របៀបពិនិត្យមើលដបទឹកដោះគោកូនផុតកំណត់ប្រើហើយឬនៅ បើផុតសូមប្តូរថ្មីភ្លាម

0

នៅពេលកូនកើតមក ក្រៅពីមឹមទឹកដោះម្តាយដោយផ្ទាល់ នៅមានវិធីម្យ៉ាងទៀតដែលម៉ាក់ៗសម័យថ្មីតែងតែប្រើ គឺការប្រើដបទឹកដោះគោជំនួស។ តែការប្រើដបប្លាស្ទិច មិនអាចទិញតែម្តងប្រើបានរហូតដល់កូនធំនោះទេ វាមានរយៈពេលក្នុងប្រើប្រាស់របស់វាដែរ។ ជាពិសេសប្រសិនបើអ្នកសង្កេតឃើញដបទឹកដោះគោរបស់កូន មានសភាពខុសធម្មតាដូចខាងក្រោមនេះ សូមប្តូរចេញភ្លាម៖

១.ប្រយ័ត្នក្បាលមឹម

ជាទូទៅក្បាលមឹមដែលផលិតពីប្លាស្ទិចប្រើបានរយៈពេល៣ខែ វានឹងប្រែពណ៌ឡើងស្រអាប់។ ពេលខ្លះរូបរាងប្រែខុសធម្មតាទៅជាទន់ ប៉ោង ឬឡើងពណ៌ខ្មៅ ជាសញ្ញាបញ្ជាក់ពីការផុតកំណត់ដែលត្រូវប្តូរថ្មីហើយ។

២.មើលសភាពដបឲ្យច្បាស់

ជ័រប្លាស្ទិចដែលគេផលិតជាដបទឹកដោះគោ អាចប្រើបានយូរជាងក្បាលមឹម។ ជាធម្មតាការប្រើប្រាស់មានរយៈពេល ៦ខែទៅ ៣ឆ្នាំ អាស្រ័យទៅលើការថែទាំរបស់អ្នក។ ប៉ុន្តែនៅពេលអ្នកធ្វើលាងសម្អាតដបទឹកដោះគោ ហើយស្រុះទឹកក្តៅ ឬចំហុចជាញឹកញាប់ អាចបណ្តោលឲ្យឆាប់ប្រេះ។ សូមចាំថាប្រសិនបើដបមានសភាពប្រេះ ឬប៉ោងដុំៗត្រូវបោះចោលទៅ។

ការពិនិត្យភាពមិនប្រក្រតីនៃដបទឹកដោះគោ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោផលិតផលអ្វីក៏មានដែនកំណត់ក្នុងការប្រើប្រាស់ដែរ។ តែប្រសិនបើអ្នកនៅតែប្រើដបចាស់ដដែលៗរហូតទាល់តែធ្លុះធ្លាយអស់ វាអាចបង្កផលអាក្រក់ដល់កូនទៅវិញទេ ដូច្នេះកុំស្តាយអីបើឃើញដបមានសភាពប្រែប្រួលដូចខាងលើ សូមឈប់ប្រើភ្លាមដើម្បីសុខភាពកូន៕