មូលហេតុបណ្តោលឲ្យកុមារកើតជំងឺឆ្កួតជ្រូក អាចមកពីមូលហេតុមួយចំនួនដូចជា តំណពូជ ខ្វះអុកស៊ីសែនក្នុងខួរក្បាល ការហូរឈាមក្នុងខួរក្បាល ការឆ្លងមេរោគក្នុងប្រព័ន្ធសរសៃប្រសាទ រួមទាំងកោសិកាខួរក្បាលមិនប្រក្រតីក៏អាចបង្កគ្រោះថ្នាក់ដល់កុមារផងដែរ។ ជំងឺឆ្កួតជ្រូកអាចបណ្តោឲ្យមានផលវិបាកផ្សេងក្នុងការអភិវឌ្ឍកុមារ រួមទាំងបុគ្គលិលក្ខណៈនៅក្នុងសង្គមធ្វើឲ្យកុមារខ្វះទំនុកចិត្តក្នុងការរស់នៅ។
តើរោគសញ្ញានៃជំងឺឆ្កួតជ្រូកចំពោះកុមារមានអ្វីខ្លះ?
ជំងឺឆ្កួតជ្រូក ចំពោះកុមារត្រូវបានកំណត់ដោយរោគសញ្ញាផ្សេងៗមានដូចជាភាពភ័យខ្លាច កន្ទ្រាក់ៗដូចសរសៃទាញ ប្តូរចរិកដូចកូនក្មេងមិនទាន់ដឹងអី ងក់តែក្បាល ប្រកាច់ញឹកញាប់ ហើយមានកុមារខ្លះមិនបង្ហាញរោគសញ្ញាដូចការរំពឹងទុកនេះទេ។ ជំងឺនេះបើព្យាបាលមិនទាន់ពេលវេលាទេ កុមារអាចមានការវិវឌ្ឍន៍យឺត ឬអភិវឌ្ឍថយចុះ។
តើត្រូវដោះស្រាយដូចម្តេចប្រសិនបើកុមារប្រកាច់?
នេះជាវិធីសង្គ្រោះបឋមនៅពេលកុមារប្រកាច់ដោយសារតេជំងឺឆ្កួតជ្រូក៖
១.ត្រូវដាក់ឲ្យកូនគេងផ្អៀង ដើម្បីការពារកុំឲ្យស្ទះដង្ហើម។
២.ប្រសិនបើអ្នករកឃើញភាគល្អិតនៃអាហារដែលត្រូវបានរកឃើញនៅក្នុងមាត់ សូមយកវាចេញភ្លាម។
៣.ហាមឪពុកម្តាយដាក់ឧបករណ៍គ្រប់ប្រភេទចូលទៅក្នុងមាត់កុមារឲ្យសោះ។ មានមនុស្សជាច្រើនយល់ប្រលំថា ការដាក់របស់ចូលក្នុងមាត់នៅពេលប្រកាច់ អាចការពារមិនឲ្យអ្នកជំងឺខាំអណ្តោតខ្លួនឯង។ តែតាមពិតនេះជាការយល់ខុស ព្រោះវាអាចធ្វើឲ្យគ្រោះថ្នាក់ថែមទៀត ព្រោះវត្ថុរឹងធ្វើឲ្យអ្នកជំងឺបាក់ធ្មេញ ហើយចូលទៅក្នុងបំពងខ្យល់បាន។ ការអនុញ្ញាតឲ្យកុមារខាំអណ្តោតខ្លួនឯង អាចជាសះស្បើយវិញបាន ប៉ុន្តែប្រសិនបើកុមារស្ទះដង្ហើមវាពិតជាមានគ្រោះថ្នាក់ណាស់។
៤.ការប្រកាច់ធម្មតាឈប់ត្រឹមរយៈពេលពីរបីនាទី ប៉ុន្តែនៅដំណាក់កាលធ្ងន់ធ្ងរ វាអាចមានរយៈពេលរហូតដល់ ៥នាទី។ នៅពពេលទារកឈប់ប្រកាច់ សូមនាំពួកគេទៅមន្ទីរពេទ្យភ្លាម។
វាជារឿងអាក្រក់បំផុតនៅពេលដែលឃើញកូនប្រកាច់នៅចំពោះមុខ ប៉ុន្តែរឿងដំបូងដែលអ្នកត្រូវដឹងគឺធ្វើយ៉ាងណាឲ្យឆ្លងផុតដំណាក់កាលមួយនេះ។ ដូច្នេះអ្នកត្រូវដឹងពីវិធីសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះកូនឲ្យជៀសផុតពីបញ្ហា មុននឹងបញ្ចូនពួកគេទៅដល់មន្ទីរពេទ្យ៕