មនុស្សភាគច្រើនប្រហែលជាបានដឹងហើយថា ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន ពុំមានសារធាតុចិញ្ចឹមល្អសម្រាប់សុខភាពនោះទេ ជាពិសេសអំឡុងពេលមានផ្ទៃពោះតែម្តង។ ថ្មីៗនេះអ្នកជំនាញផ្នែកសុខភាពបានអះអាងថា នៅពេលដែលគូស្វាមីទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើន សូម្បីតែ២ទៅ៣ដងក្នុងមួយសប្តាហ៍ អំឡុងពេលមានផ្ទៃពោះអាចមានហានិភ័យរលូតកូនកើតឡើង។
តើការទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនកម្រិតណាដែលច្រើនហួស? ការទទួលទានភេសជ្ជៈកាហ្វេអ៊ីនច្រើនជាង២កែវក្នុងមួយថ្ងៃត្រូវបានអ្នកជំនាញចាត់ទុកថា លើសហើយ។ ការទទួលទានភេសជ្ជៈនេះ ២កែវក្នុងមួយថ្ងៃរយៈពេល៧សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ក៏អាចបង្កើនហានិភ័យនៃការរលូតកូនផងដែរ។
ការសិកស្សាមួយបានសន្និដ្ឋានថា ការប្រើប្រាស់ជាតិកាហ្វេអ៊ីនអាចជួយបង្កើនហានិភ័យនៃការរលូតបានយ៉ាងពិតប្រាដក។ ការសិក្សានេះត្រូវបានធ្វើឡើងចំពោះស្វាមីភរិយាជាង ៣០០គូ ហើយមានកត្តាជះឥទ្ធិពលផ្សេងៗគ្នាត្រូវបានគេពិចារណារួមមាន ជាតិនីកូទីន ការទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន និងការប្រើប្រាស់វីតាមីនចម្រុះ ចាប់ពីដំណាក់កាលត្រៀមមានផ្ទៃពោះ រហូតដល់ដំណាក់កាលមានផ្ទៃពោះ។
លទ្ធិផលរកឃើញថា ជិតមួយភាគបីនៃការមានផ្ទៃពោះបានបញ្ចប់ដោយការរលូត ដោយសារតែដៃគូទាំងពីរទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកមុនពេលមានផ្ទៃពោះ។ ជាពិសេសបើស្ត្រីយកកូនក្រោយវ័យ ៣៥ឆ្នាំ មានហានិភ័យកាន់តែខ្ពស់។ ការសិក្សានេះក៏បានអះអាងដែរថា ការទទួលទានជាតិកាហ្វេអ៊ីនរបស់បុរសក៏មានជាប់ទាក់ទងនឹងហានិភ័យនៃការរលូតកូនផងដែរ។
គួរបញ្ជាក់ដែរថា វីតាមីនចម្រុះបានជួយកាត់បន្ថយហានិភ័យនៃការរលូតកូនក្នុងអត្រា ៥០ភាគរយនៃករណីទាំងនេះ។ ឥឡូវការសិក្សានេះបានបង្ហាញថា មុនពេលមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃពោះ ដៃគូទាំងពីរត្រូវនៅឲ្យឆ្ងាយពីភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន៕