Skip to content

មាន​ដឹង​អត់! ហេតុអ្វី​ទារក​មួយចំនួន​មាន​ថ្ពាល់ខួច

មនុស្ស​មាន​ថ្ពាល់ខួច ត្រូវបាន​គេ​ចាត់ទុកជា​មនុស្ស​ដែលមាន​ភាព​ទាក់ទាញ មាន​មន្ត​ស្នេហ៍ និង​គួរ​ឲ្យ​ខ្នាញ់​ខុសពី​មនុស្ស​ធម្មតា។ អ្នកជំនាញ​បានធ្វើការ​ប៉ាន់ប្រមាណ​ថា អ្នក​ដែលមាន​ផែនថ្ពាល់​បែបនេះ​មាន​ប្រហែលជា ២០ភាគរយ នៃ​ប្រជាជន​ទាំងអស់​ទូទាំង​សាកលលោក។

មនុស្ស​មួយចំនួន​ថ្វីត្បិតតែ​មាន​ថ្ពាល់ខួច​ក៏ពិតមែន ប៉ុន្តែ​ទាល់តែ​ពួកគេ​សើច ឬ​ញញឹម ទើប​ឃើញ​ស្នាម​ខូង​នៅលើ​ថ្ពាល់​ដែល​គេ​ហៅថា​ខួច រីឯ​អ្នក​ខ្លះទៀត​អាច​ខួច​តែ​ម្ខាង ឬ​ទាំងពីរ ទោះ​មិន​សើច​ក៏​មើលឃើញ​ដែរ ប្រសិនបើ​ស្នាម​ខួច​ជ្រៅ។

ក៏ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា ហេតុអ្វី​បានជា​ទារក​ចំនួន​កើតមក​មាន​ថ្ពាល់ខួច?

តាមពិត ថ្ពាល់ខួច កើតឡើង​ដោយសារតែ​សាច់ដុំ​អភិវឌ្ឍ​មិនបាន​គ្រប់គ្រាន់ ខណៈពេល​បង្ក​កំណើត ទើប​ធ្វើ​ឲ្យ​មាន​ស្នាម​ខូង ដែល​យើង​គ្រប់គ្នា​ហៅថា ខួច។ ប្រសិនបើ​កង្វះ​សាច់ដុំ​នេះ​កើត​ឡើងលើ​ថ្ពាល់​តែ​ម្ខាង វា​នឹង​ខួច​តែ​ម្ខាង តែបើ​កង្វះ​សាច់ដុំ​កើត​ឡើងលើ​ថ្ពាល់​ទាំងសងខាង វា​នឹង​ខួច​ទាំងសងខាង។

ក្នុងករណី​មួយចំនួន ភាព​ខួច​នេះ​អាច​រលប់​បាត់​ទៅវិញ ប្រសិនបើ​សាច់ដុំ​លូតលាស់​ពេញលេញ​នៅពេល​ពួកគេ​ធំ​ពេញវ័យ។

ដូចគ្នានេះ​ផងដែរ អ្នក​ដែលមាន​ថ្ពាល់ខួច ក៏​អា​ចប​ណ្តោ​ល​មកពី​តំណពូជ​ផងដែរ។ ជាពិសេស ប្រសិនបើ​ឪពុក ឬ​ម្តាយ​របស់​អ្នកមាន​ថ្ពាល់ខួច អ្នកនឹង​មានឱកាស​ខួច ២៥ ទៅ ៥០ភាគរយ ហើយ​ប្រសិនបើ​ឪពុកម្តាយ​របស់​អ្នក​ខួច​ទាំងពីរ អ្នក​អាចមាន​ឱកាស​ខួច​រហូតដល់ ១០០ភាគរយ៕