ការក្អករបស់កូននៅពេលយប់ អាចប៉ះពាល់ដល់ទារកភាគច្រើន ដោយសារតែអាកាសធាតុប្រែប្រួល រួមទាំងប្រព័ន្ធភាពស៊ាំមិនខ្លាំងដូចមនុស្សពេញវ័យ។ ការក្អកនៅពេលយប់ធ្វើឲ្យឪពុកម្តាយមានការព្រួយបារម្ភ និងគេងមិនលក់ ព្រោះខ្លាចកូនមានរោគសញ្ញាមិនស្រួលកើតឡើង។
ខាងក្រោមនេះជាវិធីគ្រប់គ្រងការក្អកនៅពេលយប់របស់កុមារ៖
១.គ្រប់គ្រងសំបោររបស់កូន
ដើម្បីកម្ចាត់សំបោរដែលនៅទើសក្នុងផ្លូវដង្ហើម កុមារៗភាគច្រើនតែងលេប ឬស្តោះចេញពីមាត់ខ្លះ តែការបណ្តោលឲ្យសំបោរមានវត្តមាននៅក្នុងផ្លូវដង្ហើមយូរពេក អាចធ្វើឲ្យរលាកផ្លូវដង្ហើមបាន។ ដើម្បីកាត់បន្ថយបរិមាណសំបោរ កើនឡើងកាន់តែច្រើនឡើងៗ និងការក្អកនៅពេលយប់ សូមព្យាយាមឲ្យកុមារទឹកក្តៅបន្តិចម្តង។
២.រៀបចំបន្ទប់គេងឲ្យមានផាសុខភាព
អ្នកត្រូវរៀបចំបន្ទប់គេងសម្រាប់កូន ឲ្យមានខ្យល់ចេញចូលបានល្អ ព្រោះភាគច្រើននៅក្នុងបន្ទប់ដែលមានបរិមាណធូលីច្រើន នឹងធ្វើឲ្យកុមារមានប្រតិកម្មអាឡែកស៊ី រលាកទងសួត និងមានបញ្ហាផ្លូវដង្ហើម ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់ជានិច្ច។ មិនថាឡើយគ្រែគេង សូម្បីតែភួយ ខ្នើយ ឬតុក្តាដែលកូនលេងរាល់ថ្ងៃ ក៏ត្រូវសម្អាតឲ្យបានញឹកញាប់ផងដែរ។
៣.បង្កើនសីតុណ្ហភាពក្នុងបន្ទប់គេង
ប្រសិនបើអ្នកបើកម៉ាស៊ីនត្រជាក់ក្នុងបន្ទប់គេង ត្រូវកំណត់សីតុណ្ហភាព ២៨អង្សាសេ ដែលជាលក្ខខណ្ឌល្អសម្រាប់ពេលកុមារក្អក ហើយមិនត្រូវដាក់ឲ្យកុមារគេងចំពីមុខម៉ាស៊ីនត្រជាក់ឡើយ។ ម្យ៉ាងវិញទៀត អ្នកត្រូវពាក់ស្រោមជើង យកកន្សែងរុំជុំវិញដើមទ្រូង និងកកុមារ ដើម្បីជួយគ្រប់គ្រងរាងកាយកុំឲ្យត្រជាក់ពេក។
៤.ការពារបរិយាកាសក្នងបន្ទប់កុំឲ្យស្ងួត
ដោយសារតែលក្ខខណ្ឌខ្យល់ស្ងួតអាចជំរុញដល់ការផលិតស្លេស និងសំបោរ ដែលជាហេតុធ្វើឲ្យកូនជាទីស្រឡាញ់របស់អ្នករលាកបំពង់ក កណ្តាស់ ក្អក ហៀរសំបោរ។ ដូច្នេះអ្នកត្រូវដាក់កែវទឹក ឬចានទឹក នៅក្រោមម៉ាស៊ីនត្រជាក់ ដើម្បីបង្កើតសំណើមនៅក្នុងបន្ទប់គេងដោយខ្លួនឯង។
៥.ធ្វើទឹកក្រូចឆ្មារ និងទឹកឃ្មុំសម្រាប់កុមារ
ទឹកឃ្មុំមានគ្រឿងផ្សំដែលអាចជួយកាត់បន្ថយការរលាកបំពង់ក ហើយអាចកម្ចាត់វីរុសដែលបណ្តោលឲ្យក្អក។ តែសូមប្រយ័ត្នមិនត្រូវផ្តល់ឲ្យកុមារក្រោមអាយុ២ឆ្នាំទទួលទានឲ្យសោះ។
ក្នុងករណីដែលអ្នកគ្មានពេល ឬពិបាកក្នុងការអនុវត្តដូចការណែនាំខាងលើ សូមប្រញាប់នាំកូនឲ្យជួបគ្រូពេទ្យ ហើយកុំបណ្តោយទុកយូរខ្លាចស្ថានភាពកាន់តែធ្ងន់ធ្ងរ៕