ប្រសិនបើកូនរបស់អ្នកមានអាការៈក្តៅខ្លួន ហៀរសំបោរ និងចង្អោរជាញឹកញាប់ អាចបណ្តោលមកពីបញ្ហាមេរោគក្នុងក្រពះ តែវាបង្ហាញរោគសញ្ញាខាងក្រៅស្រដៀងទៅនឹងជំងឺផ្តសាយធម្មតា។
ហេតុអ្វីបានជាទារកឆ្លងមេរោគក្នុងក្រពះ?
ការឆ្លងមេរោគចំពោះក្មេង ត្រូវបានគេរកឃើញញឹកញាប់បំផុតទៅលើកុមារដែលមានអាយុចន្លោះពី ៣ ខែទៅ ៣ឆ្នាំ ព្រោះវ័យនេះក្មេងមានប្រព័ន្ធភាពស៊ាំទាប ធ្វើឲ្យងាយនឹងឈឺដោយសារតែសារជំងឺនេះ។ ដោយសារតែមេរោគប្រភេទនេះអាចធន់នឹងបរិយាកាស ធ្វើឲ្យវាអាចលាក់ខ្លួនជាមួយនឹងបរិស្ថានជុំវិញខ្លួនយើងបាន រួមទាំងប្រដាប់ប្រដារក្មេងលេង ឬអាហារដែលទារកបរិភោគគ្មានអនាម័យត្រឹមត្រូវ។ ជំងឺនេះក៏អាចឆ្លងទៅកាន់មនុស្សធំបានដែរ ប៉ុន្តែសម្រាប់ក្មេងគឺមានគ្រោះថ្នាក់ខ្លាំងជាង។
ប្រយ័ត្នចំពោះមេរោគក្នុងក្រពះ
១.កុំឲ្យកូនរបស់អ្នកដាក់របស់លេងចូលក្នុងមាត់ឲ្យសោះ ព្រោះវាអាចមានមេរោគ។
២.ការរកឃើញរោគសញ្ញា ក្តៅខ្លួន មានស្លេស ក្អក ជាពិសេសប្រសិនបើពួកគេក្អួត អមទៅដោយអាការៈហើមពោះ ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។
៣.ប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរ ក្មេងអាចចាប់ផ្តើមបាត់បង់ចំណង់អាហារ និងគ្មានកម្លាំងកំហែងរយៈពេល ១ទៅ២ថ្ងៃ។ អ្នកខ្លះកើតមានស្លេសក្នុងបំពង់កចាប់ពី ៥ដល់ ៧ថ្ងៃ។
៤.កុមារអាយុក្រោម ២ឆ្នាំ ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅខ្សោយណាស់។
ការថែទាំងបឋម នៅពេលមានរោគសញ្ញា
១.យកទឹកជូតសម្អាតខ្លួនកុមារ ដើម្បីបន្ថយកម្តៅ ហើយគួរតែទៅជួបគ្រូពេទ្យដើម្បីទទួលបានថ្នាំ។
២.ប្រសិនបើកូនក្អួតជាញឹកញាប់ ត្រូវឲ្យកុមារទទួលទានទឹកឲ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាខ្វះជាតិទឹក។
៣.ឲ្យកូនបៅដោះជាធម្មតា ហើយជ្រើសរើសអាហារដែលងាយស្រួលញ៉ាំ។
វិធីការពារមេរោគក្រពះចំពោះកុមារ
១.ចាក់វ៉ាក់សាំងការពារជំងឺ។
២.ឲ្យកូនរបស់អ្នកបៅទឹកដោះម្តាយតាំងពីកើតមក ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។
៣.បង្ហាត់កូនឲ្យចេះលាងដៃញឹកញាប់ ទាំងមុន នឹងក្រោយពេលញ៉ាំអាហារ។
មេរោគក្នុងក្រពះ ពិតជាគ្រោះថ្នាក់ចំពោះក្មេងតូចៗខ្លាំងជាងមនុស្សពេញវ័យ ដូច្នេះអាណាព្យាបាលទាំងឡាយត្រូវមើលថែកូនដោយយកចិត្តទុកដាក់ខ្លាំងបំផុត៕