ទោះបីជាកុមារត្រូវការអាហារច្រើនរួមទាំងបន្លែ ផ្លែឈើ និងសាច់ផ្សេងៗ ដើម្បីការអភិវឌ្ឍ និងលូតលាស់ក៏ដោយ។ ប៉ុន្តែមានអាហារមួយចំនួន អ្នកពុំគួរឲ្យកុមារញ៉ាំក្នុងពេលតែមួយនោះទេ ព្រោះវាអាចបង្កផលអាក្រក់ដល់កូនបាន។ ខាងក្រោមនេះ គឺជបញ្ជីអាហារដែលអ្នកម្តាយមិនគួរឲ្យកូនញ៉ាំរួមគ្នាឡើយ៖
១.ប៊ឺហ្គឺ និងដំឡូងបារាំងចៀន
អាហារទាំងនេះមានផ្ទុកជាតិខ្លាញ់ច្រើន ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានការធ្លាក់ចុះ។ សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ រាងកាយរបស់ពួកគេអាចដោះស្រាយបាន ប៉ុន្តែចំពោះកុមារតូចៗគឺមិនអាចនោះទេ។ ដូច្នេះអ្នកគួរតែណែនាំកុំឲ្យកុមារញ៉ាំអាហារទាំងពីរមុខនេះក្នុងពេលតែមួយឲ្យសោះ។
២.ភីហ្សា និងសូដា
នេះគឺជាការរួមផ្សំអាហារដ៏ឆ្ងាញ់មួយទៀតសម្រាប់ក្មេង តែវាក៏មានគ្រោះថ្នាក់ដូចគ្នា ដោយសារតែភីហ្សា ផ្ទុកទៅដោយកាបូនអ៊ីដ្រាត ជាតិម្សៅ និងប្រូតេអ៊ីន ធ្វើរាងកាយត្រូវការប្រើប្រាស់ថាមពលច្រើនក្នុងដំណើរការរំលាយ។ ការទទួលទានភេសជ្ជៈសូដាស្របពេលដំណាលគ្នាទៀតនោះ អាចធ្វើឲ្យការរំលាយកាន់តែមានបញ្ហាធ្ងន់ធ្ងរ។ វានឹងធ្វើឲ្យកូនតូចរបស់អ្នកហើមពោះ និងមានគ្រោះថ្នាក់ខ្លាំងសម្រាប់សុខភាពពួកគេ។
៣.ចេក និងទឹកដោះគោ
ទាំងចេក និងទឹកដោះគោ មានផ្ទុកសារធាតុចិញ្ចឹមដែលល្អបំផុតសម្រាប់សុខភាពកុមារ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវឲ្យកូនញ៉ាំក្នុងពេលតំណាលគ្នាឡើយ ព្រោះវាអាចធ្វើឲ្យកូនងងុយគេង ហើយបើធ្ងន់ធ្ងរនាំឲ្យខ្សោយបញ្ញា។ ដូច្នេះដើម្បីការលូតលាស់ និងអភិវឌ្ឍរបស់កូន យកល្អកុំឲ្យកូនញ៉ាំអាហារទាំងពីរនេះរួមគ្នាឲ្យសោះ។
៤.ផ្លែឈើ និងទឹកដោះគោជូរ
ការទទួលទានអាហារទាំងពីរនេះក្នុងពេលតែមួយ អាចបង្កគ្រោះថ្នាក់ ព្រោះជាតិពុលដែលផ្សំបញ្ចូលគ្នារបស់ផលិតផលទាំងពីរមុខនេះ អាចបង្កើតឲ្យមានការផ្លាស់ប្តូរបាក់តេរីល្អក្នុងពោះវៀនកុមារក្រោមអាយុ ១០ឆ្នាំ។ មិនតែប៉ុណ្ណោះវាអាចបណ្តោលឲ្យកុមារផ្តាសាយ ក្អក ឡើងស្ទះ និងអាឡែកស៊ីក្នុងករណីកម្រ។ ដូច្នេះ អ្នកគួរតែណែនាំកូនឲ្យញ៉ាំទឹកដោះគោជូរ និងផ្លែឈើដាច់ដោយឡែកពីគ្នា យ៉ាងហោចណាស់ ១ម៉ោងក្នុងមួយមុខ។
៥.សាច់ និងដំឡូងបារាំង
ការរួមបញ្ចូលគ្នារវាងអាហារទាំងពីរមុខនេះ ធ្វើឲ្យបាត់បង់ជាតិសរសៃអស់។ ប្រសិនបើអ្នកផ្តល់អាហារទាំងពីរមុខនេះដល់កូនក្នុងពេលតែមួយ វាអាចធ្វើយឲ្យប៉ះពាល់ដល់ការរំលាយអាហាររបស់ពួកគេ ហើយធ្វើឲ្យពួកគេងាយនឹងទទួលរងពីជំងឺផ្សេងៗផងដែរ៕