តាយមានកម្លាំងចិត្តក្នុងការបំបៅទឹកដោះកូនក្នុងពេលបន្តៗទៀត៕