ភាពធាត់ជ្រុលសម្រាប់កុមារមិនត្រឹមតែមានផលអាក្រក់ចំពោះសុខភាពប៉ុណ្ណោះទេ សូម្បីតែរូបរាងក៏មិនស្អាតដែរ។ អ្នកជំនាញបានរកឃើញថា ភាពធាត់ចំពោះកុមារមានការកើតឡើងគួរឲ្យព្រួយបារម្ភ ហើយកុមារអាចប្រឈមនឹងជំងឺទឹកនោមផ្អែម និងបេះដូងទៅថ្ងៃអនាគត់។
ប៉ុន្តែប្រសិនបើអ្នកអាចព្យាបាលជំងឺធាត់របស់កូន នៅដំណាក់កាលដំបូង សុខភាពរបស់ពួកគេនឹងមានភាពប្រសើរឡើងវិញ។ ដូច្នេះ អ្នកគួរតែចេះសង្កេតសញ្ញាមួយចំនួន ព្រោះវាបញ្ជាក់ថាកូនរបស់អ្នកកំពុងតែទទួលរងពីបញ្ហាធាត់ហើយ។
កង្វះការគេង
រាល់យប់ ប្រសិនបើកូនរបស់អ្នកមិនអាចគេងលក់ស្រួលទេ នោះជាកត្តាហានិភ័យដែលអាចកើតទៅជាភាពពធាត់។ កុមារអាចមាននិន្នាការថ្មី គឺការចូលគេងយឺត រួមផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណតិចតួចពេក នាំឲ្យមានការគេងមិនគ្រប់គ្រាន់។ ប្រសិនបើកូនរបស់អ្នកគេងមិនគ្រប់ អ័រម៉ូន leptin និង ghrelin នឹងកើនឡើង ដែលធ្វើឲ្យកូនចង់ញ៉ាំកាន់តែច្រើន។
កង្វះសកម្មភាពរាងកាយ
កូនអ្នកប្រាដកជាទទួលរងពីជំងឺធាត់ នៅពេលដែលគាត់មិនបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់។ ដូចគ្នានេះផងដែរ ការគ្មានសកម្មភាពរយៈពេលយូរ ការមើលទូរទស្សន៍ច្រើន និងលេងហ្គេម សុទ្ធតែជាទង្វើដែលអាចធ្វើឲ្យកូនរបស់អ្នកធាត់ដោយមិនដឹងខ្លួន។
ញ៉ាំអាហារមិនល្អ
អាហារមិនល្អ គឺជាបុព្ធហេតុដ៏ធំបំផុតសម្រាប់មនុស្សធាត់ ហើយប្រសិនបើកូនរបស់អ្នកញ៉ាំ ហាំប៊ឺហ្គឺ ទៀងទាត់គឺជារឿងដ៏គួយឲ្យបារម្ភ។ ការបរិភោគអាហារចៀន និងអាហារសម្រន់ក៏ជាផ្នែកដ៏សំខាន់មួយនៃការធាត់ដែរ ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់ ស្ករ និងកាបូនអ៊ីដ្រាត។ អ្នកនឹងដឹងថា កូនធាត់ដោយសារតែឃើញពួកគេញ៉ាំច្រើន ហើយញ៉ាំជាប់រហូត។
ញៀនឹងផឹកទឹកក្រូចសូដា
សញ្ញាប្រាដកមួយនៃភាពធាត់របស់កុមារ គឺកុមារចូលចិត្តទឹកក្រូចសូដា ច្រើនជាងអាហារផ្សេងៗ។ ភេសជ្ជៈទាំងនេះ មានផ្ទុកជាតិស្ករច្រើន ដែលអាចបង្កអន្តរាយដល់កូន ហើយថែមទាំងអាចនាំឲ្យមានជំងឺទឹកនោមផ្អែមមុនអាយុទៀតផង។ ដូច្នេះសូមព្យាយាមផ្លាស់ប្តូរឲ្យកូនញ៉ាំទឹកឲ្យបានច្រើនជំនួសវិញ។
យកល្អអ្នកគួរតែប្រញាប់កែប្រែទម្លាប់របស់កូនឲ្យបានទាន់ពេល នៅពេលដែលអ្នកសង្កេតឃើញកូនចាប់ផ្តើមបង្ហាញរោគសញ្ញាដូចខាងលើនេះ៕