កុំឲ្យកូនញ៉ាំអាហារកែច្នៃញឹកពេក វាអាចបំផ្លាញខួរក្បាល ហើយមានបញ្ហាសុខភាពជាច្រើនទៀត

0
1

ការផ្តល់អាហារដល់កូនបានគ្រប់គ្រាន់ គឺជាការងារចាំបាច់បំផុតដែលឪពុកម្តាយទាំងឡាយត្រូវធ្វើជាប្រចាំ ប៉ុន្តែពេលខ្លះកិច្ចការរវល់ពេកពួកគេធ្វើអាហារឲ្យកូនមិនទាន់នោះទេ ដូច្នេះមានតែការផ្តល់អាហារកែច្នៃជំនួស។ ការផ្តល់អាហារបែបនេះឲ្យកូនម្តងម្កាលមិនអីនោះទេ ប៉ុន្តែប្រសិនបើការផ្តល់ញឹកញាប់វិញនោះកូនអាចប្រឈមនឹងបញ្ហាសុខភាពជាមិខាន។

ជាពិសេសការទទួលទានអាហារកែច្នៃច្រើនពេក អាចបំផ្លាញកោសិកាស្រសាទ ធ្វើឲ្យខួរក្បាលរបស់ក្មេងបញ្ឈប់ការអភិវឌ្ឍ ហើយវាក៏កាត់បន្ថយតុល្យភាពខួរក្បាលផងដែរ។ រហូតដល់ការគិតមានភាពយឺតយ៉ាវ ព្រោះនៅក្នុងអាហារកែច្នៃមានផ្ទុកសារធាតុដែលប៉ះពាល់ដល់ខួរក្បាលកុមារ គឺការអភិវឌ្ឍកោសិកាខួរក្បាលផ្ទាល់តែម្តង។

ខាងក្រោមនេះ​ គឺជាផលប៉ះពាល់ដែលបណ្តោលមកពីការទទួលទានអាហារកែច្នៃមួយចំនួន៖

១.មីកញ្ចប់អាចបង្កើនឱកាសនៃជំងឺបេះដូង

អ្នកត្រូវដឹងថា មី១កញ្ចប់ មានផ្ទុកជាតិសូដ្យូមដល់ទៅ ២០០០មីលីក្រាម ដែលធ្វើឲ្យបេះដូងមានសម្ពាធកើនឡើង ហើយបង្កើតបញ្ហាជាមួយជំងឺដាច់សរសៃឈាមខួរក្បាល។ ការបរិភោគមីកញ្ចប់មិនផ្តល់អត្ថប្រយោជន៍ដល់រាងកាយនោះទេ តែវាអាចធ្វើឲ្យរាងកាយធាត់ និងបង្កើតបញ្ហាសុខភាពជាច្រើន។

២.អាហារក្លាសេអាចបង្កើនហានិភ័យសម្ពាធឈាមឡើងខ្ពស់

ដោយសារតែអាហារក្លាសេមានរសជាតិឆ្ងាញ់ ជាមួយនឹងបរិមាណស្ករ សូដ្យូម និងខ្លាញ់ច្រើន ប្រសិនបើអ្នកឲ្យកូនញ៉ាំរយៈពេលយូរ អាចបណ្តោលឲ្យធាត់ មានបញ្ហាបេះដូង និងសម្ពាធឈាមខ្ពស់។

៣.ផ្លែឈើស្ងួតបណ្តោលឲ្យកុមារធាត់

ផ្លែឈើស្ងួត មានផ្ទុកកាឡូរី និងស្ករខ្ពស់ជាងផ្លែឈើស្រស់ទ្វេដង។ ប្រសិនបើអ្នកឲ្យកូនញ៉ាំជាប្រចាំ ការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយនឹងកើនឡើង ដែលបង្កទៅជាភាពធាត់។

ពិតជាប្រសើរណាស់ប្រសិនបើអ្នកម្តាយអាចចម្អិនអាហារថ្មីៗឲ្យកូនញ៉ាំ វានឹងធ្វើឲ្យកុមារមានសុខភាពប្រសើរឡើង។ ចំពោះអាហារកែច្នៃ អ្នកអាចផ្តល់ឲ្យកុមារបាន តែម្តងម្កាលបានហើយ ដើម្បីជៀសផុតពីបញ្ហាដូចបង្ហាញខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here