នៅពេលមានផ្ទៃពោះ តើអ្នកមានអារម្មណ៍ថា រាងកាយកំពុងតែផ្លាស់ប្តូររហូតដល់ក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតដែរឬទេ? ឧទាហរណ៍ ស្បែកអ្នកម្តាយមួយចំនួនមានការប្រែប្រួលទៅជាអាក្រក់ ធ្វើឲ្យពួកគេចង់សាកល្បងញ៉ាំថ្នាំវីតាមីនបំប៉ន។
ប៉ុន្តែការញ៉ាំថ្នាំវីតាមីនបំប៉ន អាចមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃឬទេ? ខណៈដែលមានផ្ទៃពោះ គឺជាពេលវេលាដ៏សំខាន់ដែលទារកកំពុងតែលូតលាស់។ ដូច្នេះមុននឹងលេបថ្នាំគ្រាប់ ឬវីតាមីន អ្នកត្រូវស្វែងយល់ឲ្យបានច្បាស់ ព្រោះថ្នាំទាំងអស់សុទ្ធតែមានគុណសម្បត្តិ និងគុណវិត្តរៀងខ្លួន។ វាត្រូវបានគេណែនាំថា ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយគួរញ៉ាំផលិតផលស្រស់ៗដែលមានផាសុខភាព ល្អប្រសើរជាងការញ៉ាំថ្នាំគ្រាប់។
ខាងក្រោមនេះ ជាប្រភេទថ្នាំ ឬវីតាមីនដែលស្ត្រីមានផ្ទៃពោះគួរជៀសវាង៖
១.ថ្នាំព្យបាលមុនគ្រប់ប្រភេទ
ថ្នាំសម្រាប់ព្យាបាលមុន ត្រូវបានគេរកឃើញថា មានផ្ទុកអាស៊ីត beta hydroxyl ដែលជាសារធាតុសំខាន់អាចធ្វើឲ្យស្បែករបក។ ប្រសិនបើស្ត្រីមានផ្ទៃពោះប្រើប្រាស់ វានឹងប៉ះពាល់ដល់ទារក ហើយអាចបណ្តោលឲ្យខូចទ្រង់ទ្រាយសរីរាង្គ ឬកើតមកពិការ។ នេះជាមូលហេតុ ដែលអ្នកជំនាញមិនអនុញ្ញាតឲ្យអ្នកម្តាយប្រើប្រាស់ថ្នាំកម្ចាត់មុន អំឡុងពេលមានផ្ទៃពោះដែរ។
២.ថ្នាំបំប៉នស្បែក Glutathione
ថ្នាំមួយប្រភេទនេះមានផ្ទុកវីតាមីន C និងវីតាមីន A ជាចម្បង តែវាអាចធ្វើឲ្យជះឥទ្ធពលដោយផ្ទាល់ដល់ទារក ធ្វើឲ្យប៉ះពាល់ដល់ភាពមិនធម្មតានៃស្បែករបស់អំប្រ៊ីយ៉ុងដែលកំពុងលូតលាស់ ដូច្នេះអ្នកម្តាយគួរតែជៀសវាងពីការប្រើថ្នាំគ្រាប់មួយប្រភេទនេះ។
៣.ថ្នាំគ្រាប់កូឡាជែន
ដោយសារតែកូឡាជែនសំយោគ ត្រូវបានលាយបញ្ចូលគ្នាជាមួយគ្រឿងផ្សំផ្សេងៗជាច្រើន ធ្វើឲ្យមានគ្រោះថ្នាក់ណាស់សម្រាប់ទារក ប្រសិនបើអ្នកម្តាយញ៉ាំអំឡុងពេលមានផ្ទៃពោះ។ វាមិនត្រូវបានគេណែនាំឲ្យផឹកម្សៅកូឡាជែន ឬថ្នាំគ្រាប់កូឡាជែនអំឡុងពេលមានផ្ទៃពោះនោះទេ៕