ប្រសិនបើអ្នកចង់លេងជាមួយកូនៗ គួរតែប្រើសកម្មភាពណាដែលចំណេញដល់ការអភិវឌ្ឍខួរក្បាលរបស់កូន ជាជាងការបណ្តោយឲ្យកូនលេងទូរស័ព្ទដែលនាំឲ្យមានផលអាក្រក់ដល់សុខភាព។ ទាំងនេះជាសកម្មភាព៤ចំណុច ដែលឪពុកម្តាយទាំងឡាយគួរតែសាកល្បងជាមួយនឹងកូនជាទីស្រឡាញ់។
១.សួររឿងសាមញ្ញៗ
ទម្លាប់នៃការសួររាល់ថ្ងៃដូចជា បន្ទាប់ពីញ៉ាំបាយហើយកូនត្រូវធ្វើដូចម៉េច? ពេលចេញទៅក្រៅផ្ទះតើកូនគួរធ្វើយ៉ាងម៉េចដើម្បីការពារកម្តៅថ្ងៃ?…។ សកម្មភាពដ៏សាមញ្ញនេះនឹងធ្វើឲ្យកូនរបស់អ្នកចេះនឹងរកចម្លើយ។ ប្រសិនបើកូនរបស់អ្នកឆ្លើយត្រឹមត្រូវ អ្នកគួរតែសរសើរ និងលើកទឹកចិត្តគេជានិច្ច។
២.បង្រៀនកូនគូររូប
ការបង្រៀនកូនគូររូបភាពផ្សេងៗ នឹងធ្វើឲ្យពួកគេមានក្តីស្រមៃតាំងពីតូច ហើយវាអាចត្រូវបានគេចាត់ទុកថា គំនូរជាពិភពមួយទៀតសម្រាប់ក្មេងៗ។ ការគូររូបតាមសៀវភៅរឿងដែលពួកគេចូលចិត្ត នឹងជួយបណ្តុះបណ្តោលភាពអត់ធ្មត់ ព្រមទាំងការផ្តោតអារម្មណ៍របស់កុមារផងដែរ។ ជាពិសេសរូបភាពដែលភ្ជាប់ជាមួយពាក្យជាភាសាអង់គ្លេស វានឹងជួយឲ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍ដល់ទៅពីរយ៉ាង។
៣.ធ្វើស្រមោលរូបសត្វដោយប្រើដៃ
ការបង្រៀនកូនឲ្យចេះប្រើស្រមោលដៃចេញជាទម្រង់រូបសត្វផ្សេងៗ នឹងធ្វើឲ្យពួកគេមានភាពសប្បាយរីករាយរហូតដល់ភ្លេចភាពភ័យខ្លាចនៅពេលយប់ ហើយពួកគេនឹងគេងលក់ស្រួលជាមួយនឹងការស្រមើលស្រមៃល្អៗរបស់ពួកគេជំនួសវិញ។ នៅពេលកូនគេលក់ជាមួយនឹងក្តីសុបិន្តល្អ វានឹងមានEQ នឹងការអភិវឌ្ឍផ្លូវចិត្តល្អប្រសើរ។
៤.អភិវឌ្ឍភាសាជាមួយតន្ត្រី
តន្ត្រីអាចផ្លាស់ប្តូរបរិយាកាសនៅក្នុងផ្ទះផងដែរ។ អនុញ្ញាតឲ្យកូនរបស់អ្នកអនុវត្តភាសាយជាមួយតន្ត្រី ដោយចាប់ផ្តើមច្រៀងតាមចម្រៀងដែលមានវីដេអូតុក្កតាផ្សេងៗ។ ការច្រៀងនឹងធ្វើឲ្យកូនហាត់ភាសាបានល្អ តែកុំភ្លេចឪពុកម្តាយគួរតែទះដៃតាមចង្វាក់ភ្លេងដើម្បីលើកទឹកចិត្តកូនផង។
សកម្មភាពល្អបំផុត ទាមទារឲ្យមានការយកចិត្តទុកដាក់យ៉ាងពេញទំហឹងពីឪពុកម្តាយ ក្នុងការបំពេញសកម្មភាពទាំង៤ចំណុចនេះ។ ប្រសិនបើអ្នកព្យាយាមធ្វើបាន ការអភិវឌ្ឍរបស់កុមារនឹងបន្តកាន់តែប្រសើរឡើង ហើយវាក៏អាចជួយបន្ថែមសេក្តីស្រឡាញ់ និងផ្តល់ភាពក់ក្តៅនៅក្នុងគ្រួសារកាន់តែច្រើនឡើង៕