ស្នាមប្រឡាក់ផ្សេងៗដែលកើតមានឡើងចំពោះសម្លៀកបំពាក់ទារក មិនថាជាស្នាមប្រឡាក់ដោយទឹកដោះគោ ប្រេង ក្រែម ឬក្អែលដែលចេញពីស្បែកទារកឡើយ សុទ្ធតែមានវិធីសម្អាតទាំងអស់។
ប៉ុន្តែចំពោះខោអាវរបស់ទារកតូចៗ អ្នកមិនអាចប្រើសាប៊ូកបោកខោអាវដូចមនុស្សធំបាននោះទេ ព្រោះវាមានជាតិកាត់ ឬជាតិគីមីច្រើនដែលបង្កឲ្យប៉ះពាល់ដល់សុខភាពទារកបាន។ ម្យ៉ាងវិញទៀតសម្លៀកបំពាក់របស់ទារកដែលប្រឡាក់ហើយមិនអាចទុកចោលយូរបាននោះទេ ព្រោះវាអាចធ្វើឲ្យស្នាមប្រឡាក់ចូលកាន់តែជ្រៅ ឬឡើងស្នាមខ្មៅអ៊ុជៗដែលយើងតែងហៅថា(អាចម៍ស្រកោច)។
ខាងក្រោមនេះគឺជាបច្ចេកទេសសម្អាតខោអាវទារកដែលមានស្នាមប្រឡាក់ផ្សេងៗ៖
១.ប្រើសាប៊ូដែលគ្មានជីវគីមី
អ្នកត្រូវត្រាំសម្លៀកបំពាក់ទារកឲ្យបាន១៥នាទី ទៅកន្លះម៉ោង ហើយបន្ទាប់មកប្រើសាប៊ូដែលគ្មានជីវគីមី ដើម្បីកុំឲ្យខូចសម្លៀកបំពាក់ និងប៉ះពាល់ដល់សុខភាពកូន។
២.ប្រើទឹកខ្មេះ
ប្រហែលជាគ្មានបញ្ហាសម្រាប់ឪពុកម្តាយឡើយ ក្នុងការសម្អាតសម្លៀកបំពាក់ទារកដែលមានស្នាមប្រឡាក់ផ្សេងៗ ដោយប្រើទឹកខ្មេះ ២ទៅ៣ស្លាបព្រាបាយដាក់ចូលក្នុងទឹកពេលត្រាំសម្លៀកបំពាក់។ ប្រសិនបើមានក្លិនទឹកនោម អ្នកអាចប្រើអាម៉ូញាក់ ១ទៅ២ស្លាបព្រាដាក់ចូលក្នុងទឹក វានឹងជួយកម្ចាត់ក្លិនឆ្អេះរបស់ទឹកនោមបាន។
៣.ប្រើម្សៅសូដា
ទោះបីជាស្នាមប្រឡាក់ដោយសារតែប្រេង និងក្រែមសម្រាប់ទារក ក៏អ្នកអាចកម្ចាត់បានដែរ។ ប៉ុន្តែប្រសិនបើអ្នកទុកស្នាមប្រឡាក់នេះនៅជាប់នឹងសម្លៀកបំពាក់យូរពេក វាអាចមានផលប៉ះពាល់ដល់សុខភាពកូន។ ដូច្នេះវាត្រូវបានគេណែនាំឲ្យប្រើម្សៅសូដាលាយក្នុងទឹក ដើម្បីស្រូបយកប្រេងទាំងនោះចេញ ហើយរងចាំរយៈពេល ១៥ទើបលាងសម្អាតចេញម្តងទៀត។
ទាំងនេះគ្រាន់តែជាគន្លឹះសាមញ្ញៗប៉ុណ្ណោះ ប៉ុន្តែជឿជាក់ថាវាអាចជួយសម្រួលដល់ឪពុកម្តាយមួយចំនួនក្នុងការសម្អាតសម្លៀកបំពាក់ទារកបាន៕
ប្រភព៖ Herkid