ប្រព័ន្ធភាពស៊ាំ មានតួនាទីការពារយើងឲ្យជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តោលមកពីបាក់តេរី វីរុស និងជាតិពុល។ ប្រព័ន្ធភាពស៊ាំដែលមានដំណើរការល្អអាចជួយបណ្តេញជំងឺ និងកោសិកាសាហាវចេញពីរាងកាយបាន។ អ្នកជំនាញសុខភាពបានចង្អុលបង្ហាញថា រឿងចាំបាច់ដែលអ្នកគ្រប់គ្នាត្រូវធ្វើខានពុំបាន គឺធ្វើអនាម័យជាប្រចាំ និងការពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ។
តើប្រព័ន្ធភាពស៊ាំមានសារៈសំខាន់យ៉ាងណាចំពោះកុមារ?
របបអាហារល្អសម្រាប់កុមារ គួរតែមានតម្លៃអាហារូបត្ថម្ភគ្រប់គ្រាន់ទៅតាមតម្រូវការរបស់កុមារ ដើម្បីជំរុញឲ្យមានសុខភាពល្អ។ ការបង្កើនប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ អាចជួយការពារកុមារឲ្យជៀសផុតពីជំងឺឆ្លងផ្សេងៗ រួមទាំង កូរ៉ូណា ផងដែរ។
ការញ៉ាំអាហារ ដែលផ្តល់ថាមពលបានគ្រប់គ្រាន់ និងរក្សាពេលវេលាគេងបានត្រឹមត្រូវ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់កុមារបាន។ ដូច្នេះឪពុកម្តាយទាំងឡាយ គួរតែព្យាយាមផ្តល់អាហារដែលសម្បូរទៅដោយវីតាមីន ជាតិដែក រ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដល់កូន។
១.ស៊ុត
ស៊ុត គឺជាអាហារពេលព្រឹកដែលមានផាសុខភាពសម្រាប់កុមារ ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ។ ក្រៅពីនេះ ស៊ុត មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្តល់ប្រយោជន៍ដល់រាងកាយកុមារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំផងឺផ្សេងៗ។
២.ខ្ទឹមស
ខ្ទឹមស មានលក្ខណៈសម្បត្តិប្រឆាំងវីរុស និងអង់ទីប៊ីយោទិក ហើយក៏អាចរំញោចការផលិតកោសិកាឈាមសនៅក្នុងខ្លួនផងដែរ។ វាត្រូវបានគេចាត់ទុកជាឱសថដ៏ល្អឥតខ្ចោះសម្រាប់លើកកម្ពស់ប្រព័ន្ធភាពស៊ាំចំពោះកូនៗ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខភាពផងដែរ។
ទោះជាយ៉ាងណា អ្នកត្រូវផ្តល់ខ្ទឹមសក្នុងបរិមាណសមស្រប ព្រោះការទទួលទានក្នុងបរិមាណច្រើនហួស អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនបានល្អ។
៣.រមៀត
រមៀត មានផ្ទុកសារធាតុឆប្រឆាំងនឹងការរលាក ថ្នាំសម្លាប់មេរោគ ប្រឆាំងនឹងផ្សិត ប្រឆាំងនឹងពពួកបាក់តេរី និងជួយលើកកម្ពស់ដល់ប្រព័ន្ធភាពស៊ាំ។ សមាសធាតុសកម្មរបស់រមៀត ធ្វើឲ្យវាក្លាយទៅជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល។ អ្នកអាចផ្តល់ទឹកដោះគោរមៀតដល់កូន មុនពេលចូលគេង (មានន័យថា អ្នកត្រូវបន្ថែមរមៀតបន្តិចទៅក្នុងទឹកដោះគោរបស់កូន ហើយកូរឲ្យសព្វមុនឹងឲ្យកូនទទួលទាន)។
៤.ស្ពៃខ្មៅ
ស្ពៃប្រភេទនេះសម្បូរទៅដោយវីតាមីនសេ សារធាតុប្រឆាំងអុកស៊ីតកម្ម និងបេតាការ៉ូទីន ដែលជារបបអាហារដ៏ល្អសម្រាប់កូន។ បន្លែប្រភេទនេះមានប្រយោជន៍ក្នុងការបង្កើតសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃជំងឺ។
៥.ទឹកដោះគោជូរ
ការញ៉ាំទឹកដោះគោជូរ អាចជួយពង្រឹងដល់ពោះវៀនក្នុងការ ដើម្បីការពារជំងឺក្រពះពោះវៀន។ ទឹកដោះគោជូរ គឺពោរពេញទៅដោយប្រូបាយអូទិច(បាក់តេរីល្អ) ដែលជួយបំផ្លាញបាក់តេរីអាក្រក់នៅក្នុងក្រពះ និងជាប្រព័ន្ធភាពស៊ាំដ៏អស្ចារ្យសម្រាប់កុមារ។
៦.ត្រីសាម៉ុន
ត្រីសាម៉ុន គឺជាអាហារមួយទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពសាំរបស់កុមារ។ វាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ជួយដល់ការអភិវឌ្ឍខួរក្បាល និងអាចជួយបង្កើនថាមពលចក្ខុវិស័យកុមារឲ្យមានភាពប្រសើរឡើង។
ទោះជាយ៉ាងណាក្មេងមិនគួរញ៉ាំទាំងឆៅនោះទេ ដូចជាអាហារស៊ូស៊ី ព្រោះវាអាចបង្កឲ្យមានប្រតិកម្មពុលចំពោះកុមារ។
៧.អយស្ទ័រ
អយស្ទ័រ មានតម្លៃអាហារូបត្ថម្ភខ្ពស់ និងមានជាតិស័ង្កសី ដែលអាចជួយបង្កើភាពស៊ាំ។ លើសពីនេះវាក៏អាចជួយបង្កើតប្រូតេអ៊ីន បង្កើនមុខងារកោសិកា និងជួយជួសជុល DNA ផងដែរ។ វាជាអាហារសមុទ្រដែលល្អបំផុតសម្រាប់កូន ដែលស្ថិតក្នុងដំណាក់កាលកំពុងតែលូតលាស់។
ក្រៅពីរបបអាហារដែលរៀបរាប់ខាងលើ ការធ្វើលំហាត់ប្រាណ និងគេងបានគ្រប់គ្រាន់ ក៏ជាចំណែកសំខាន់ដែរ សម្រាប់លើកកម្ពស់សុខភាពកុមារគ្រប់រូប៕