ទូរស័ព្ទ គឺជាឧបករណ៍សម័យថ្មីមួយប្រភេទដែលអាចបំរើសេចក្តីត្រូវការរបស់មនុស្សបានច្រើនយ៉ាង មិនថាការទាក់ទងការងារ ការជជែកគ្នាលេងពីចំងាយ ឬការវីដេអូផ្សេងៗនោះទេ។ ក៏ប៉ុន្តែប្រសិនបើការប្រើទូរស័ព្ទមិនបានសមស្រប អាចបង្កឲ្យមានផលប៉ះពាល់ទៅវិញ។
វេជ្ជបណ្ឌិត Nalinee Chuewanichakorn នៅទីក្រុងបាំងកក ប្រទេសថៃ បានមានប្រសាសន៍ថា កុមារក្រោមអាយុ៣ឆ្នាំ មិនគួរមើលទូរស័ព្ទនោះទេ ព្រោះវាអាចប៉ះពាល់បន្តដល់ការអភិវឌ្ឍរបស់កុមារ។
១.បំផ្លាញរាងកាយ
នាពេលបច្ចុប្បន្ននេះជំងឺធាត់បានកើតឡើងចំពោះកុមារជាច្រើន ដែលបណ្តោលមកពីការចំណាយពេលច្រើនក្នុងការមើលទូរទស្សន៍ ឬទូរស័ព្ទច្រើនពេក ធ្វើឲ្យរាងកាយនៅស្ងៀមគ្មានចលនាអ្វីទាល់តែសោះ។ លើសពីនេះក្មេងមុនអាយុ២ឆ្នាំនឹងរៀនចាប់កាន់របស់ផ្សេងៗដូច្នេះវាមិនសមស្របទេប្រសិនបើកូនរបស់អ្នកនៅតែអង្គុយស្ងៀមយូរពេក គ្មានចលនាសាច់ដុំ ធ្វើឲ្យរាងកាយមិនអាចអភិវឌ្ឍបានល្អឡើយ។
២.បំផ្លាញការអភិវឌ្ឍបញ្ហា
កុមារក្រោមអាយុ៣ឆ្នាំ ត្រូវការអភិវឌ្ឍបញ្ហាពីការលេង មិនថាពួកគេលេងជាមួយឪពុកម្តាយ លេងជាមួយក្មេងៗដទៃទៀត ឬលេងរបស់របរផ្សេងៗឡើយ។ ប៉ុន្តែមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឪពុកម្តាយភាគច្រើនតែងតែបណ្តោលកូនឲ្យលេងទូរស័ព្ទ ឬមើលទូរសទស្សន៍តាមចិត្ត ជំនួសឲ្យការមើលថែដោយផ្ទាល់។ ក៏ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ក្មេងតូចៗដែលមើលទូរស័ព្ទច្រើនពេក អាចប្រឈមនឹងជំងឺខ្វះការផ្ចង់អារម្មណ៍ ដែលហៅកាត់ថា ADHD។ ដូច្នេះខួរក្បាលរបស់ពួកគេចង់ចាំអ្វីៗមិនបានល្អឡើយ ព្រោះនៅក្នុងខួរក្បាលនឹកឃើញតែទូរស័ព្ទ។
សព្វថ្ងៃនេះទូរស័ព្ទចល័តកំពុងតែបំផ្លាញជីវិតប្រចាំថ្ងៃរបស់មនុស្សពេញវ័យជាច្រើន ប៉ុន្តែកុំឲ្យរឿងនេះកើតឡើងចំពោះកូនរបស់អ្នកឲ្យសោះ ព្រោះក្មេងកំពុងតែស្ថិតក្នុងដំណាក់កាលលូតលាស់ទាំងរាងកាយ និងបញ្ញា៕