ការគេងស្រម៉ុកមិនមែនជាបញ្ហារបស់មនុស្សពេញវ័យផ្តាច់មុខនោះទេ វាក៏ត្រូវបានគេរកឃើញចំពោះកុមារមួយចំនួនផងដែរ។ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា កុមារ ២០ភាគរយ គេងស្រម៉ុកមិនប៉ះពាល់សុខភាពធ្ងន់ធ្ងរនោះឡើយ។ ប៉ុន្តែការគេងស្រម៉ុក ចំពោះកុមារខ្លះអាចបណ្តោលមកពីបញ្ហាសុខភាពដែលត្រូវការយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត។
ជាទូទៅកុមារដែលមានអាយុ៣ឆ្នាំឡើងតែងមានបញ្ហាបែបនេះ។ អ្នកជំនាញបាននិយាយថា ការគេងស្រម៉ុក អាចប៉ះពាល់ដល់ការលូតលាស់របស់កុមារ ទាំងផ្លូវចិត្ត និងការអភិវឌ្ឍន៍រាងកាយ។
ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលបណ្តោលឲ្យកុមារគេងស្រម៉ុក៖
រលាក ឬហើមច្រមុះ
ជាធម្មតាកុមារដែលរលាក ឬហើមច្រមុះ អាចមានបញ្ហាដកដង្ហើម។ រោគសញ្ញាមាន ហើមច្រមុះ គេងដកដង្ហើមតាមមាត់ និងមានសំលេងពេលដកដង្ហើម។
ភាពធាត់
ភាពធាត់ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្រម៉ុកចំពោះកុមារផងដែរ ដោយសារតែការកើនឡើងជាតិខ្លាញ់នៅជុំវិញក។ ការសិក្សាថ្មីៗនេះបានរកឃើញថា ភាពធាត់មិនត្រឹមតែអាចបង្កើនអត្រានៃការស្រម៉ុកប៉ុណ្ណោះទេ វាក៏នាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដែរ។ ហេតុនេះការកាត់បន្ថយទម្ងន់ គឺមានសារៈសំខាន់ណាស់។
ជំងឺផ្លូវដង្ហើម
ការគេងស្រម៉ុកចំពោះកុមារ ក៏អាចបណ្តោលមកពីជំងឺផ្លូវដង្ហើមមួយចំនួនដូចជាជំងឺហឺត បញ្ហាអាឡែកស៊ីច្រមុះ ឬបំពងក ជាដើម។ ដូច្នេះសូមប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាលបានទាន់ពេល។
រលាកក្រពេញអាមីដាល់
ហេតុផលមួយក្នុងចំណោមហេតុផលនៅពីក្រោយនៃការគេងស្រម៉ុកចំពោះកុមារ គឺការហើមនៃក្រពេញអាមីដាល់។ វាអាចនាំឲ្យមានផលលំបាកយ៉ាងខ្លាំងក្នុងការដកដង្ហើម ហើយសំលេងរំខានត្រូវបានផលិតក្នុងអំឡុងពេលគេងកាន់តែច្រើន។ សូមប្រុងប្រយ័ត្ននៅពេលកូនមានជំងឺលាកក្រពេញក្រពេញអាមីដាល់ និងពិបាកដកដង្ហើម ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យដើម្បីជៀសវាងស្ថានភាពរ៉ាំរ៉ៃ៕