ការបំបៅដោះកូនដោយដោះម្តាយ ឬដប មានពេលខ្លះទារកអាចរងនូវការឈ្លក់រហូតដកដង្ហើមមិនរួចអាចស្លាប់បាន។ ជារឿយៗឪពុកម្តាយតែងតែយល់ថា កូនឈ្លក់ញឹកដោយសារតែការបង្ខំបៅទឹកដោះលឿន ឬរន្ធបង្ហូរទឹកដោះចេញច្រើនពេក។ ប៉ុន្តែទារកអាចឈ្លក់ដោយសារតែបញ្ហាសុខភាពផ្សេងទៀត ដូចជាបបូរមាត់ឆែត ក្រអូមមាត់ឆែប មានបញ្ហារវាងបំពង់រំលាយអាហារ និងបេះដូង មានបញ្ហាសួតនិងបេះដូង ឬការវិវឌ្ឍន៍នៃរាងកាយយឺតជាងធម្មតា។ល។
ក្រៅពីនេះការបំបៅដោះកូនមិនបានត្រឹមត្រូវពេលកំពុងគេង ការបំបៅដោះពេលក្មេងកំពុងតែយំ និងការប្រើក្បាលមឹមខុសទំហំនៃអាយុរបស់កូនអាចធ្វើឲ្យទឹកដោះហូរលើសតម្រូវការ ក៏អាចធ្វើឲ្យកូនឈ្លក់ផងដែរ។
តើត្រូវពិនិត្យមើលរោគសញ្ញាយ៉ាងដូចម្តេច នៅពេលដែលកូនរបស់អ្នកឈ្លក់?
១.ចាប់ផ្តើមក្អកបង្ហាញរោគសញ្ញាស្រដៀងទៅនឹងក្អួត ហើយបន្ទាប់មកមានរោគសញ្ញានៃការថប់ដង្ហើម។
២.ប្រសិនបើមានរោគសញ្ញាគ្រោះថ្នាក់រួមមានការហៀរសំបោរហួសប្រមាណ ដកដង្ហើមខុសធម្មតា លឺសំលេងខ្លាំង ក្អករ៉ាំរ៉ៃ គួរប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។
វាអាចនឹងឈ្លក់ពេលកូនកំពុងតែដេកលក់ ដោយសារតែក្រពះរបស់ក្មេងនៅតូចពេកដាក់អាហារឆាប់ពេញ បណ្តោលឲ្យទឹកដោះហូរច្រាលត្រលក់មកវិញរហូតដល់ឈ្លក់បាន។
តើធ្វើដូចម្តេចដើម្បីការពារការឈ្លក់ទឹកដោះ?
ការបំបៅដោះកូនដោយទឹកដោះម្តាយក្នុងរយៈពេល៦ខែ តែបន្ទាប់ពី៧ខែត្រូវការកែតម្រូវបន្តិច និងផ្តល់អាហារបំប៉នទៅតាមអាយុ។
១.ការបំបៅដោះ គួរដាក់ទារកគេងលើផ្ទៃរាបស្មើ ឬបីកូនដាក់លើកក្បាលឲ្យខ្ពស់ជាងខ្លួនបន្តិច។
២.បន្ទាប់ពីបៅរួចត្រូវលើកទារកបញ្ឈរឡើងឲ្យក្បាលទារកផ្តេកទៅលើស្មារបស់អ្នក។
៣.ជំនួសឲ្យការគេងផ្ងារ អ្នកគួរដាក់ទារកឲ្យគេងផ្អៀងបន្ទាប់ពីបៅរួច ដើម្បីការពារលំហូរទឹកដោះត្រលប់មកវិញតាមបំពង់អាហាររហូតដល់ឈ្លក់។
៤.សម្រាប់ទារកទើបនឹងចាប់កំណើតដល់២ខែ គួរប្រើភ្លៅទប់ ព្រោះក.របស់ទារកនៅទន់មិនអាចងើបដោយខ្លួនឯងបានទេ។ បន្ទាប់មកប្រើដៃរបស់អ្នកទ្រក្បាល និងខ្លួនថ្នមៗ។ ប៉ុន្តែសម្រាប់កុមារដែលមានករឹង សូមទ្រស្មាជំនួសវិញ ហើយបន្ទាប់មកប្រើដៃម្ខាងទៀតទ្រខ្លួន ដើម្បីឲ្យការបៅដោះបានស្រួល។
នៅពេលកូនឈ្លក់ជំហ៊ានដំបូងគួរធ្វើដូចម្តេច?
១.កុំទាន់លើកកូនបីឡើងឲ្យសោះ នៅពេលពួកគេកំពុងតែឈ្លក់។
២.ដាក់ឲ្យកូនគេងបែរចំហៀង ដើម្បីការពារកុំឲ្យទឹកដោះគោហូរចូលសួត។
ការឈ្លក់ គឺជាករណីកម្រកើតមានចំពោះទារកដែលបំបៅដោះ ប៉ុន្តែប្រសិនបើវាកើតឡើងមិនបានព្រៀងទុក អ្នកគួរតែប្រុងប្រយ័ត្ន។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះគឺជាគំនិតល្អមួយទៀត ដើម្បីជួយការពារការឈ្លក់របស់ទារកបាន៕