ការបំបៅដោះកូន គឺជារឿងចាំបាច់បំផុតសម្រាប់ទារកទើបនឹងកើតរហូតដល់អាយុ ៦ខែ ព្រោះទឹកដោះម្តាយអាចផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលកូនត្រូវការចាំបាច់ដើម្បីលូតលាស់។ ក៏ប៉ុន្តែក្រោយពេលបញ្ឈប់ការបំបៅដោះកូនហើយ ស្ត្រីភាគច្រើនប្រហែលជាខកចិត្តជាមួយនឹងសុដន់ខ្លួនឯង ដោយសារតែវារួញស្វិត ឬធ្លាក់យារខុសទ្រងទ្រាយដើម។ ជាពិសេសសម្រាប់អ្នកដែលមានសុដន់ធំៗតែម្តង។
ទោះជាយ៉ាងណាបញ្ហាសុដន់ធ្លាក់យារ អាចដោះស្រាយបានដោយគ្រាន់តែអ្នកម្តាយព្យាយាមអនុវត្តវិធីដូចខាងក្រោម៖
១.ធ្វើលំហាត់ប្រាណ
សុដន់របស់អ្នកមិនមានសរសៃចង និងសាច់ដុំច្រើននោះទេ តែវាមានជាលិកាខ្លាញ់ និងក្រពេញច្រើនបំផុត។ ប៉ុន្តែប្រសិនបើសាច់ដុំដែលទ្រងទ្រង់សុដន់ត្រូវបានពង្រឹង វានឹងជួយលើកកម្ពស់រូបរាងសុដន់ទាំងមូលឲ្យមានភាពទាក់ទាញ។ ដូច្នេះលំហាត់ប្រាណដែលអ្នកគួរអនុវត្តក្រោយពេលបញ្ចប់ការបំបៅដោះកូន គឺការទាញ រុញ ឬលើកដុំដែកជាដើម។
២.ម៉ាស្សាដោយប្រើទឹកត្រជាក់ ឬទឹកក្តៅ
ការប្រើទឹកក្តៅមកម៉ាស្សាដើមទ្រូងទាំងសងខាង ដើម្បីបង្កើនចរាចរណ៍ឈាម ហើយការប្រើទឹកត្រជាក់(ឬដុំទឹកកក) ដើម្បីរឹតបន្តឹងដើមទ្រូងកុំឲ្យធ្លាក់យារ។
៣.ប្រើប្រេងម៉ាស្សាដើមទ្រូង
អំឡុងពេលបំបៅដោះកូន អ្នកប្រហែលជាមិនអាចប្រើប្រេងបាននោះទេ ព្រោះទារកអាចជញ្ចក់លេបចូលទៅក្នុងពោះបាន។ ប៉ុន្តែក្រោយពេលបញ្ចប់ការបំបៅដោះ អ្នកអាចប្រើប្រេងអូលីវមកលាប ហើយម៉ាស្សាលើសុដន់ វានឹងជួយឲ្យសុដន់របស់អ្នកទន់មានសំណើម និងតឹងណែនឡើងវិញ។
ក្រៅពីនេះ អ្នកត្រូវព្យាយាមទទួលទានអាហារដែលសម្បូរទៅដោយវីតាមីន B និង E ព្រោះវាអាចជួយរក្សាភាពបត់បែននៃស្បែកសុដន់ឲ្យមានសុខភាពល្អ។ មួយវិញទៀតកុំបញ្ចុះទម្ងន់លឿនពេក ព្រោះវាក៏អាចធ្វើឲ្យស្បែកនៃសុដន់បាត់បង់ភាពតឹងណែន ហើយប្រែទៅជាយឺតយារផងដែរ៕