សង្កេតមើលកាយវិការទារក អាចដឹងថាពួកគេចង់បានអ្វី

0
1

ទារកតូចៗមិនអាចនិយាយស្តីបាននោះទេ បើចង់ប្រាស្រ័យទាក់ទងជាមួយអ្នក ឬបង្ហាញពីអារម្មណ៍ថាពួកគេត្រូវការអ្វី គឺមានតែការបញ្ចេញកាយវិការប៉ុណ្ណោះ។ វាអាចមានការលំបាកបន្តិចសម្រាប់ឪពុកម្តាយថ្មោងថ្មីក្នុងសង្កេតមើលកាយវិការរបស់កូន ប៉ុន្តែដើម្បីបំពេញតម្រូវការរបស់កូនបានត្រឹមត្រូវ អ្នកត្រូវតែខំស្វែងយល់។

ខាងក្រោមនេះ គឺជាភាសាកាយវិការមួយចំនួនរបស់ទារកដែលចង់ឲ្យអ្នកជួយរឿងអ្វីមួយ៖

១.ធធាត់ជើង

សូមសង្កេតមើល ប្រសិនបើទារកធធាត់ជើងញឹកញាប់ ហើយញញឹម មានន័យថាពួកគេចង់ប្រលែងលេង។ តែប្រសិនបើកូនធធាត់ជើងញឹក ហើយយំវិញនោះ បានន័យថាពួកគេខឹង ដោយសារតែមានការរំខានមួយចំនួន អាចជាកន្ទបសើម ឬការឃ្លានជាដើម។ នៅពេលដែលអ្នកបំពេញតម្រូវការដែលពួកគេចង់បាន ពួកគេនឹងឈប់យំភ្លាម។

២.លេងត្រចៀកខ្លួនឯង

កុមារជាច្រើនមានទំនោរទាញត្រចៀក ឬកាន់ត្រចៀកខ្លួនឯងលេង។ អ្នកជំនាញចិត្តសាស្ត្របានណែនាំថា វាជារឿងធម្មជាតិសម្រាប់ការលួងលោងខ្លួនឯងឲ្យមានអារម្មណ៍ធូរស្រាលពីរឿងធុញធ្រាន់។ ប្រសិនបើអ្នកឃើញថា កូនមានទម្លាប់លេងត្រចៀកញឹកញាប់ សូមព្យាយាមរកសកម្មភាពផ្សេងទៀត ដែលបង្វែរអារម្មណ៍ពួកគេឲ្យល្អប្រសើរឡើងវិញ។

៣.ក្តាប់ដៃ

តាមពិតការក្តាប់ដៃ អាចរកឃើញតាំងពីទារកទើបនឹងកើតមកម្ល៉េះ។ វាជាកាយវិការធម្មជាតិ ពីព្រោះក្នុងអំឡុងពេលចាប់កំណើតដំបូងទារកនៅមិនអាចធ្វើចលនាដៃ និងម្រាមបានល្អទេ។ ដោយសារតែពួកគេនៅមានការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលច្រើនទៀត។ ពួកគេចាប់ផ្តើមលាបាតដៃតាំងពីអាយុ ៨សប្តាហ៍ ហើយចាប់ផ្តើមចេះចាប់កាន់របស់របរក្នុងរយៈពេល ៣ខែ។ ប៉ុន្តែប្រសិនបើក្មេងអាយុច្រើនខែកាន់របស់របរយ៉ាងណែន មានន័យថាពួកគេចាប់ផ្តើមមានភាពតានតឹង និងឃ្លាន។ ជារឿយៗភាពតានតឹងដែលកើតឡើងចំពោះទារកអាយុ ៣ខែ គឺជាសញ្ញាគ្រោះថ្នាក់ ដែលគួរប្រញាប់រកការព្យាបាលជាបន្ទាន់។

៤.ពត់ខ្លួនទៅក្រោយ

អាកប្បកិរិយានេះ គឺជាការបង្ហាញពីភាពឆាប់ខឹង ប៉ុន្តែអ្នកត្រូវសង្កេតមើលថាតើកូនរបស់អ្នកមានច្រាល់ជាតិអាស៊ីតក្នុងក្រពះឬអត់? ជាពិសេសនៅពេលកូនបំបៅដោះ កុំបង្ខំពួកគេឲ្យសោះ។ ប្រសិនបើកំពុងបៅ ទារកខ្ជាក់ទឹកដោះ យំ និងពត់ខ្លួន សូមឈប់ការបំបៅភ្លាម និងលួងលោងឲ្យពួកគេត្រជាក់ចិត្ត។ បន្ទាប់សូមប្រញាប់នាំពួកគេទៅមន្ទីរពេទ្យភ្លាម។

ឪពុកម្តាយគួរតែរៀបសង្កេតមើលអាកាប្បកិរិយាប្រចាំថ្ងៃរបស់កូន ដើម្បីដោះស្រាយបញ្ហា ឬបំពេញតម្រូវការផ្សេងដែលទារកចង់បាន។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើរឿងតូចតាចទាំងនេះ ក្មេងនឹងមានភាពរីករាយ ហើយទទួលបានសុខភាពល្អថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here