ការដោះស្រាយបញ្ហាជាមួយក្មេងៗដោយការបំផិតបំភ័យ វាមិនមានជាដំណោះស្រាយល្អនោះទេ ព្រោះវាជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍន៍របស់កុមារ ហើយអារម្មណ៍របស់កុមារងាយរងការប៉ះទង្គិចជាងមនុស្សធំ ដូច្នេះហើយប្រសិនបើអ្នកចង់បំភ័យកូន ដើម្បីបង្ក្រាបភាពរឹងចចេសអ្នកគួរគិតឡើងវិញ។
តើការបំភ័យមានគ្រោះថ្នាក់ដល់ការអភិវឌ្ឍន៍ដូចម្តេចខ្លះ? ប្រសិនបើអ្នកតែងតែមានទម្លាប់បំភ័យកូនជារឿយៗ វានឹងធ្វើឲ្យកុមារខូចប្រព័ន្ធប្រសាទ ហើយនៅពេលដែលធំឡើងគ្មានទំនុកចិត្តលើខ្លួនឯង សូម្បីតែរឿងតូចតាចក៏មិនអាចដោះស្រាយបានដែរ។ ជាពិសេសវាអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍មួយចំនួន៖
១.ធ្វើឲ្យក្មេងមានចរិកមិនល្អ
ដោយសារតែការបំភ័យធ្វើឲ្យមានភាពភ័យខ្លាចមិនហ៊ានសម្រេចចិត្តដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ ក្មេងក្លាយជាមនុស្សដែលមានការសង្ស័យច្រើន ឬពេលខ្លះមិនទុកចិត្តលើខ្លួនឯង ដែលមានគ្រោះថ្នាក់ខ្លាំងសម្រាប់ការរស់នៅនាពេលអនាគត់។
២.កង្វះការអភិវឌ្ឍន៍
ការបំភ័យអាធ្វើឲ្យកុមារខ្លះយំស្រែក ស្ត្រេស ឬប្រែជាឈ្លើយច្រឡឺបឺស។ ការអភិវឌ្ឍន៍អារម្មណ៍របស់កុមារ ឬ EQ មានកម្រិតទាប ដែលនាំឲ្យខ្វះភាពអត់ធ្មត់ ឬប្រហែលជាមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។ នៅពេលធំឡើងជាមនុស្សពេញវ័យ ពួកគេមិនយល់ពីខ្លួនឯង រហូតដល់ពេលខ្លះវាអាចធ្វើឲ្យអ្នកនៅជុំវិញខ្លួនស្អប់ពួកគេក៏មាន។
៣.អសមត្ថភាពក្នុងការសម្រេចចិត្ត
ក្មេងមិនហ៊ានសម្រេចចិត្តអ្វីៗដោយខ្លួនឯងនោះទេ គឺរងចាំតែបញ្ជារពីឪពុកម្តាយ ជាពិសេសនៅពេលប្រឈមនឹងស្ថានភាពស្មុគស្មាញច្រើន។
ដូច្នេះឪពុកម្តាយទាំងឡាយមិនគួរបំភ័យកូននោះទេ ទោះកូនមានភាពរឹងរូសយ៉ាងណាក៏ដោយ ត្រូវដោះស្រាយដោយភាពអត់ធ្មត់ និងព្យាយាមពន្យល់ពីហេតុផលតាមដែលអាចធ្វើទៅបាន៕