ការចិញ្ចឹមកូនឲ្យមានសុខភាពល្អ គឺជាគ្រិះដ៏សំខាន់ ប៉ុន្តែក្រៅពីនេះតើអ្នកចង់ឲ្យកូនមានកម្ពស់ខ្ពស់ស្រលះមែនទេ? ទោះបីជាកម្ពស់ត្រូវបានកំណត់ដោយហ្សែនក៏ដោយ តែនៅមានកត្តារួមផ្សំមួយចំនួនទៀតក៏អាចជួយជំរុញឲ្យកុមារលូតលាស់បានខ្ពស់ល្អដែរ។ ថ្ងៃនេះយើងនឹងណែនាំពីវិធីចិញ្ចឹមកូនឲ្យមានកម្ពស់ខ្ពស់ត្រូវស្តង់ដារ។
១.ផ្តោតសំខាន់ទៅលើអាហារដែលសម្បូរប្រូតេអ៊ីន និងកាល់ស្យូម
សារធាតុចិញ្ចឹមទាំងពីរយ៉ាងនេះគួរតែផ្តល់ឲ្យកូនញឹកញាប់ ព្រោះវាចូលរួមជំរុញការលូតលាស់កម្ពស់របស់កូនដោយផ្ទាល់។ ជាពិសេសកាល់ស្យូម ជួយពង្រឹងឆ្អឹងឲ្យរឹងមាំបានល្អ។
អាហារដែលគួរផ្តល់ឲ្យកូន រួមមានទឹកដោះគោយ៉ាងហោចណាស់ ៣កែវក្នុងមួយថ្ងៃ តែបើកូនធំដល់វ័យជំទងគួរតែបង្កើនឲ្យបាន ១ទៅ២លីត្រក្នុងមួយថ្ងៃ។ ប៉ុន្តែចំពោះកុមារដែលមានឈាមប្រភេទ 0 អ្នកជំនាញបានណែនាំថា រាងកាយមិនអាចស្រូបយកជាតិកាល់ស្យូមពីទឹកដោះគោនោះទេ ដូច្នេះអ្នកអាចជំនួសដោយសាច់ និងបន្លែដើម្បីជំនួយដល់ការលូតលាស់។
២.ផ្តោតទៅលើការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណដោយការលោត ដូចជាលេងបាល់បោះ បាល់ទះ លោតអន្ទាក់ យ៉ាងហោចណាស់ ១០ទៅ ១៥នាទីក្នុងមួយថ្ងៃ។ វានឹងជួយឲ្យរាងកាយបង្កើតអ័រម៉ូនជំរុញដល់ការលូតលាស់នៃឆ្អឹងឲ្យកាន់តែវែង។ លំហាត់ប្រាណនេះ អាចជួយពង្រឹងដល់សន្លាក់របស់កូន។
៣.ផ្តោតទៅលើការគេង
គួរឲ្យកូនរបស់អ្នកគេងចាប់ពី ៨ទៅ ១០ម៉ោងក្នុងមួយថ្ងៃ ព្រោះការសម្រាកបានគ្រប់គ្រាន់នឹងបណ្តោលឲ្យរាងកាយផលិតអ័រម៉ូនលូតលាស់ ដែលជាធម្មតាត្រូវបានបង្កើតឡើងនៅអំឡុងម៉ោង ១០យប់ ទៅ១០ព្រឹក។ ដូច្នេះកូនរបស់អ្នកគួរតែគេងបានលក់ស្រួលក្នុងអំឡុងពេលនេះ ដើម្បីបង្កើនការលូតកម្ពស់។
៤.បង្កើនភាពរីករាយនៅក្នុងផ្ទះ
តើអ្នកដឹងទេ បញ្ហាស្ត្រេសមានឥទ្ធិពលផ្ទាល់ទៅលើអ័រម៉ូនរបស់កូន? ប្រសិនបើកូនរបស់អ្នកស្ត្រេសខ្លាំងពេក វាអាចបណ្តោលឲ្យពួកគេឈប់លូតកម្ពស់ ឬការលូតកម្ពស់មានការអភិវឌ្ឍតិចតួចជាងធម្មតា។ ដូច្នេះសូមព្យាយាមបង្កើតភាពសប្បាយៗនៅក្នុងក្រុមគ្រួសារ ដើម្បីជួយពន្លឿនដល់ការលូតកម្ពស់របស់កូន។
៥.ជៀសវាងអាហារមួយចំនួន
អាហារខ្លះអាចរំខាន់ដល់ការស្រូបយកជាតិកាល់ស្យូម រួមទាំងភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន និងអាហារដែលមានជាតិប្រៃពេក។ សូម្បីតែគ្រឿងស្រវឹងក៏ដូចគ្នាដែរ ប្រសិនបើកូនរបស់អ្នកសេពគ្រឿងស្រវឹងទាំងវ័យក្មេង អាចប៉ះពាល់ដល់ការលូតកម្ពស់។
សូមព្យាយាមចិញ្ចឹមកូនតាមការណែនាំដូចខាងលើនេះ ពួកគេនឹងមានសុខភាពល្អ ហើយមានការលូតកម្ពស់ខ្ពស់ ដូចការរំពឹងរបស់អ្នកជាពុំខាន៕