ការស្រាវជ្រាវថ្មីរបស់មជ្ឈមណ្ឌល់ជំងឺមហារីកជាតិនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានរកឃើញថា អ្នកម្តាយដែលមានជំងឺមហារីកមាត់ស្បូន អាចចម្លងកោសិកាមហារីកទៅកាន់កូនបាន ពេលកំពុងសម្រាល។
មានករណីក្មេងប្រុសអាយុ ២៣ខែម្នាក់ ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យដោយសារតែការក្អកមិនព្រមបាត់រយៈពេល ២សប្តាហ៍ ហើយក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ទៀតបានទៅមន្ទីរពេទ្យដោសារតែអាការឈឺទ្រូង។ ក្មេងទាំងពីរត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកសួត។
អ្នកជំនាញបានបង្ហាញថា ម្តាយរបស់ទារកអាយុ ២៣ខែត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកមាត់ស្បូន ក្រោយពេលសម្រាលកូនបាន ៣ខែ។ ប៉ុន្តែគេជឿជាក់ថា នាងមានដុំសាច់មហារីកតាំងពីពេលសម្រាលកូនមកម្ល៉ះ។ ទោះបីជាមានការព្យាបាលអ្នកម្តាយរូបនោះ យ៉ាងសកម្មក៏ដោយ តែជំងឺមហារីករបស់គាត់មិនបានធូរស្រាលឡើយ ហើយរយៈពេល៥ឆ្នាំក្រោយមកគាត់បានទទួលមរណៈភាព។
ចំពោះម្តាយរបស់ក្មេងប្រុសអាយុ ៦ឆ្នាំវិញ កើតមានដុំសាច់មហារីកតាំងពីមានផ្ទៃពោះ ប៉ុន្តែនៅពេលនោះគ្រូពេទ្យគិតថា វាមានស្ថេរភាព ដូច្នេះគ្មានការព្យាបាលទេ។ បន្ទាប់ពីសម្រាលកូនរួច ការធ្វើកោសល្យវិច័យបានបង្ហាញថា នាងពិតជាមានជំងឺមហារីកមាត់ស្បូន ហើយ២ឆ្នាំបន្ទាប់ពីវះកាត់នាងបានស្លាប់។ ក្មេងប្រុសអាយុ ៦ឆ្នាំ ត្រូវបានវះកាត់សួតខាងឆ្វេង និងព្យាបាលដោយប្រើគីមី តែគាត់បានជាសះស្បើយទាំងស្រុង។
វេជ្ជបណ្ឌិត Arakawa ដែលជាអ្នកដឹងនាំការសិក្សានេះបានបង្ហាញថា ការឆ្លងពីម្តាយទៅកូនកើតឡើងក្នុងប្រឡាយកំណើត អំឡុងពេលសម្រាលកូនតាមទ្វារមាស ប្រសិនបើអ្នកម្តាយមានជំងឺមហារីកមាត់ស្បូន ទារកទើបនឹងកើតអាចប្រឈមនឹងកោសិកមហារីកមហារីកក្នុងប្រឡាយកំណើត និងស្រូបយកកោសិកាទាំងនោះចូលក្នុងសួត។ ទន្ទឹមនឹងនេះផងដែរ ពិភពលោកបានកត់ត្រាករណីកើតជំងឺមហារីកពីម្តាយទៅកូនតាមរយៈសុក ដែលទាក់ទងនឹងទម្រង់នៃជំងឺមហារីកមួយចំនួនដូចជា ខួរក្បាល ឆ្អឹង ថ្លើម…។
ការស្រាវជ្រាវថ្មីនេះបានបង្ហាញទៀតថា ករណីនៃការចម្លងពីម្តាយទៅកូន គឺកម្រណាស់។ ក្នុងចំណោមអ្នកម្តាយដែលកើតមហារីកមាត់ស្បូនចំនួន ៥០០.០០០នាក់ គឺមានតែម្នាក់ប៉ុណ្ណោះដែលចម្លងកោសិកាមហារីកទៅកូនទើបនឹងកើត។ ប៉ុន្តែការចម្លងដ៏តិចតួចនេះ ជាការព្រមានទៅអ្នកម្តាយផ្សេងទៀត ឲ្យចេះពិនិត្យតាមដានសុខភាពឲ្យបានហ្មត់ចត់ចំពោះហានិភ័យនៃជំងឺមហារីកមាត់ស្បូន និងត្រូវចាត់វិធានការបង្ការសមស្របក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីការពារហានិភ័យនៃការឆ្លងពីម្តាយទៅកូន៕