ការអភិវឌ្ឍន៍របស់ទារកត្រូវពឹងផ្អែកទៅលើកត្តាជាច្រើន រួមទាំងបរិមាណអាហារបំប៉នដែលមានសុខភាពល្អ និងការថែទាំងក្នុងដំណាក់កាលផ្សេងៗគ្នានៃការលូតលាស់ផងដែរ។
ការលូតលាស់របស់ទារកពីមួយខែទៅមួយខែ បើធៀបជាមួយនឹងមនុស្សពេញវ័យ គឺលឿនខ្លាំងណាស់។ នេះជាហេតុផងចម្បងដែលអ្នកត្រូវប្រាដកអំពីអ្វីដែលអ្នកចិញ្ចឹមទារក ដូចជាការផ្តល់អាហារបានទៀងទាត់ នឹងធ្វើឲ្យពួកគេឆ្អែត ហើយជៀសផុតពីអាក្បកិរិយាឆេវឆាវ។
នៅពេលទារករីកចម្រើន ពួកគេចាប់ផ្តើមបង្ហាញពីតម្រូវការតាមរយៈសកម្មភាព។ ទារកមានទំនោររៀន និងចាប់យកអ្វីៗគ្រប់យ៉ាងបានល្អ ប្រសិនបើអ្នកដឹងពីគន្លឹះជំរុញដល់ការលូតលាស់ខួរក្បាលរបស់ទារក។
ឱបពួកគេឲ្យស្និតបំផុត
នៅពេលអ្នកឱបកូនឲ្យនៅជាប់នឹងខ្លួន វានឹងធ្វើឲ្យពួកគេមានអារម្មណ៍ជិតស្និទ្ធ និងមានសុវត្ថិភាពបំផុត។ ព្រោះការឱបអាចធ្វើឲ្យសរសៃប្រសាទទារកមានភាពស្ងប់ស្ងាត់ និងជួយជំរុញដល់ការអភិវឌ្ឍន៍ខួរក្បាលបានយ៉ាងល្អ។
ទំនាក់ទំនងតាមរយៈភ្នែក
នៅពេលអ្នកនិយាយ ឬធ្វើកាយវិកា ត្រូវសម្លឹងមើលក្រសែភ្នែកពួកគេឲ្យចំ វាអាចជួយជំរុញដល់ការរីកចម្រើនតាមរបៀបវិជ្ជមាន។ ការនិយាយទៅកាន់កូនរបស់ញឹកញាប់ ហើយសម្លឹងមើលភ្នែកកូន វានឹងជួយឲ្យពួកគេរៀនឆ្លើយតបបានយ៉ាងល្អ។
ការប៉ះពាល់
ក្នុងរយៈពេល២ខែ ទារកនឹងចាប់ផ្តើមវិភាគថា អ្នកដែលនៅក្បែរខ្លួនជាមនុស្សសំខាន់ ហើយពួកគេនឹងមានទំនោររៀន និងចាប់កាន់របស់ផ្សេងៗរួមទាំងប៉ះពាល់អ្នកផងដែរ។ ដូច្នេះសូមព្យាយាមចាប់ដៃរបស់កូននៅពេលប្រលែងលេងជាមួយគ្នា ដើម្បីឲ្យពួកគេមានអារម្មណ៍ល្អ និងជួយជំរុញដល់ការអភិវឌ្ឍន៍ខួរក្បាលកាន់តែប្រសើរ។
ការដាក់ពណ៌ផ្សេងៗនៅជុំវិញកូន
អ្នកត្រូវជ្រើសរើសពណ៌ឲ្យបានច្រើនដាក់នៅជុំវិញកូន ព្រោះវាអាចជួយឲ្យពួកគេរៀនវិភាគ និងចែកបែកពណ៌ខុសគ្នា។ នេះជាគន្លឹះមួយទៀតដែលជួយជំរុញដល់ការអភិវឌ្ឍន៍ខួរក្បាលទារកបានយ៉ាងល្អប្រសើរ៕