ហឺត គឺជាជំងឺមួយដែលអាចប៉ះពាល់ដល់ផ្លូវដង្ហើម និងសួត។ ប្រសិនបើកុមារមានជំងឺហឺតកើតឡើង ស្រទាប់បំពងខ្យល់ត្រូវរលាក និងហើមជានិច្ច លទ្ធផលផ្លូវដង្ហើមរបស់កុមារ ងាយនឹងរំញោចដោយអាឡែកស៊ី។ ដូច្នេះ ដើម្បីការពារ ក៏ដូចជាកាត់បន្ថយជំងឺកុំឲ្យមានអាការៈធ្ងន់ធ្ងរ អ្នកគួរតែធ្វើរឿងមួយចំនួននេះ។
១.កុំជក់បារីក្បែរកុមារ
ប្រសិនបើឪពុកម្តាយ ឬសមាជិកគ្រួសារជក់បារី សូមបញ្ឈប់ភ្លាមទៅ ហើយក៏មិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់ជក់បារីនៅក្នុងផ្ទះ ឬនៅក្នុររថយន្តពេលមានវត្តមានកុមារដែរ។
២.សម្អាតធូលីដីក្នុងផ្ទះ
ភួយ ស្រោមខ្នើយ ស្រោមពូក គ្រែគេង គួរតែសម្អាតជារៀងរាល់សប្តាហ៍។ សូម្បីតែទ្វារ បង្អួច តុ ទូ ប្រដាប់ក្មេងលេង ក៏ត្រូវជូតសម្អាតជាប្រចាំផងដែរ ដើម្បីកុំឲ្យមានធូលីដី។
៣.កុំប្រើផលិតផលបង្កើតក្លិន ឬថ្នាំគីមី
ជៀសវាងការបាញ់ថ្នាំគីមី ឬថ្នាំលាបផ្សេងៗ ព្រោះវាធ្វើឲ្យមានក្លិនខ្លាំងនៅក្នុងផ្ទះ។ ពេលចេញពីខាងក្រៅ ត្រូវពាក់ម៉ាក់ឲ្យកូន ហើយកុំប្រើទឹកអប់ ឬគ្រឿងសំអាងដែលមានក្លិនងាយនឹងធ្វើឲ្យសួតងាយនឹងរងផលប៉ះពាល់។
៤.កាត់បន្ថយការស្រូបយកខ្យល់ពុល
ប្រសិនបើកុមារនៅតំបន់ដែលមានបរិយាកាសកខ្វក់ ត្រូវហាមប្រាមកុំឲ្យកូនចេញទៅក្រៅផ្ទះញឹកពេក។ ចំណែកឯផ្ទះត្រូវបិទទ្វារបង្អួច ដើម្បីជៀសវាងខ្យល់ពុលបក់ផាត់ចូលក្នុងផ្ទះ។ ប្រសិនបើកូនមានបញ្ហាជាមួយនឹងខ្យល់ត្រជាក់កុំឲ្យពួកគេព្យាយាមដកដង្ហើមតាមមាត់ ហើយត្រូវស្លៀកពាក់ឲ្យជិតៗ ឬដណ្តប់ភួយដែលមានភាពកក់ក្តៅ។
៥.ប្រយ័ត្នជំងឺផ្តាសាយ
ជំងឺផ្តាសាយគឺជាមូលហេតុមួយដែលអាចធ្វើឲ្យជំងឺហឺតវិវត្តកាន់តែខ្លាំង។ ដូច្នេះត្រូវប្រយ័ត្នចំពោះជំងឺផ្តាសាយ នៅក្នុងរដូវរងា ដោយលាងសម្អាតដៃពួកគេឲ្យបានញឹកញាប់ និងជៀសវាងទៅក្បែរអ្នកដែលមានជំងឺផ្តាសាយ។
៦.ប្រើឧបករណ៍បន្សុតខ្យល់ក្នុងផ្ទះ
ដើម្បីឲ្យកុមារដកដង្ហើមបានស្រួល មិនមានការរំខានពីពពួកមេរោគ ឬបាក់តេរីផ្សេងៗបន្ថែមទៀតនោះ ឪពុកម្តាយទាំងឡាយ គួរប្រើឧបករណ៍ឧបករណ៍បន្សុតខ្យល់នៅក្នុងផ្ទះ។ ….៕