គ្រប់គ្នាប្រហែលជាធ្លាប់លឺហើយថា ចេកជាអាហារបំប៉នដ៏ល្អបំផុតសម្រាប់ទារក ហើយមានឪពុកម្តាយមួយចំនួនបានផ្តល់ចេកជាអាហារដ៏កូនចាប់តាំងពីពួកគេមានអាយុ ១ដល់ ៣ខែមកម្ល៉េះ។ ប៉ុន្តែអ្នកទាំងនោះមិនទាន់ដឹងទេថា វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពកូនរហូតដល់ស្លាប់។
តើការផ្តល់ចេកជាអាហារដល់កូនក្រោមអាយុ៦ខែ មានគ្រោះថ្នាក់អ្វីខ្លះ?
១.ប្រយ័ត្នចំពោះការស្ទះពោះវៀន
ទារកនៅតូចពេកប្រព័ន្ធរំលាយអាហារ មិនអាចរំលាយអាហារអ្វីក្រៅពីទឹកដោះម្តាយនោះទេ។ ដូច្នេះប្រសិនបើអ្នកផ្តល់ឲ្យកូនញ៉ាំចេកសុទ្ធ អាចស្ទះពោះវៀន ហើយនៅក្នុងស្ថានភាពធ្ងន់ធ្ងរអាចបណ្តោលឲ្យគ្រោះថ្នាក់ដល់ជីវិត។
២.ហានិភ័យនៃការស្ទះដង្ហើម
ទារកមិនមានធ្មេញសម្រាប់ខាំ ឬទំពារអាហារឲ្យម៉ត់មុននឹងលេបចូលក្នុងពោះដូចមនុស្សធំបាននោះទេ សូម្បីតែចេកទុំជាអាហារទន់។ ប្រសិនបើអ្នកឲ្យកូនទទួលទានអាចបណ្តោលឲ្យស្លាក់ ស្ទះដង្ហើមស្លាប់បាន ហើយករណីមួយចំនួនអាចប៉ះពាល់ដល់ជំងឺរលាកសួតផងដែរ។
៣.ខកខានឱកាសទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវពីទឹកដោះម្តាយ
អ្នកប្រហែលជាបានដឹងហើយថា អាហារូបត្ថម្ភសម្រាប់កុមារ គឺគ្មានអ្វីប្រសើរជាងទឹកដោះម្តាយទេ។ ដោយសារតែពួកគេមានប្រព័ន្ធភាពស៊ាំទាប និងត្រូវការសារធាតុចិញ្ចឹមដែលចាំបាច់ ដូច្នេះប្រសិនបើកុមារប្តូរទៅញ៉ាំចេកសុទ្ធ អាចនាំឲ្យខ្វះសារធាតុចិញ្ចឹមចាំបាច់ ហើយកូនក្លាយជាឈឺផងដែរ។
ការពិតកុមារក្រោមអាយុ៦ខែ ត្រូវបានណែនាំឲ្យបៅទឹកដោះម្តាយតែមួយមុខគត់ កុំផ្តល់អាហារអ្វីផ្សេងទៀតឲ្យកូនសោះ។ មិនថាតែចេក ឬអ្វីក៏ដោយ ព្រោះប្រព័ន្ធរំលាយអាហាររបស់ក្មេងមិនទាន់ដំណើរការបានពេញលេញនៅឡើយ៕