ការឈឺចាប់ក្នុងអំឡុងពេលសម្រាលកូន គ្មានអ្នកណាយល់ចិត្តជាងស្ត្រីដូចគ្នាដែលធ្លាប់ឆ្លងកាត់បទពិសោធន៍មួយនេះនោះទេ។ ព្រោះអារម្មណ៍ពេលនេះមនុស្សស្រីទទួលបានគ្រប់រស់ជាតិ ទាំងហត់ ឈឺចាប់ ហើយស្ទើរតែដាច់ខ្យល់ម្តងៗទំរ៉ាំតែកូនរុញច្រានចេញមកផុត។ តែទោះជាយ៉ាងណា អ្នកជំនាញបានណែនាំថា ការឈឺចាប់នេះអាចជួយកាត់បន្ថយបានប្រសិនបើ អ្នកម្តាយអនុវត្តតាមវិធីសាស្ត្រណាមួយ ក្នុងចំណោមវិធីធម្មជាតិទាំងពីរយ៉ាងនេះ។
១.ការម៉ាស្សា
ការម៉ាស្សាថ្នមៗ អំឡុងពេលសម្រាលកូន អាចជួយកាត់បន្ថយភាពឈឺចាប់របស់ស្ត្រីបានមួយកម្រិត ហើយអាចជួយជំរុញឲ្យស្ត្រីមានកម្លាំងប្រឹងបង្កើតកូនកាន់តែខ្លាំង។ តែទោះជាយ៉ាងណា ការម៉ាស្សាខ្នងគួរតែអនុវត្តដោយអ្នកជំនាញ ឬគិលានុប្បដ្ឋាយិកា ដែលមានធ្លាប់មានបទពិសោធន៍។ ប្រសិនបើធ្វើសកម្មភាពមិនបានត្រឹមត្រូវ អាចនាំឲ្យមានផលវិបាកដល់ការសម្រាលកាន់តែខ្លាំង។
២.សម្រាលក្នុងទឹក
តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាស្ត្រីមួយចំនួនចូលចិត្តសម្រាលកូនក្នុងទឹក? ដោយសារតែភាពត្រជាក់នៃទឹក អាចជួយកាត់បន្ថយការឈឺចាប់ ហើយជួយឲ្យការរុញច្រានកូនមកក្រៅមានភាពងាយស្រួល និងប្រកបទៅដោយសសុវត្ថិភាព៕