៧សញ្ញា កូនប្រុសស្រីរបស់អ្នកកំពុងតែមានបញ្ហាភ្នែកហើយ

0
1

សព្វថ្ងៃនេះក្មេងៗ ចូលចិត្តមើលទូរទស្សន៍ ឬទូរស័ព្ទខ្លាំងណាស់ ជាពិសេសប្រសិនបើឪពុកម្តាយរវល់ការងារខ្លាំងផង គឺបណ្តោលពេញទំហឹងតែម្តង។ នេះជាមូលហេតុដែលធ្វើឲ្យកូនរបស់អ្នកមានបញ្ហាឈឺភ្នែក ឬភ្នែកមានបញ្ហាមើលមិនច្បាស់តាំងពីវ័យក្មេង។ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញសញ្ញាទាំងនេះកើតមានចំពោះកូនៗ បញ្ជាក់ថាពួកគេកំពុងតែមានបញ្ហាភ្នែកដែលត្រូវព្យាបាលហើយ។

១.យកដៃញីភ្នែក៖ការយកដៃញីភ្នែកនៅពេលគេងគឺជារឿងធម្មតា ប៉ុន្តែបើការញីភ្នែកជាប់ជានិច្ច ជាអ្វីដែលអ្នកមិនគួរប្រងើយកន្តើយឡើយ។

២.ឈឺក្បាល៖ អាការឈឺក្បាលមានប្រភេទផ្សេងៗគ្នា ប៉ុន្តែប្រសិនបើកូនៗរបស់អ្នកឈឺក្បាលនៅពេលល្ងាចជាប្រចាំ ចាំបាច់ត្រូវពិនិត្យភ្នែករបស់គាត់ភ្លាម។

៣.បិទភ្នែកម្ខាង៖ ប្រសិនបើសង្កេតឃើញកូនរបស់អ្នកតែងតែបិទភ្នែកម្ខាងនៅពេលមើលទូរទស្សន៍ វាជារឿងគួរឲ្យបារម្ភ ព្រោះនេះអាចមកពីបញ្ហាភាពមិនច្បាស់របស់ភ្នែក។

៤.ចាញ់ពន្លឺខ្លាំង៖ នៅពេលដើរចេញក្រៅផ្ទះ កូនរបស់អ្នកតែងតែបិទភ្នែក ឬដើរទៅមុខដោយបើកភ្នែកប្រិមៗ គួរតែធ្វើនាំពួកគេទៅពេទ្យហើយ។ ដូចគ្នានេះដែរ អ្នកត្រូវសាកសួរគាត់ តើគាត់មើលឃើញច្បាស់ទេប្រសិនបើផ្លាស់ប្តូរទីពីកន្លែងភ្លឺខ្លាំង ទៅកន្លែងមិនសូវភ្លឺ?

៥.សង្កេតមើលក្បាលរបស់គាត់៖ តើកូនរបស់អ្នកតែងតែផ្អៀងក្បាលរាល់ពេលសម្លឹងមើលរបស់អ្វីមួយមែនទេ? ប្រសិនបើគាត់ទម្លាប់បែបនេះមែន ចាំបាច់ត្រូវនាំគាត់ទៅពិនិត្យភ្នែកភ្លាម។

៦.ចលនាគ្រាប់ភ្នែក៖ អ្នកប្រហែលជាពិបាកបន្តិចក្នុងការកត់សម្គាល់ទៅលើរឿងនេះ ប៉ុន្តែនៅពេលកំពុងនិយាយទៅកាន់កូន សូមមើលគ្រាប់ភ្នែកបរស់គាត់។ ប្រសិនបើគ្រាប់ភ្នែករបស់គាត់ធ្វើចលនាក្រឡាប់ចុះក្រឡាប់ឡើងញាប់ គឺជាសញ្ញានៃជំងឺភ្នែក។

៧.ឈឺចាប់ក្នុងភ្នែក៖ ប្រសិនបើកូនតូចរបស់អ្នកតែងតែត្អូញត្អែរពីការឈឺចាប់នៅក្នុងភ្នែក រួមជាមួយការមើលឃើញព្រាលៗទៀតនោះ វាជារឿងចាំបាច់ដែលត្រូវនាំកូនៅពិនិត្យភ្នែកឲ្យបានឆាប់បំផុត។

ត្រូវចាំថា ភ្នែកគឺញ្ញាណដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ព្រោះជីវិតប្រចាំថ្ងៃរបស់យើងត្រូវពឹងផ្អែកទៅលើវាទាំងស្រុង។ ហេតុនេះឪពុកម្តាយទាំងឡាយគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះបញ្ហាភ្នែកបរស់កូន កុំបណ្តោយទុកយូរប្រយ័ត្នជួយលែងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here