វិធីបង្រៀនកូនឲ្យចូលចិត្តបន្លែតាំងពីនៅក្នុងផ្ទៃ

0
1

កុមារភាគច្រើនមិនចូលចិត្តញ៉ាំបន្លែនោះទេ នេះជាបញ្ហាដែលឪពុកម្តាយមួយភាគធំ ពិបាកក្នុងការបញ្ចុះបញ្ចូលកូន។ ការញ៉ាំបន្លែបានកាន់តែច្រើនរាងកាយកុមារកាន់តែមានសុខភាពល្អ ធន់នឹងជំងឺ រួមទាំងមានការអភិវឌ្ឍបានយ៉ាងល្អ។

ប្រសិនបើស្ត្រីទម្លាប់ញ៉ាំបន្លែក្នុងអំឡុងពេលមានផ្ទៃពោះឲ្យបានច្រើន នោះកូនរបស់អ្នកធំឡើងក៏ចូលចិត្តបន្លែដែរ ហើយបញ្ហាសុខភាពរបស់ពួកគេក៏ត្រូវកាត់បន្ថយដូចគ្នា។ ខាងក្រោមនេះជាបច្ចេកទេសសាមញ្ញៗ ដែលជួយឲ្យកូនរបស់អ្នកចូលចិត្តញ៉ាំបន្លែតាំងពីនៅក្នុងផ្ទៃ៖

១.ជ្រើសរើសបន្លែល្អៗមកធ្វើម្ហូបសម្រាប់ទទួលទាន ព្រោះវានឹងធ្វើឲ្យអ្នកចូលចិត្តញ៉ាំ។ បន្លែដែលត្រូវបានណែនាំមានដូចជា ខាត់ណាផ្កាពណ៌ខៀវ ស្ពៃក្រញាញ់ ត្រួយល្ពៅ ស្លឹកផ្ទី សាឡាត់… ធ្វើឲ្យអ្នកម្តាយងាយស្រួលញ៉ាំ និងល្អសម្រាប់សុខភាពទារកដែលមិនទាន់កើត។

២.ជៀសវាងបន្លែដែលមានក្លិនខ្លាំង រួមទាំងខ្ទឹមគ្រប់ប្រភេទ។ ថ្វីបើខ្ទឹមមានក្លិនឈ្ងុយក៏ពិតមែន ប៉ុន្តែបើស្ត្រីមានផ្ទៃពោះទទួលទាន អាចជម្រុញឲ្យមានការចាញ់កូន ហើយក៏មិនល្អសម្រាប់ទារកក្នុងផ្ទៃផងដែរ។

៣.ជ្រើសរើសបន្លែស្រស់ៗមកទទួលទាន ព្រោះបន្លែស្រស់ធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ពេញចិត្តនឹងការទទួលទាន។ ម្យ៉ាងវិញទៀតការញ៉ាំច្រើន ធ្វើឲ្យទារកក្នុងផ្ទៃស៊ាំជាមួយនឹងបន្លែ ហើយនៅពេលដែលពួកគេធំឡើងអាចញ៉ាំអាហារបាន អ្នកមិនបាច់ខ្វល់ជាមួយនឹងការបង្ខំឲ្យពួកគេញ៉ាំបន្លែទៀតឡើយ។

៤.បន្លែដែលស្ត្រីមានផ្ទៃពោះគួរទទួលទាន គឺត្រូវធ្វើការសម្អាតឲ្យបានហ្មត់ចត់ តែបើបានបន្លែធម្មជាតិទៀតកូនក្នុងផ្ទៃកាន់តែសុខភាពកូនមានភាពរឹងមាំ។

៥.កុមារដែលធ្លាប់ទទួលទានបន្លែតាំងពីនៅក្នុងពោះ នឹងធ្វើឲ្យពួកគេចូលចិត្តញ៉ាំបន្លែនៅពេលធំឡើង។ ការស្រាវជ្រាវបានបង្ហាញថា ទារកចូលចិត្តញ៉ាំអាហារដែលអ្នកម្តាយរបស់ពួកគេបានញ៉ាំ អំឡុងពេលពពោះ និងក្នុងអំឡុងពេលបំបៅដោះ។ ព្រោះការស្រង់ក្លិន និងភ្លក្សរសជាតិ នឹងជួយឲ្យកូនរបស់អ្នករៀនតាមតាំងពីនៅក្នុងផ្ទៃ ដូច្នេះហើយអ្នកម្តាយត្រូវបានគេណែនាំឲ្យញ៉ាំបន្លែផ្លែឈើឲ្យបានច្រើនពេលកំពុងពពោះ។

តាមពិតទំនាក់ទំនងរវាងម្តាយ និងកូន មានតាំងពីនៅក្នុងផ្ទៃមកម្ល៉េះ ដូច្នេះប្រសិនបើអ្នកម្តាយធ្វើអ្វី ពួកគេនឹងរៀនធ្វើតាម ដូចជាការញ៉ាំបន្លែជាដើម។ សម្រាប់អ្នកដែលខ្លាចកូនៗមានបញ្ហាក្នុងការបរិភោគបន្លែ អ្នកអាចសាកល្បងវិធីងាយៗដូចខាងលើនេះបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here