ពេលខ្លះអ្នកខំធ្វើអាហារឆ្ងាញ់សម្រាប់កូន តែពួកគេនៅតែមិនចង់ញ៉ាំមែនទេ? ការចំណាយពេលវេលាដ៏មានតម្លៃដើម្បីធ្វើម្ហូបឲ្យកូនហើយ បែរជាខកចិត្តទៅវិញ ច្បាស់ជាធ្វើឲ្យឪពុកម្តាយមិនសូវសប្បាយចិត្តសោះ ហើយព្រួយបារម្ភពីបញ្ហាសុខភាពរបស់កូនថែមទៀត។ ជាពិសេសកុមារបែបនេះអាចទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ដែលនាំឲ្យប៉ះពាល់ដល់ការលូតលាស់ទាំងរាងកាយ និងប្រាជ្ញា។
ដូច្នេះនៅពេលដែលកូនមិនចង់ញ៉ាំអាហារ កុំស្តីបន្ទោស ដាក់កំហិត កំរាមកំហៀង ឬប្រើអំបើហឹង្សាលើកូនឲ្យសោះ សូមស្វែងយល់ពីមូលហេតុទាំងនេះជាមុនសិន ទើបងាយស្រួលក្នុងការដោះស្រាយ។
១.អារម្មណ៍រវល់តែផ្តោតទៅរឿងផ្សេង
ក្មេងខ្លះមានទម្លាប់ញ៉ាំបាយបណ្តើរមើលទូរទស្សន៍ ឬទូរស័ព្ទបណ្តើរ។ នេះធ្វើឲ្យពួកគេបាត់បង់ចំណង់អាហារ ហើយធ្វើឲ្យរំខានដល់អារម្មណ៍ក្នុងការញ៉ាំអាហារ ទោះដល់ម៉ោងក៏ដោយ។
២.ការញ៉ាំមិនទៀងទាត់
ការញ៉ាំអាហារមិនទៀងទាត់ អាចធ្វើឲ្យចលនាពោះវៀនរបស់កូនដំណើរការមិនទៀងទាត់ដែរ ហើយវាលែងមានសញ្ញាប្រាប់កុមារថាឃ្លានដូចមុនទៀតហើយ។ ការផ្សារភ្ជាប់រវាងទម្លាប់នៃការញ៉ាំទៀងទាត់របស់កុមារ ជារឿយៗត្រូវបានឪពុកម្តាយមើលរំលង។ ហេតុនេះចូរព្យាយាមផ្តល់អាហារដល់កូនឲ្យបានទៀងពេល នោះពោះវៀនរបស់ពួកគេធ្វើការបានត្រឹមត្រូវ ហើយចំណង់អាហារក៏មានត្រឡប់មកវិញដែរ។
៣.មានជម្រើសច្រើនពេក
ប្រសិនបើអ្នកមានទម្លាប់ធ្វើអាហារច្រើនមុខក្នុងមួយពេលៗ គួរតែកាត់បន្ថយខ្លះទៅ ព្រោះកុមារអាចបដិសេធអាហារទាំងអស់នៅលើតុបាយ។ ក្នុងមួយពេលផ្តល់អាហារត្រឹមតែ២មុខបានហើយសម្រាប់កូន ហើយអ្នកក៏ងាយស្រួលក្នុងការចម្អិន ព្រមទាំងងាយស្រួលក្នុងការរកមុខម្ហូបផងដែរ។
៤.បញ្ហាសុខភាព និងជំងឺ
ប្រសិនបើកូនរបស់អ្នកទើបនឹងជាសះស្បើយពីជំងឺថ្មីៗ ពួកគេអាចញ៉ាំអាហារបានតិចៗប៉ុណ្ណោះ។ ក្នុងករណីបែបនេះចាំបាច់ត្រូវទុកពេលវេលាឲ្យពួកគេ ដើម្បីកែប្រែសុខភាពឲ្យល្អប្រសើរបានពេញលេញសិន។ កុំបង្ខំឲ្យពួកគេញ៉ាំឲ្យសោះ ព្រោះវាអាចមានផលអវិជ្ជមានដល់ពួកគេ។
៥.បញ្ហាអាចមកពីបាយ
នៅពេលកូនញ៉ាំបាយបានតិចចូរសង្កេតមើលសកម្មភាពពួកគេ ព្រោះអង្ករបស់អ្នកដាំអាចមានភាពរឹង ធ្វើឲ្យពួកគេពិបាកទំពារ និងបដិសេធមិនញ៉ាំតែម្តង។ លើកក្រោយអ្នកគួរតែជ្រើសរើសរើសប្រភេទអង្ក ដែលទន់ៗមកដាំបាយ ព្រោះវាអាចធ្វើឲ្យកុមារងាយក្នុងការទំពារ ហើយមិនលំបាកដល់ក្រពះក្នុងការរំលាយ។
៦.អាហារដដែលៗ
កុំថាឡើយក្មេងតូចៗ ទោះបីជាអ្នកដែលជាមនុស្សពេញវ័យក៏ចេះធុញជាមួយនឹងអាហារច្រំដែលៗដែរ។ ដូច្នេះអ្នកម្តាយគួរតែប្តូរមុខម្ហូបរាល់ថ្ងៃ ឬព្យាយាមរកមុខម្ហូបថ្មី ទើបកូនរបស់អ្នកញ៉ាំបានច្រើន៕