តិចនិចសន្សំសំចៃប្រាក់ ក្នុងការទិញសំភារៈសម្រាប់ទារកទើបនឹងកើត

0

ការចាយលុយគ្មានអ្វីពិបាកនោះទេ ប៉ុន្តែការរកលុយវិញទើបជាការលំបាក ដូច្នេះប៉ាម៉ាក់ថ្មោងថ្មីមិនគួរខ្ចេះខ្ចាយក្នុងការចំណាយប្រាក់ទៅលើសំភារៈខុសគោដៅនោះទេ។ ខាងក្រោមនេះ គឺជាវិធីជួយសន្សំសំចៃប្រាក់ក្នុងការទិញរបស់របបរសម្រាប់កូន៖

១.រៀបចំផែនការទិញ

ចាប់ផ្តើមពីការសរសេរបស់ដែលត្រូវទិញនៅក្នុងក្រដាស់ ដើម្បីបង្កើតគោលដៅ និងគ្រប់គ្រងថវិការកុំឲ្យវង្វេងទិញរបស់អ្វីផ្សេងដែលមិនត្រូវគោលដៅ។

២.ពិនិត្យមើលតម្លៃមុនពេលទិញ

មុននឹងសម្រេចទិញរបស់អ្វីមួយ ហើយប្រគល់ប្រាក់ឲ្យទៅអ្នកលក់ អ្នកត្រូវដើរមើលផលិតផលតាមទីផ្សារជាមុនសិន ព្រោះមានកន្លែងខ្លះអាចមានតម្លៃខុសគ្នា។ ការដើរជ្រេមើលរបស់របរមុននឹងទិញ អាចធ្វើឲ្យអ្នកទិញរបស់បានគ្រប់ចំនួន ហើយសល់លុយក្នុងហោប៉ៅថែមទៀត។

៣.ការទិញរបស់នីមួយៗគួរតែទិញតាមវិធីផ្សេងគ្នា

ប្រសិនបើវាជារបស់ដែលត្រូវប្រើយូរអង្វែង ហើយត្រូវការប្រើប្រាស់ច្រើន ដូចជាក្រណាត់ កន្ទប ស្រោមជើងស្រោមដៃ ខោអាវ ។ល។ គួរតែទិញឲ្យមានទំហំធំជាងខ្លួនទារកបន្តិច ទើបទារកអាចពាក់បានយូរ។ ម្យ៉ាងទៀតរបស់ខ្លះគួរតែទិញជាសំណុំ ឬជាឈុត ដើម្បីកាត់បន្ថយការរបស់ថ្មីចូល ក៏ដូចជាកាត់​បន្ថយការចំណាយប្រាក់ផងដែរ។

៤.ពិចារណាចំពោះការទិញតាមអ៊ីនធើណែត

សព្វថ្ងៃនេះ ការលក់តាមអ៊ីនធើណែតមានតម្លៃខុសគ្នាស្ទើរតែពាក់កណ្តោល ដោយសារតែអាជីករមិនមានថ្លៃឈ្នួល និងមានការប្រកួតប្រជែញគ្នាខ្លាំង ធ្វើឲ្យការលក់របស់ធូរថ្លៃជាងមុន។ ដូច្នេះអ្នកអាចពិចារណាចំពោះការទិញរបស់តាមអ៊ីនធើណែត ដែលអាចទទួលយកបាន​ និងសន្សំសំចៃប្រាក់ច្រើន។

សម្រាប់អ្នកម៉ាក់ដែលកំពុងតែស្វែងរកវិធីជួយគ្រួសារក្នុងការសន្សំប្រាក់ទិញរបស់របស់ឲ្យកូនតូច គួរតែអនុវត្តវិធីទិញដូចខាងលើ៕