ទោះកូនមិនឆ្លាត​ ឬមិនល្អដូចគេក៏ដោយ កុំប្រៀបធៀបពួកគេជាមួយក្មេងដទៃឲ្យសោះ!

0
1

ជាការពិតណាស់ឪពុកម្តាយគ្រប់រូប តែងតែចង់ឲ្យកូនរបស់ខ្លួនល្អជាងគេ ប៉ុន្តែអ្វីៗអាចមិនដូចអ្នកគិតទាំងស្រុងឡើយ ព្រោះក្មេងមានការអភិវឌ្ឍ និងកម្រិតភាពឆ្លាតវៃខុសៗគ្នា។ ដូច្នេះសូមកុំប្រៀបធៀបកូនរបស់អ្នកជាមួយកូនអ្នកដទៃឲ្យសោះ ព្រោះវាមិនបានធ្វើឲ្យមានប្រយោជន៍ដល់កូនប៉ុណ្ណោះទេ ថែមទាំងបង្កបញ្ហាដល់កូនទៅវិញ។

១.ធ្វើឲ្យកូនបាត់បង់ភាពជឿជាក់លើខ្លួនឯង

នៅពេលអ្នកនិយាយទៅកាន់កូនថា កូនមិនពូកែដូចកូនគេសោះ​ យូរៗទៅពួកគេនឹងចាប់ផ្តើមខ្វះភាពជឿជាក់លើសមត្ថភាពខ្លួន​ឯង។ លើកក្រោយពួកគេលែងហ៊ានធ្វើការសម្រេចិត្តធ្វើអ្វីដោយខ្លួន​ឯងទៀតហើយ ព្រោះខ្លាចខុស ហើយចាំធ្វើតាមការប្រាប់របស់អ្នកតែប៉ុណ្ណោះ។

២.ធ្វើឲ្យកូនមានភាពច្រណែន

ប្រសិនបើអ្នកចូលចិត្តប្រៀបធៀបកូនជាមួយមិត្តភក្តីរបស់ពួកគេ ឬជាមួយក្មេងជិតខាង វានឹងធ្វើឲ្យពួកគេមានការច្រណែន។ ការច្រណែនអាចប្រែក្លាយទៅជាការស្អប់ និងការឈ្លានីសទៅថ្ងៃក្រោយ។

៣.ធ្វើឲ្យកូនមានគំនិតអវិជ្ជមាន

វាមានសារៈសំខាន់ណាស់ក្នុងការចិញ្ចឹមកូនឲ្យមានអាកាប្បកិរិយាវិជ្ជមានក្នុងជីវិតរស់នៅ។ ប៉ុន្តែការប្រៀបធៀប អាចធ្វើឲ្យពួកគេលែងហ៊ានធ្វើអ្វីដែលថ្មី ដោយសារតែភ័យខ្លាចការបរាជ័យ ហើយខ្លាចគេយកទៅគេប្រៀបធៀបជាមួយមិត្តភក្តិរបស់ខ្លួន។

៤.មិនសូវមានទំនុកចិត្ត និងប៉ះពាល់ដល់ទំនាក់ទំនងជាមួយឪពុកម្តាយ

រឿងសំខាន់មួយដែលអ្នកត្រូវដឹង នៅពេលប្រៀបធៀបកូនជាមួយអ្នកដទៃ គឺវាមិនត្រឹមតែធ្វើឲ្យកូនមានទំនុកចិត្តលើខ្លួនឯងទាបប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ទំនាក់ទំនងអវិជ្ជមានជាមួយអ្នកថែមទៀត។ ការប្រៀបធៀបអាចធ្វើឲ្យកូនមានអារម្មណ៍ថា ឪពុកម្តាយមិននៅខាងខ្លួនទេ បែរជាទៅស្រឡាញ់ចូលចិត្តក្មេងដទៃវិញ។ ដូច្នេះ បើមិនចង់ឲ្យកូនបាត់បង់ទំនាក់ទំនងល្អជាមួយអ្នក ចូរឈប់ធ្វើការប្រៀបធៀបទៀតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here