ប្រសិនបើកូនរបស់អ្នកមានបញ្ហាសុខភាពញឹកញាប់ ដល់ពេលដែលអ្នកគួរគិតគូរអំពីបញ្ហាអនាម័យក្នុងការរស់នៅម្តងហើយ ព្រោះការកង្វះអនាម័យជាមូលហេតុធ្វើឲ្យកូនរបស់អ្នកឈឺនេះឈឺនោះមិនចេះចប់ឡើយ។ ជាពិសេសប្រព័ន្ធភាពស៊ាំរបស់ទារនៅមានភាពទន់ខ្សោយខ្លាំងណាស់ ដែលអាចឆ្លងមេរោគបានយ៉ាងងាយ។
ការធ្វើអនាម័យ គឺជាអាទិភាពដំបូងដែលធ្វើឲ្យកូនរបស់អ្នកមានសុខភាខភាពល្អ។ ដូច្នេះឪពុកម្តាយគួរតែអនុវត្តធ្វើអនាម័យតាមការណែនាំដូចខាងក្រោម៖
លាងស្អាតដៃឲ្យបានញឹកញាប់
បាក់តេរី ឬវីរុស ដែលមើលមិនឃើញនៅលើដៃរបស់អ្នក អាចបង្កើតបញ្ហាដល់កូន។ មុនពេលដែលអ្នកធ្វើការបំបៅដោះកូន ងូតទឹក ឬដាក់ឲ្យកូនគេង គួរតែលាងសម្អាតដៃឲ្យបានស្អាត។ ដូចគ្នានេះដែរ បន្ទាប់ពីការផ្លាស់ប្តូរកន្ទបទារក អ្នកក៏ត្រូវតែលាងដៃជាមួយសាប៊ូដែរ។
លាងសម្អាតដបទឹកដោះគោ
ប្រសិនបើអ្នកបំបៅដោះកូនដោយប្រើដបទឹកដោះគោ គួរតែលាងសម្អាតឲ្យបានហ្មត់ចត់ និងស្រុះទឹកក្តៅទើបអាចសម្លាប់មេរោគអស់។ ក៏ប៉ុន្តែដបដែលអាចស្រុះទឹកក្តៅបានលុះត្រាតែជាផលិតផលដែលមានគុណភាពល្អ ហើយត្រូវបានណែនាំដោយអ្នកជំនាញទើបសុវត្ថិភាព។
សម្អាតមាត់ទារក
ទោះបីជាទារកមិនទាន់មានធ្មេញក៏ដោយ អ្នកត្រូវតែសម្អាតមាត់របស់ពួកគេជាប្រចាំ។ អ្នកអាចជូតសម្អាតអញ្ចាញធ្មេញ និងអណ្តោតរបស់ពួកគេដោយប្រើក្រណាត់ទន់ៗ ដើម្បីយកកាកសំណល់ពីការបំបៅដោះចេញ។ នេះគឺជាការណែនាំអនាម័យសាមញ្ញបំផុត ដើម្បីជួយការពារការឆ្លងមេរោគផ្សិតលើអណ្តោតទារក។ ជាមួយគ្នានេះផងដែរ អ្នកត្រូវសម្អាតគែមនៃបបូរមាត់របស់ពួកគេ បន្ទាប់ពីបំបៅដោះរួចរាល់។
ផ្លាស់ប្តូរកន្ទបទារកឲ្យបានញឹកញាប់
ប្រសិនបើអ្នកទុកឲ្យកូនស្លៀកកន្ទបពេញមួយយប់ នោះឱកាសនៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម និងបញ្ហាកន្ទួលរមាស់លើស្បែក កើតឡើងកាន់តែច្រើន។ ព្យាយាមផ្លាស់ប្តូរកន្ទបទារកឲ្យបានញឹកញាប់ ជាពិសេស និងភ្លាមៗបន្ទាប់ពីពួកគេបន្ទារបង់។
ការងូតទឹក
អ្នកអាចសម្អាតរាងកាយរបស់ទារកដោយប្រើក្រណាត់ទន់ៗ ដើម្បីជម្រះធូលី ភាពកខ្វក់ និងកោសិកាស្បែកងាប់ៗ ចេញពីរាងកាយទារក។ ការទុកឲ្យទារកបែកញើសក្នុងរយៈពេលយូរ អាចបណ្តោលឲ្យឆ្លងមេរោគផ្សិតនៅតំបន់គូថបាន។ ចូរប្រើទឹកក្តៅឧណ្ឌៗ និងសាប៊ូសម្រាប់កូនង៉ែតមកលាងសម្អាតទើបប្រសើរ។
ការសម្អាតចុងសុដន់
ការធ្វើអនាម័យចុងសុដន់ គឺជាចំណុចមួយដែលស្ត្រីភាគច្រើនមើលរំលង ព្រោះតំបន់នេះក៏រងប៉ះពាល់ពីញើស និងជាតិគីមីពីសម្លៀកបំពាក់ដូចគ្នាដែរ។ ការលាងសម្អាតចុងសុដន់ មុនពេលបំបៅដោះកូន គឺជារឿងសំខាន់ណាស់ដើម្បីជួយការពារការឆ្លងរោគផ្សេងៗមកលើទារក។ អ្នកត្រូវប្រើក្រណាត់ទន់ៗ ជ្រលក់ចូលក្នុងទឹកក្តៅឧណ្ឌៗ ហើយជូតសម្អាតចុងសុដន់ឲ្យបានហ្មត់ចត់ ជាពិសេសមុនពេលបំបៅដោះកូន៕