ចុងសុដន់ប្រេះចំពោះអ្នកម្តាយដែលបំបៅកូនដោយទឹកដោះ ភាគច្រើនត្រូវបានគេរកឃើញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងបន្ទាប់ពីកំណើត។ បញ្ហានេះកើតឡើងដោយសារតែឥរិយាបទមិនត្រឹមត្រូវនៃការបំបៅ ទារកជញ្ជក់មិនផុតចុងសុដន់ ការឆ្លងមេរោគផ្សិត រលាកតំបន់ចុងសុដន់ ឬការបូមទឹកដោះមិនត្រឹមត្រូវជាដើម។ នៅពេលមានបញ្ហេប្រេះចុងសុដន់ អាការរមាស់ ឡើងក្រហម ឬការឈឺចាប់ នឹងកើតមាននៅពេលកូនបៅ។
តើធ្វើដូចម្តេចដើម្បីការពារកុំឲ្យប្រេះចុងសុដន់ អំឡុងពេលបំបៅដោះកូន?
១.បង្ហើបមាត់ទារក
អ្នកត្រូវបង្ហើបមាត់ទារកឲ្យធំល្មមអាចដាក់ក្បាលសុដន់ចូល និងងាយស្រួលក្នុងការបឺតជញ្ជក់។ អ្នកត្រូវដឹងថា ទារកទើបនឹងកើតមិនទាន់ដឹងពីរបៀបបៅដែលត្រឹមត្រូវនោះទេ នៅពេលដែលពួកគេឃ្លានច្បាស់ជាជញ្ជក់យកៗជាពុំខាន ទោះទឹកដោះមិនចេញក៏ដោយ។
២.ដាក់ទារកឲ្យបានត្រឹមត្រូវនៅពេលបៅដោះ
សូមព្យាយាមប្រើខ្នើយមកទ្រទារកនៅពេលបំបៅដោះ ដើម្បីកុំឲ្យទារកប្រឹងបឺតជញ្ជក់ចុងសុដន់ខ្លាំងពេក។ ធ្វើបែបនេះដើម្បីកាតប់ន្ថយសម្ពាធដែលនាំឲ្យមានបញ្ហាប្រេះក្បាលសុដន់។
៣.កម្តៅចុងសុដន់របស់អ្នកមុនពេលបំបៅដោះ
វិធីសាស្ត្រគឺអ្នកត្រូវច្របាច់ទឹកដោះបន្តិចចេញពីសុដន់ បន្ទាប់មកម៉ាស្សាសុដន់ថ្នមៗមុនពេលបំបៅ ដើម្បីកុំឲ្យចុងសុដន់រឹង ហើយទឹកដោះហូរកាន់តែងាយស្រួល ដែលធ្វើឲ្យក្មេងមិនខាំក្បាលសុដន់ឡើយ។
៤.ពិនិត្យរយៈពេលកូនបៅ មុនពេលដកក្បាលសុដន់ចេញ
នៅពេលទារកចាប់ផ្តើមបៅ អ្នកត្រូវដាក់បញ្ចូលកូនដៃនៅពីក្រោម ដើម្បីដឹងថា ទារកចាប់ផ្តើមដកមាត់ចេញពីក្បាលសុដន់ឬអត់។ ប្រសិនបើរយៈពេលដែលកូនបៅវាគ្រប់គ្រាន់ហើយ សូមកុំទុកឲ្យកូនបៀមលេងអី ត្រូវដកចុងសុដន់ចេញពីមាត់ទារកបន្តិចម្តងៗ។
៥.លាងសម្អាតចុងសុដន់ជានិច្ចរាល់ពេលបំបៅដោះរួច
ភាពស្អាត គឺចាំបាច់ណាស់ ទាំងមុននឹងក្រោយពេលទារកបៅ។ ប៉ុន្តែកុំលាងសម្អាតជាមួយសាប៊ូឲ្យសោះ ព្រោះវាអាចធ្វើឲ្យក្បាលសុដន់ស្ងួត និងប្រេះ។ អ្នកត្រូវប្រើសំឡីជ្រលក់ចូលក្នុងទឹកក្តៅឧណ្ឌៗមកជូតសម្អាតឲ្យហ្មត់ចត់។
៦.ប្រើម៉ាស៊ីនបូមទឹកដោះ ជំនួសដោយដៃ
សូមប្រើម៉ាស៊ីនបូមទឹកដោះ ជំនួសដោយការប្រើដៃវិញ វាពិតជាល្អប្រសើរសម្រាប់សុដន់របស់អ្នកម្តាយ និងការពារកុំឲ្យចុងសុដន់រងរបួស។
ការដោះស្រាយបញ្ហាអាចមិនល្អដូចការការពារនោះទេ ឧទាហរណ៍ ប្រសិនបើក្បាលសុដន់របស់អ្នកម្តាយប្រេះ កូនច្បាស់ជាបៅទឹកដោះលាយឈាមជាមិនខាន។ វាមិនត្រឹមតែអ្នកម្តាយនោះទេដែលមានការឈឺចាប់ សូម្បីតែទារកក៏អាចមានបញ្ហាសុខភាពដែរ៕