តើកូនរបស់អ្នកជាក្មេងដែលមិនចេះគោរព ហើយពូកែនិយាយស្តីឈ្លើយច្រឡឺសបឺសដាក់មនុស្សគ្រប់គ្នាមែនទេ? បើដូច្នោះមែនអ្នកត្រូវព្យាយាមកែទម្លាប់ពួកគេចេញភ្លាមទៅ បើនៅតែបណ្តែតបណ្តោយពួកគេអាចមានចរិកបែបនេះរហូតទាល់តែធំ។
ក្មេងពូកែប្រើពាក្យសំដីឈ្លើយ ហាមមិនស្តាប់ ច្រើនតែកើតឡើងចំពោះកុមារដែលមានអាយុចាប់ពី ២ទៅ៥ឆ្នាំ ហើយក្មេងខ្លះមានចរិកបែបនេះរហូតដល់ធំពេញវ័យ ដោយសារតែទម្លាប់ ឬការមើលឃើញគំរូមិនល្អពីឪពុកម្តាយ។
តើធ្វើដូចម្តេចដើម្បីគ្រប់គ្រងក្មេងដែលពូកែប្រើពាក្យសំដីឈ្លើយច្រឡឺសបឺស?
១.ឪពុកម្តាយត្រូវធ្វើជាគំរូល្អសម្រាប់កូន ដោយគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយភាពអត់ធ្មត់ មិនបញ្ចេញកំហឹង ជាពិសេសការប្រើប្រាស់ពាក្យសំដីតែម្តង។
២.មិនថាអ្នករវល់ជាមួយនឹងការងារយ៉ាងណានោះទេ ត្រូវតែមានពេលវេលាសម្រាប់កូនជានិច្ច ដើម្បីបង្រៀនពីរបៀបប្រើពាក្យសំដីណាគួប្រើ និងមិនគួរប្រើ។ ធ្វើដូច្នេះកូននឹងមានអារម្មណ៍ថាមិនឯកា មានភាពកក់ក្តៅ និងមិនចេះប្រើពាក្យសំដីឈ្លើយចេញមកទេ។
៣.ប្រសិនបើមានជម្លោះរវាងម្តាយ និងឪពុក ការដើរចេញមិនវាយតប់គ្នានៅចំពោះមុខកូន ជារឿងដ៏ប្រសើរបំផុត។ ព្រោះការវាយតប់គ្នា ការជេរគ្នាញឹកញាប់ ធ្វើឲ្យកូនចម្លងតាម ហើយទីបំផុតទង្វើមិនល្អមួយនេះ ពួកគេនឹងយកមកប្រើជាមួយក្មេងជិតខាង ឬមិត្តនៅក្នុងសាលា នៅថ្ងៃណាមួយជាមិនខាន។
៤.ហាមមិនឲ្យកូនមើលទូរស្សន៍ដែលចាក់ផ្សាយរឿងមិនសមរម្យ ជាពិសេសក្មេងមិនទាន់គ្រប់អាយុ។ តែប្រសិនបើពួកគេមើលដោយចៃដន្យ ត្រូវបង្រៀនពួកគេឲ្យចេះគិតឲ្យបានត្រឹមត្រូវ ព្រោះខ្សែភាពរយន្តជារឿងប្រឌិតដែលគេសំដែងនោះទេ។
ធម្មជាតិបង្កើតឲ្យមានសេចក្តីស្រឡាញ់ពីឪពុកម្តាយ ដើម្បីកាត់បន្ថយភាពច្របូកច្របល់ ដែលបង្កើតឡើងនៅក្នុងបេះដូងរបស់កុមារ។ កុមារគ្រប់រូបចង់ក្លាយជាមនុស្សល្អ ហើយគ្មានក្មេងណាម្នាក់ធំឡើងចង់ក្លាយជាមនុស្សអាក្រក់ ឬឈ្លើយច្រឡឺសបឺសនោះទេ។ ដូច្នេះកាតព្វកិច្ចដ៏សំខាន់របស់ឪពុកម្តាយ គឺមើលថែទាំកូន អប់រំកូន និងធ្វើជាគំរូល្អដល់កូន៕