ការអភិវឌ្ឍបញ្ញារបស់កុមារក្រៅពីអាចចងចាំបានល្អ កាវិភាគសមហេតុផលក៏ត្រូវមានការកែលម្អខ្លះផងដែរ។ ជារឿយៗឪពុកម្តាយភាគច្រើនមិនចូលចិត្តឆ្លើយនឹងសំនួរដែលកូនតូចសួរនោះទេ ព្រោះយល់ថាជាសំនួរគ្មានប្រយោជន៍ ជាពិសេសនៅពេលពួកគេមានអាយុ៣ទៅ៤ឆ្នាំ។ តែទោះជាយ៉ាងណាការចង់ដឹង ចង់លឺរបស់ក្មេងនៅវ័យនេះ នឹងធ្វើឲ្យពួកគេមានការអភិវឌ្ឍន៍កាន់តែខ្លាំង ប្រសិនបើអ្នកព្យាយាមផ្តល់ចម្លើយដែលត្រឹមត្រូវសម្រាប់ពួកគេ។
គុណសម្បត្តិនៃការសួររបស់កូន
១.កូននឹងក្លាយជាក្មេងដែលចេះធ្វើអ្វីដោយមានការប្រុងប្រយ័ត្នជានិច្ច។
២.កូននឹងចាប់ផ្តើមការរៀន។
៣.កូននឹងក្លាយជាក្មេងក្លាហានក្នុងការគិត និងនិយាយពាក្យសម្តីបានសមរម្យតាមរយៈការបណ្តុះបណ្តោលរបស់ឪពុកម្តាយ។
ធ្វើដូចម្តេចដើម្បីលើកទឹកចិត្តកូនឲ្យក្លាយជាកូនដែលចង់ដឹង ចង់លឺ ចង់ឃើញ និងក្លាហាន?
១.ធ្វើឲ្យកូនរបស់អ្នកមានអារម្មណ៍ថា ការសួរមិនខុស។
២.ប្រសិនបើកូនរបស់អ្នកអាចសួរបានល្អ សូមធ្វើការសសើរ ឬអ្នកអាចទុកពេលឲ្យពួកគេឆ្លើយដោយខ្លួនឯងវិញ។
៣.យកចិត្តទុកដាក់ចំពោះសំនួររបស់កូន ទោះបីជាវារឿងតូចក៏ដោយ។ ប្រសិនបើអ្នករវល់ សូមនិយាយទៅកាន់កូនថា ពេលនេះប៉ាម៉ាក់កំពុងរវល់ ចាំប៉ាម៉ាក់ប្រាប់កូននៅពេលក្រោយ។ ហើយត្រូវរក្សាសន្យាក្នុងការឆ្លើយ ដើម្បីធ្វើឲ្យកូនមានចិត្តចង់សួរបន្តទៀត។
៤.ឆ្លើយសំនួរដោយស្នាមញញឹម និងផ្តល់នូវហេតុផលងាយយល់ ដោយសារតែក្មេងនៅក្នុងវ័យនេះអាចសួរសំនួរគ្មានហេតុផល។ តែអ្នកត្រូវតែឆ្លើយ ដើម្បីឲ្យកុមារមានភាពរីករាយក្នុងការសួរ។
៥.ធ្វើឲ្យកូនរបស់អ្នកក្លាយជាក្មេងមិនចេះគុំគួន ព្រោះការសួរ ការនិយាយ និងការជជែកវែកញែកដោយហេតុផល អាចមានអ្នកឈ្នះ អ្នកចាញ់។ ប្រសិនបើពួកគេចាញ់ ត្រូវបង្រៀនឲ្យពួកគេចេះទទួលយកការពិត ហើយប្រសិនបើពួកគេឈ្នេះត្រូវបង្រៀនធ្វើជាអ្នកឈ្នេះដែលមិនមើលងាយអ្នកដទៃ។
វិធីសាស្ត្រទាំងនេះផ្តើមចេញពីភាពស្មោះត្រង់របស់ឪពុកម្តាយ ដែលចង់ឃើញកូនៗបង្កើនទំនាក់ទំនង និងភាពឆ្លាតវៃក្នុងការនិយាយ ដើម្បីពង្រឹងដល់បញ្ហារបស់ខ្លួន។ ជឿថាប្រសិនបើអ្នកព្យាយាមឲ្យកូនរបស់អ្នកប្រើប្រាស់ IQ កាន់តែច្រើន ខួរក្បាលរបស់ពួកគេនឹងបន្តការអភិវឌ្ឍកាន់តែខ្លាំង៕