ធ្លាប់ឮពាក្យថាឆ្លងទន្លេទេ? នេះគ្រាន់តែជាន័យប្រៀបធៀបប៉ុណ្ណោះ ព្រោះអំឡុងពេលនេះអ្នកម្តាយអាចមានគ្រោះថ្នាក់ដល់ជីវិត ក្នុងករណីកូនកើតមិនចេញ ឬហូរឈាមច្រើនពេក។ ហេតុនេះហើយ ការឆ្លងទន្លេចាំបាច់ត្រូវមានឆ្មប ឬអ្នកជំនាញច្បាស់លាស់ ដើម្បីជួយសង្គ្រោះបន្ទាន់នៅពេលដែលមានបញ្ហាផ្សេងៗកើតមានឡើង។បើយោងតាមគេហទំព័រ Boldsky បានបង្ហាញថា មានកត្តាធំៗបីយ៉ាង អាចធ្វើឲ្យស្ត្រីស្លាប់ក្នុងពេលឆ្លងទន្លេ៖
១.ឈាមហូរច្រើនពេក
ការហូរឈាមច្រើនពេកក្នុងអំឡុងឆ្លងទន្លេ ត្រូវការសង្គ្រោះបន្ទាន់ដើម្បីបញ្ឈប់ការហូរឈាម បើពុំដូច្នោះទេអ្នកម្តាយនឹងខ្សោះឈាមពីក្នុងខ្លួន រហូតបាត់បង់ជីវិតបាន។
២.ស្បូនដាច់រហែក
ស្បូនត្រូវធ្វើការធ្ងន់បំផុតអំឡុងពេលឆ្លងទន្លេ ព្រោះវាមានតួនាទីរុញច្រានទារកឲ្យចេញមកក្រៅ តាមរយៈទ្វារមាស។ ករណីមួយចំនួន ស្បូនកន្ត្រាក់ខ្លាំងៗពេក អាចនាំឲ្យដាក់រហែក ដូច្នេះនៅពេលស្បូនកម្រើកខ្លាំង ឈាមក៏ហូរចេញមកកាន់តែខ្លាំងដែរ។ នេះក៏ជាករណីមួយដែលអាចធ្វើឲ្យម្តាយត្រូវប្រឈមនឹងសេចក្តីស្លាប់ផងដែរ។
៣.អ្នកម្តាយកើតជំងឺលើសឈាម
ការលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ ក៏ជាមូលហេតុមួយដែលអាចបណ្តោលឲ្យស្ត្រីស្លាប់នៅពេលឆ្លងទន្លេ ដែរ។ ប្រសិនបើអ្នកម្តាយ កើតជំងឺនេះ សម្ពាធឈាមនឹងកើនឡើងកាន់តែខ្លាំងនៅពេលឆ្លងទន្លេ ដែលជំរុញឲ្យមានការបាត់បង់ឈាមធ្ងន់ធ្ងរ ឬគាំងបេះដូង។ អាស្រ័យហេតុនេះ អ្នកម្តាយដែលមានជំងឺលើសឈាម អាចក្រុមគ្រូពេទ្យផ្តល់អនុសាសន៍ឲ្យឆ្លងទន្លេតាមបែបវះកាត់ ទើបមានសុវត្ថិភាពជាង៕