មូស គឺជាសត្វល្អិតចង្រៃ នៅពេលដែលវាខាំនឹងធ្វើឲ្យមានកន្ទួលរមាស់កើតឡើង ហើយអាចចម្លងជំងឺផ្សេងៗបាន។ ជាពិសេសកុមារតូចដែលមានប្រព័ន្ធភាពស៊ាំទាប ងាយនឹងរងគ្រោះខ្លាំងបំផុត។ នេះជាមូលហេតុមួយដែលធ្វើឲ្យឪពុកម្តាយជាច្រើនប្រើវិធីផ្សេងៗដើម្បីការពារកូនរបស់ពួកគេឲ្យជៀសផុតពីមូសខាំ រួមទាំងការបាញ់ថ្នាំលើរាងកាយផងដែរ។
តើថ្នាំដេញមូសអាចមានគ្រោះថ្នាក់ដល់កុមារតូចៗដែរទេ?
អ្នកដឹងទេថា ថ្នាំដេញមូសមានផ្ទុកសារធាតុគីមីសំយោគ និងសារធាតុចម្រាញ់ពីធម្មជាតិ DEET (N, N-diethyl-m-toluamide)។ DEET គឺជាសារធាតុគីមីដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងថ្នាំសម្លាប់មូស។ ទោះជាយ៉ាងណាថ្នាំបាញ់ដេញមូសដែលមានផ្ទុកសារធាតុប្រភេទនេះមិនគួរប្រើសម្រាប់កុមារដែលមានអាយុតិចជាង ២ខែ ឬបើចាំបាច់សូមជ្រើសរើស DEET ដែលមានគ្រឿងផ្សំត្រឹមតែ ១០ទៅ៣០ភាគរយប៉ុណ្ណោះ ដើម្បីសុវត្ថិភាព។ សារធាតុមួយទៀតដែលគេហៅថា Picaridin (icaridin, KBR 3023) ក៏មិនត្រូវប្រើប្រាស់ផងដែរ ទោះវាមិនមានក្លិន ហើយមិនធ្វើឲ្យស្បែកប្រតិកម្មក៏ដោយ សូមកុំប្រើជាមួយកុមារក្រោមអាយុ ២ខែ។ តែសម្រាប់កុមារអាយុចាប់ពី៣ឆ្នាំឡើងទៅ អាចប្រើប្រាស់បាន។
តើគួរដឹងអ្វីខ្លះ ប្រសិនបើអ្នកប្រើថ្នាំបាញ់ដេញមូសលើកុមារ?
១.កុំប្រើថ្នាំដេញមូសដែលមានផ្ទុកសារធាតុគីមីសំយោគលើកុមារក្រោមអាយុ ២ខែ។
២.សុំអានការណែនាំឲ្យបានច្បាស់មុននឹងប្រើលើកូន។
៣.កុំប្រើថ្នាំដេញមូសដែលមានផ្ទុកសារធាតុ DEET ច្រើនជាង៣០ភាគរយលើកុមារ។
៤.កុំចាក់ ឬបាញ់ថ្នាំដេញមូសដោយផ្ទាល់ទៅលើស្បែកកូន។ ប៉ុន្តែគួរជូត ឬប្រើលសំលៀកបំពាក់កូនវិញ។
៥.កុំប្រើថ្នាំដេញមូសនៅជុំវិញមុខ ឬភ្នែកកូនឲ្យសោះ។
៦.ប្រយ័ត្នភ្នែក ប្រសិនបើកូនរបស់អ្នកមានប្រតិកម្មជាមួយថ្នាំដេញមូសណាមួយ។ បើដូច្នោះសូមលាងសម្អាតចេញភ្លាមៗ ហើយពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីរកវិធីដោះស្រាយ៕