ការគេងត្រូវបានគេចាត់ទុកជាចំណែកមួយដែលមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់រូប ព្រោះវាជួយឲ្យរាងកាយស្តារថាមពលត្រលប់មកវិញ និងជួសជុលកោសិកាដែលខូចខាតឲ្យត្រលប់មកភាពដើមវិញ។ ចុះសម្រាប់ទារកវិញតើសំខាន់ដល់កម្រិតណា?
ប៉ាម៉ាក់ទាំងឡាយត្រូវដឹងថា កុមារតូចៗត្រូវការគេងពេលយប់ឲ្យបានគ្រប់គ្រាន់ ដើម្បីជំរុញដល់ការលូតលាស់ខួរក្បាល និងរាងកាយទាំងមូល។ ព្រោះនៅដំណាក់កាលពេលយប់ខួរក្បាលរបស់កុមារ ស្វែងរកតុល្យភាពបន្ទាប់ពីរំញោចអស់រយៈពេលពេញមួយថ្ងៃ។ កុមារដែលទទួលទានដំណេកគ្រប់គ្រាន់នៅពេលយប់ នឹងមានអារម្មណ៍ល្អនៅថ្ងៃបន្ទាប់។
ផ្ទុយទៅវិញកុមារដែលគេងមិនបានគ្រប់គ្រាន់នឹងឆាប់ខឹង មានប្រតិកម្មអវិជ្ជមាន និងធ្វើឲ្យចុះខ្សោយសមត្ថភាពក្នុងការផ្តោតអារម្មណ៍ រួមទាំងការចង់ចាំ។ ក្នុងអំឡុងពេលគេង ទារកក៏មានសមត្ថភាពក្នុងការអភិវឌ្ឍខួរក្បាល និងកម្ពស់ផងដែរ ជាពិសេសការគេងលើសពី ២១ទៅ២៣ម៉ោង។
ដូច្នេះប្រសិនបើកូនរបស់អ្នកពិបាកក្នុងការគេងនៅពេលយប់ ប៉ាម៉ាក់ទាំងឡាយគួរតែអនុវត្តវិធីខាងក្រោម៖
១.លួងលោម៖ ពេលខ្លះទារត្រូវការការយកចិត្តទុកដាក់ និងលួងលោម ទើបពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព អាចគេងលក់ស្រួល។ អ្នកអាចឱបថ្នាក់ថ្នមពួកគេ ច្រៀងបំពេរ និទានរឿងជាងដើម។
២.រក្សាសីតុណ្ហភាពក្នុងបន្ទប់៖ សូម្បីតែពេលគេងក៏ដោយ ការរំលាយអាហាររបស់ទារកដំណើរការក្នុងអត្រាលឿនជាងមនុស្សពេញវ័យ ដោយហេតុនេះកំដៅក្នុងខ្លួនកើនឡើងខ្លាំងជាងមនុស្សធំ។ សីតុណ្ហភាពក្នុងបន្ទប់ល្អបំផុតសម្រាប់ទារក គឺប្រហែលជា ២៤ទៅ ២៦អង្សាសេ ប៉ាម៉ាក់អាចមានអារម្មណ៍ត្រជាក់បន្តិច ប៉ុន្តែទារកមានអារម្មណ៍ស្រួលបំផុត។
៣.ប្រយ័ត្នចំពោះពន្លឺ៖ ស្ថានភាពពន្លឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគេងរបស់ទារក ព្រោះរឿងដំបូងដែលទារកគេងពេលយប់ គឺត្រូវបែងចែកពេលថ្ងៃ និងពេលយប់ ដូច្នេះនៅពេលទារកចូលគេងពេលយប់ពន្លឺគួរតែត្រូវបានបន្ថយឲ្យនៅទាប ឬបិទតែម្តង ទើបទារកឆាប់គេងលក់។ ធ្វើបែបនេះទើបទារកគេងលក់ស្រួល និងមិនបង្កការរំញោចដល់ទារក ជាពិសេសអំឡុងពេលគេង៕