នៅពេលទៅផ្សាកូនរបស់អ្នកចូលចិត្តតាមមែនទេ? បើមិនឲ្យទៅពួកគេនឹងយំននៀលដីមែនទេ? ឬនៅពេលពួកគេចង់បានរបស់អ្វីមួយតែងតែស្រែកយំធ្វើឲ្យអ្នកខ្មាស់គេមែនទេ? នេះជាអាកាប្បកិរិយាមិនល្អឡើយសម្រាប់កូនៗ ប៉ុន្តែយើងមានវិធីមួយចំនួនដែលអាចទប់ទល់ជាមួយនឹងកូនដែលមានចរិកបែបនេះ។
១.ស្វែងរកបញ្ហារបស់កូន
រឿងដំបូងដែលឪពុកម្តាយត្រូវធ្វើ គឺត្រូវតែដឹងខ្លួនឡើងវិញ និងស្វែងយល់បន្តិចម្តងៗពីមូលហេតុនៃអាកាប្បកិរិយាមិនសមរម្យរបស់ពួកគេ។ ជួនកាលពួកគេអាចធ្វើត្រាប់តាមក្មេងដែលនៅជិតខាង ឬតាមខ្សែភាពយន្តផ្សេង។
២.កុំប្រើអារម្មណ៍ប្រឆាំង
បន្ទាប់ពីឃើញអាកាប្បកិរិយារបស់កូនហើយ រឿងមួយដែលត្រូវបានហាម គឺកុំប្រើអារម្មណ៍ប្រឆាំងជាមួយនឹងកូន។ ប៉ុន្តែត្រូវប្រើភាពស្ងប់ស្ងាត់ មិនថាក្មេងកំពុងយំព្យាយាមននៀលដីក៏ដោយ។ ទុកឲ្យពួកគេធ្វើបែបនេះរហូតទាល់តែឈប់ដោយខ្លួនឯង មិនចាំបាច់បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ឬអាណិតអាសូទេ ព្រោះវានឹងធ្វើឲ្យកូនកាន់តែបានចិត្ត។
៣.បង្កើតការពិន័យ និងការសន្យា
នៅពេលកូនចាប់ផ្តើមឈប់យំ អ្នកគួរបង្កើតលក្ខខណ្ឌជាមួយនឹងកូនៗ ថាបើកូនយំបែបនេះនៅទីសារធារណៈម្តងទៀត និងត្រូវទុកឲ្យនៅក្រៅផ្ទះ១សប្តាហ៍ និងពន្យល់ពីមូលហេតុសម្រាប់ការដាក់ទណ្ឌកម្មនៃឥរិយាបថមិនល្អបែបនេះ។ នៅពេលដែលកូនរបស់អ្នកយល់ សូមឱបពួកគេថ្នមៗ ហើយបង្រៀនគាត់ឲ្យដឹងថា អ្នកពិតជាស្រឡាញ់គាត់ណាស់។
៤.កូនយំកាន់តែខ្លាំង អ្នកកាន់តែនៅឲ្យស្ងៀម
នៅពេលដែលកូនកំពុងតែស្រែកយំដោយសារតែភាពចង់ឈ្នេះ សូមកុំប្រើអំពើហិង្សាឲ្យសោះ ព្រោះវានឹងធ្វើឲ្យពួកគេមានរបួសស្នាមនៅក្នុងបេះដូង។ ប្រសិនបើអ្នកចង់ឲ្យកូនមានហេតុផល យើងត្រូវមានហេតុផលបង្ហាញឲ្យកូនឃើញជាមុនសិន។ ដូច្នេះត្រូវចាំថា ការអត់ធ្មត់កាន់តែច្រើន អ្នកក្លាយជាឪពុកម្តាយកាន់តែល្អនៅក្នុងក្រសែភ្នែកកូន។
៥.ការលើកទឹកចិត្ត
បង្កើតការលើកទឹកចិត្តក្នុងការធ្វើជាកូនល្អ ហើយត្រូវធ្វើវារាល់ពេលដែលកូនធ្វើរឿងល្អៗ ដោយសម្តែងតាមរយៈកាយវិការដូចជាការនិយាយសរសើរ ការឱបពោរពេញទៅដោយស្នាមញញឹម។ រូបភាពនេះហើយដែលធ្វើឲ្យកូនមានអារម្មណ៍ចង់ធ្វើវាម្តង ហើយញៀននឹងការធ្វើជាក្មេងល្អ។
បច្ចេកទេសទាំងនេះគ្រាន់តែជាផ្នែកចិត្តសាស្ត្រតូចមួយប៉ុណ្ណោះ តែប្រសិនបើឪពុកម្តាយទាំងឡាយអាចធ្វើបាន កូនរបស់អ្នកនឹងក្លាយជាក្មេងល្អ មិនមានចរិករឹងរួស ឬយំននៀលដីទៀតទេ៕