ការលាងសម្អាតច្រមុះ មិនអាចខកខានបាននោះទេសម្រាប់កុមារដែលមានជំងឺផ្តាសាយ។ ប៉ុន្តែប្រសិនបើអ្នកប្រើទឹកអំបិលលាងសម្អាតមិនបានត្រឹមត្រូវអាចធ្វើឲ្យកូនឈ្លក់ ស្រែកយំ ឬបដិសេធមិនព្រមឲ្យអ្នកលាងម្តងទៀត។ នេះជាហេតុដែលធ្វើឲ្យឪពុកម្តាយជាច្រើនមានការព្រួយបារម្ភអំពី ការហៀរសំបោរតាមច្រមុះ ជាបន្តបន្ទាប់។ ថ្ងៃនេះយើងនឹងបង្ហាញពីរបៀបលាងសម្អាតច្រមុះរបស់កុមារឲ្យបានត្រឹមត្រូវ។
១.ដំបូងអ្នកត្រូវរៀបចំទឹកអំបិលទៅដាំឲ្យពុះដើម្បីសម្លាប់មេរោគ ហើយទុកឲ្យសីតុណ្ហភាពថយចុះនៅក្តៅឧណ្ឌៗ។
២.បន្ទាប់មកប្រើសឺរ៉ាំងបូមទឹកអំបិលនោះ។ សម្រាប់កុមារតូចៗអាចបូមម្តង៥សេសេ ហើយសម្រាប់ក្មេងធំ អាចបូមចាប់ពី ១០ទៅ១៥សេសេ។
៣.ដាក់សឺរ៉ាំងចូលក្នុងរន្ធចម្រុះម្ខាងរបស់កូន តែខណៈនេះត្រូវឲ្យកូនដកដង្ហើមចេញចូលតាមមាត់បណ្តោះអាសន្នសិន។
៤.ចាប់ផ្តើមបាច់ចូលច្រមុះថ្នម ទុកឲ្យទឹកអំបិលហូរឆ្លងកាត់រន្ធច្រមុះ ទៅចេញតាមរន្ធច្រមុះម្ខាងទៀត។ បន្ទាប់មកបញ្ចេញដង្ហើមតាមច្រមុះវិញ។
៥.លាងសម្អាតឧបករណ៍សម្រាប់លាងច្រមុះជានិច្ចជាមួយសាប៊ូ ហើយស្រុះទឹកក្តៅ។
៦.ណែនាំកុមារកុំឲ្យដកដង្ហើមចេញតាមច្រមុះពេលកំពុងលាងសម្អាត ព្រោះវាអាចបណ្តោលឲ្យកូនឈ្លក់ ហើយលេបទឹកអំបិលចូលទៅក្នុងពោះ។
នេះគឺជាតិបច្ចេកទេសតូចមួយដែលអាចជួយឲ្យឪពុកម្តាយទាំងឡាយដឹងពីរបៀបលាងសម្អាតច្រមុះរបស់កូនបានត្រឹមត្រូវ ដើម្បីកាត់បន្ថយរោគសញ្ញានៃជំងឺផ្តាសាយ៕